ខេត្តស្ទឹងត្រែង ៖ អ្នកភូមិដែលរស់នៅតាមបណ្តោយខ្សែទឹកខាងក្រោម នៃទំនប់វារីអគ្គិសនីដនសាហុងប្រទេសឡាវដែលនៅផ្នែកខាងលើ មិនអាចប្រែក្លាយស្ថានភាពទឹកទន្លេ ឱ្យវិលត្រឡប់ដូចដើមវិញនោះឡើយ ក្នុងគ្រាដែលទំនប់វារីអគ្គិសនីដនសាហុងមានកម្លាំងថាមពល២៦០មេហ្គាវ៉ាត់កំពុងដំណើរការ ស្ទើរតែ៩០ភាគរយទៅហើយនោះ ។ មានការរំពឹងទុកនៅពេលដ៏ខ្លីខាងមុខនេះ ខណៈទំនប់ដនសាហុងដែលនៅចម្ងាយប្រមាណជាង១គីឡូម៉ែត្រពីព្រំដែនកម្ពុជា នឹងបញ្ចេញថាមពលឱ្យប្រើប្រាស់ជាផ្លូវការ គ្រានោះគេនឹងដឹងថា វានឹងអាចជះឥទ្ធិពលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរយ៉ាងណា ។
ប្រភពសក្តានុពលធនធានធម្មជាតិនៅខ្សែទឹកខាងក្រោមទំនប់ដនសាហុង ជាទន្លេមេគង្គដែលមានខ្សែទឹកហូរកាត់ពីប្រទេសចិន ថៃ ឡាវ កម្ពុជា និងវៀតណាម ។ នៅក្រោមទំនប់ដនសាហុងមានប្រទេសដែលជាប់ព្រំប្រទល់ គឺប្រទេសកម្ពុជាដែលបច្ចុប្បន្នមានសក្តានុពលផ្នែកទេសចរណ៍ដូចជា សត្វផ្សោតទឹកសាបទន្លេមេគង្គ ជាប្រភេទសត្វកម្រលើពិភពលោក និងតំបន់ព្រៃរាមសារចម្ងាយ៣៧គីឡូម៉ែត្រ គ្របដណ្តប់លើភូមិចំនួន២១ ឃុំចំនួន៣ សង្កាត់១ ក្នុងស្រុកថាឡាបរិវ៉ាត់ និងក្រុងស្ទឹងត្រែងដែលមានប្រភេទសត្វស្លាបនិងពពួកត្រីមេពូជសំខាន់ធំៗដែលរស់នៅតាមអន្លង់ជ្រៅអាចទទួលរងមហន្តរាយ ។
ប្រជាពលរដ្ឋរស់នៅតំនប់នោះ៨០ភាគរយ ពឹងផ្អែកលើការធ្វើស្រែ ១៥ភាគរយពឹងផ្អែកលើការនេសាទ និង១៥ភាគរយពឹងផ្អែកទៅលើតំបន់ទេសចរណ៍ ។ នេះបើតាមការឱ្យដឹងពីលោក សួស ច័ន្ទផល ជំទប់ទី២ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ។ លោកបានបញ្ជាក់ថា នៅក្នុងឃុំព្រះរំកិលមានភូមិចំនួន៨ នៅលើដីកោះចំនួន៣ភូមិ និងត្រើយទន្លេចំនួន៥ភូមិ ពួកគាត់បានពឹងផ្អែក និងប្រើប្រាស់ទឹកទន្លេសម្រាប់ទ្រទ្រង់ការរស់ប្រចាំថ្ងៃ ដូចជាការដាំស្លរធ្វើជាអាហារនិងប្រើប្រាស់ផ្សេងៗ តែពេលនេះពួកគាត់ទទួលទានទឹកបរិសុទ្ធជំនួសការបរិភោគទឹកទន្លេទៅហើយ សូម្បីផ្សោតក៏ពិបាករស់នៅដែរ ព្រោះទឹកចាប់ផ្តើមកករល្អក់ខុសពីឆ្នាំមុនៗ ។
ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានត្អូញត្អែរអំពីកង្វះទឹកស្អាត សម្រាប់ប្រើប្រាស់ដោយសារតែការប្រែប្រួលពីបរិស្ថានធម្មជាតិ ព្រោះទឹកទៅជាល្អក់កង្វះអនាម័យ ។ ពួកគាត់បន្តថា រាប់សិបឆ្នាំកន្លងមក ប្រជាពលរដ្ឋនៅតាមដងទន្លេតែងប្រើប្រាស់ទឹកទន្លេជាប្រចាំជាលក្ខណៈធម្មតា តែខណៈទំនប់ដនសាហុង ចាប់ផ្តើមដំណើរការសាងសង់ ពួកគាត់ជួបផលប៉ះពាល់អំពីការប្រើប្រាស់ទឹកទន្លេ ដោយសារការបំផ្ទុះគ្រាប់ក្នុងបាតទន្លេ ហូរចុះមកខ្សែទឹកខាងក្រោម ។
រយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រជាពលរដ្ឋហាក់បីដូចជាសម្របខ្លួនទៅនឹងបរិយាកាសនោះដែរ តែមិនទាន់ប្រាកដថា នឹងអាចជះឥទ្ធិពលយ៉ាងណាក្រោមទំនប់ ត្រូវបិទខ្សែទឹកហូរដើម្បីទាញយកថាមពលនោះ ។
ប្រជានេសាទនៅខ្សែទឹកទន្លេមេគង្គខាងក្រោម បានត្អូញត្អែដែរថា ពេលដែលគេចាប់ផ្តើមធ្វើទំនប់វ៉ារីអគ្គិសនី ទិន្នផលត្រីមានការធ្លាក់ចុះខ្លាំង ហើយត្រីពុំសូវធំធាត់នោះទេ ដោយសារទឹកប្រែជាល្អក់ខុសពីធម្មជាតិ ។ ប្រជានេសាទដដែលបន្តថា បើកាលណាទឹកល្អក់ ពពួកត្រីតូចធំវាមិនអាចរស់នៅឡើយ ដូច្នេះមានតែការសម្របខ្លួនទៅតាមធម្មជាតិនោះដែរ ។
លោក ដន បាន់ ប្រធានភូមិព្រះរំកិលនិងជាអនុប្រធានសហគមន៍អេកូទេសចរណ៍ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់បានលើកឡើងថា យើងមិនអាចហាមឃាត់គេឱ្យបញ្ឈប់ដំណើរការសាងសង់នោះបានឡើយ ព្រោះជាសិទ្ធិរបស់គេ ហើយការសាងសង់ទំនប់ដនសាហុងនោះ គឺនៅលើទឹកដីនៃប្រទេសរបស់គេ ដូច្នេះជម្រើសតែមួយគត់សម្រាប់ប្រជាពលរដ្ឋនៅខ្សែទឹកខាងក្រោមមានតែការសម្របខ្លួនប៉ុណ្ណោះ ។ លោកបញ្ជាក់បន្តថាការខ្វាយខ្វល់របស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន និងទៅអនាគតគឺប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ ។ ទន្ទឹមនេះដែរពួកគាត់បានសំណូមពរដល់រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមន្ទីរអង្គភាពពាក់ព័ន្ធ មេត្តាជួយរកប្រភពទឹកស្អាតដើម្បីបញ្ជៀសពីការប្រើប្រាស់ទឹកល្អក់ដែលបង្កបញ្ហាដល់សុខភាព ។
ប្រជាពលរដ្ឋនៅតំបន់ខ្សែទឹកខាងក្រោម នៃទំនប់ដនសាហុងបានថ្លែងថា បច្ចុប្បន្នពុំមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ដោយសារប្រើប្រាស់ទឹកទន្លេនោះនៅឡើយទេ តែវត្តមានទឹកទៅជាល្អក់ កំពុងផ្លាស់ប្តូរការវិវត្តនៃជីវៈចម្រុះពីល្អប្រសើរទៅរកភាពវិនាសអន្តរាយដោយចៀសមិនផុតឡើយ ៕
ចែករំលែកព័តមាននេះ