ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​5​ខែ កាំកុងត្រូល​ខេត្ត​កម្ទេចទំនិញ​ខូចគុណភាព​ជិត​700​គ​.​ក្រ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ដោយ​ផ្អែក​លើ​របាយការណ៍​ថា ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៨​នេះ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​តាម​ទីផ្សារ​បាន​ចំនួន​១២​លើក និង​កម្ទេច​ទំនិញ​ខូចគុណភាព​បាន​៦៩៣​គីឡូក្រាម ។ លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ដោយ​ផ្អែក​លើ​របាយការណ៍​ថា ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៨​នេះ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​តាម​ទីផ្សារ​បាន​ចំនួន​១២​លើក និង​កម្ទេច​ទំនិញ​ខូចគុណភាព​បាន​៦៩៣​គីឡូក្រាម ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ពង្រឹង​ការងារ ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​៧ មិថុនា ថា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ទីផ្សារ និង​ស្តង់​លក់ដូរ ដោយ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព ដែល​ត្រូវ​ដកហូត​ទៅ​កម្ទេច​ចោល​មាន​ចំនួន​សរុប​៦៩៣​គីឡូក្រាម​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ព្រមទាំង​ទំនិញ​ហួស​កាលបរិច្ឆេទ​ចំនួន​២.៨០៨​គីឡូក្រាម ។

លោក​បាន​បញ្ជាក់​ថា ៖« ទំនិញ​ដែល​ដកហូត​បាន​នោះ មាន​ទំនិញ​ខូចគុណភាព និង​មិន​ប្រក្រតី​សរុប​៣.៥០១​គីឡូក្រាម ។ ដោយឡែក ការ​វិភាគ​រកសារ​ធាតុគីមី​ពុល​សំណល់​ថ្នាំ​កសិកម្ម​នៅ​មន្ទីរពិសោធន៍​ខ្នាត​តូច​បាន​ចំនួន​៥៩​គំរូ ក្នុង​នោះ​មាន​ប្រភេទ​បន្លែ​៤៥​គំរូ និង​ផ្លែ​ឈើ​១៤​គំរូ ព្រមទាំង​បាន​ណែនាំ​អាជីវករ​ធ្វើ​អាជីវកម្ម​បិទ​តម្លៃ​លើ​មុខទំនិញ និង​សេវាកម្ម​គ្រប់​ប្រភេទ​ជា​ប្រាក់​រៀល » ។
លោក​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​ចុះ​ធ្វើ​ជា​ប្រចាំ ដើម្បី​ពិនិត្យ​រក​ទំនិញ​ដែល​មាន​សារធាតុ​គីមី ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​។ នេះ​ជា​ការ​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​បងប្អូន​ប្រជាពលរដ្ឋ ហើយ​មន្ត្រី​ជំនាញ​កំពុង​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ផង​ដែរ ។

លោក​ថា ៖« នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​នោះ មន្ត្រី​កាំ​កុង​ត្រូវ​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​លក់ដូរ​ទំនិញ​គ្មាន​សារធាតុ​គីមី ដែល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​កម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​រួម​គ្នា​ទប់ស្កាត់​រាល់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មាន​សារធាតុ​គីមី និង​ខូចគុណភាព » ។

ក្នុង​ឱកាស​នោះ​ដែរ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​សហការ​ជាមួយ​សាខា​កាំកុងត្រូល​ខេត្ត និង​សមត្ថកិច្ច​ជំនាញ ចុះ​ពិនិត្យ​ទំនិញ​តាម​ទីផ្សារ​ជា​ប្រចាំ និង​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ឲ្យ​បាន និង​ណែនាំ​ដល់​អាជីវករ​ដែល​ធ្វើ​អាជីវកម្ម​ចំណីអាហារ​មិន​ឲ្យ​មាន​សារធាតុ​គីមី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ