ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​វៀតណាម​ឡើងថ្លៃ ឈ្នួ​ញ​ងាក​មក​នាំ​ចូល​ពី​ថៃ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ជាង​១​ឆ្នាំ​មុន​នេះ ឈ្មួញ​បាន​នាំ​ចូល​ជ្រូករ​ស់ទាំង​ស្របច្បាប់ និង​ខុសច្បាប់​រាប់​ពាន់​ក្បាល​ក្នុង​១​ថ្ងៃ​ៗ​ពី​ប្រទេស​វៀតណាម​មក​ផ្គត់ផ្គង់ ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ចុះ​យ៉ាង​គំហុក និង​បង្ខំ​ឲ្យ​អ្នក​ចិញ្ចឹម​មួយ​ចំនួន​បោះបង់​ចោល​របរ​នេះ​ចោល​។ ប៉ុន្តែ​បច្ចុប្បន្ន ឈ្មួញ​បាន​បង្វែរ​មក​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ ដោយសារ​កត្តាចាំបាច់​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ កាលពី​ជាង​១​ឆ្នាំ​មុន​នេះ ឈ្មួញ​បាន​នាំ​ចូល​ជ្រូករ​ស់ទាំង​ស្របច្បាប់ និង​ខុសច្បាប់​រាប់​ពាន់​ក្បាល​ក្នុង​១​ថ្ងៃ​ៗ​ពី​ប្រទេស​វៀតណាម​មក​ផ្គត់ផ្គង់ ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ចុះ​យ៉ាង​គំហុក និង​បង្ខំ​ឲ្យ​អ្នក​ចិញ្ចឹម​មួយ​ចំនួន​បោះបង់​ចោល​របរ​នេះ​ចោល​។ ប៉ុន្តែ​បច្ចុប្បន្ន ឈ្មួញ​បាន​បង្វែរ​មក​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ ដោយសារ​កត្តាចាំបាច់​មួយ​ចំនួន ស្រប​ពេល​តម្លៃ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

បើ​តាម​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១០ មិថុនា ថា មូលហេតុ​ដែល​ឈ្មួញ​បញ្ឈប់​ការ​នាំ​ចូល​ពី​វៀតណាម ដោយសារ​តម្លៃ​ជ្រូក​រស់នៅ​ក្នុង​ប្រទេស​វៀត​នេះ​ឡើងថ្លៃ​ខ្ពស់ ធើ្វ​ឲ្យ​ពួក​គេ​មិន​អាច​ចំណេញ ។ លោក​ថា ៖« សព្វ​ថ្ងៃនេះ តម្លៃ​ជ្រូក​រស់នៅ​ប្រទេស​វៀតណាម​បាន​ឡើង​ខ្ពស់​ណាស់ មិន​អាច​ឲ្យ​ឈ្មួញ​បន្ត​នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​បាន​ទេ​។ ដូចនេះ ពួក​គេ​បាន​បង្វែរ​ទៅ​នាំ​ពី​ប្រទេស​ថៃ​ចូល​មក​ផ្គត់ផ្គង់​វិញ »​។

លោក​បន្ត​ថា នៅ​ពេល​ជ្រូក​វៀតណាម​ឡើងថ្លៃ​ខ្ពស់​បែប​នេះ ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​រស់នៅ​លើ​ទីផ្សារ​កម្ពុជា​ឡើង​ខ្ពស់​ដែរ ។ ជាក់ស្ដែង នៅ​លើ​ទីផ្សារ​កម្ពុជា​អាច​មាន​តម្លៃ​រហូត​ដល់​៩.៥០០​រៀល ហើយ​ទាប​បំផុត​ត្រឹម​៨.៥០០​រៀល​ដែរ​ក្នុង​១​គីឡូក្រាម ។ ការ​ឡើងថ្លៃ​បែប​នេះ បាន​ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​មួយ​ចំនួន ដែល​ទ្រាំ​បន្ត​ចិញ្ចឹម​កាលពី​ជ្រូក​ធ្លាក់​ថ្លៃ​ខ្លាំង គាត់​សប្បាយ​រីករាយ​នឹង​ទទួលយក​តម្លៃ​ជ្រូក​នា​ពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​បាន​បោះបង់​ចោលការ​ចិញ្ចឹម​នោះ កំពុង​តែ​ស្ដាយ និង​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាប់​អាជីវកម្ម​នេះ​ឡើង​វិញ ។

លោក​ថា ៖« ឃើញ​វា​ឡើងថ្លៃ​បែប​នេះ មិន​ប្រាកដ​ថា នៅ​ថ្ងៃ​ខាង​មុខ​ឡើងថ្លៃ​រហូត​ទេ វា​អាច​នឹង​ធ្លាក់​ថ្លៃ​វិញ នៅ​ពេល​ជ្រូក​វៀតណាម​ធ្លាក់​ថ្លៃ​ដែរ » ។
លោក ស្រ៊ុ​ន ពៅ បន្ត​ទៀត​ថា បើ​ទោះបីជា​បច្ចុប្បន្ន​នេះ តម្លៃ​ជ្រូក​រស់នៅ​កម្ពុជា​បាន​ឡើង​ខ្ពស់​ក្តី តែ​ទីផ្សារ​នេះ​មិន​ទាន់​ដឹង​ថា វា​មាន​ស្ថិរភាព​នឹងនរ​បាន​យូរ​ប៉ុនណា​ទេ ពីព្រោះ​ទីផ្សារ​ជ្រូក​រស់​ក្នុងស្រុក​គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​តម្លៃ​ទីផ្សារ​ក្រៅប្រទេស​ដូច​ជា វៀតណាម និង​ថៃ ។ លោក​ថា ៖« ខណៈ​តម្លៃ​ជ្រូក​ឡើង​ខ្ពស់​បែប​នេះ បច្ចុប្បន្ន ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ស្ទើរតែ​លែង​មាន​ហើយ គឺ​នៅ​មាន​គេចពន្ធ​មួយ​ៗ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ពី​ប្រទេស​ថៃ​មាន​បរិមាណ​ច្រើន​។ ជាក់ស្ដែង សព្វ​ថ្ងៃនេះ ការ​នាំ​ចូល​ពី​ប្រទេស​ក្រៅ​មក​ផ្គត់ផ្គង់ មាន​បរិមាណ​ប្រមាណ​៣០​ទៅ​៤០%​នៃ​តម្រូវការ​ក្នុងស្រុក ។ អីចឹង បើសិនជា​ទីផ្សារ​ខាងក្រៅ​មាន​បញ្ហា ទីផ្សារ​ខាងក្នុង​ក៏​មាន​បញ្ហា​ដែរ » ។

លោក​បន្ថែម​ថា តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​ខ្មែរ​បច្ចុប្បន្ន អ្នក​ចិញ្ចឹម​ទទួល​បាន​កម្រិត​មួយ​ល្អ​ណាស់​ហើយ ព្រោះ​កន្លង​មក ពួក​គាត់​សុំ​ត្រឹមតែ​៨.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម តែ​វា​បាន​ឡើង​ដល់​លើស​ហ្នឹង ដូចនេះ អ្នក​ណា​ៗ​ក៏​សប្បាយចិត្ត​ដែរ ។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ការ​ចិញ្ចឹម​ក្នុងស្រុក​នៅ​មាន​តិចតួច បើសិនជា​ថៃ​ឈប់​ឲ្យ​នាំ​ចូល​ដែរ​នោះ ជ្រូក​ក្នុងស្រុក​អាច​ឡើងថ្លៃ​ខ្ពស់​ដល់​២​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម ហើយ​ពេល​នោះ ក៏​ជា​បញ្ហា​ដែរ ។

លោក ស៊ុន ឡាយ អ្នក​ចាប់​ជ្រូក​ផ្គត់ផ្គង់​តាម​កុងស៊ី និង​ជា​អ្នក​ចិញ្ចឹម​ជ្រូក​មួយ​ដែរ​នោះ បាន​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​កន្លង​មក អ្នក​ចិញ្ចឹម​ជ្រូក​បាន​បោះបង់​ចោល​របរ​នេះ នៅ​ពេល​បច្ចុប្បន្ន ពួក​គាត់​មិនសូវ​មាន​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ទេ បើ​ទោះបីជា​ជ្រូក​ឡើងថ្លៃ​ក៏​ដោយ ។ លោក​ថា ៖
« បើសិនជា​តម្លៃ​នេះ​នៅ​ថេរ​បាន​យូរ ខ្ញុំ​ជឿ​ថា នៅ​ពេល​ខាង​មុខ កសិករ​នឹង​បង្កើន​ការ​ចិញ្ចឹម​បាន​ច្រើន ហើយ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​ក៏​ច្រើន​ដែរ » ។

លោក​បន្ត​ថា កាលពីមុន ជ្រូក​ធ្លាក់​ថ្លៃ​ខ្លាំង ម្ចាស់​កសិដ្ឋាន​ដែល​ផ្គត់ផ្គង់​កូនជ្រូក ក៏​បាន​លក់​ទាំង​មេ​ជ្រូក​ក្នុង​តម្លៃ​ថោក​ឲ្យ​ទៅ​កុងស៊ី ព្រោះតែ​គ្មាន​អ្នក​ណា​ត្រូវការ​កូនជ្រូក​យក​ទៅ​ចិញ្ចឹម ប៉ុន្តែ​បច្ចុប្បន្ន មាន​ម្ចាស់​កសិដ្ឋាន​មួយ​ចំនួន​បាន​បង្កាត់​ពូជ​ជ្រូក​យក​កូន​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ទៅ​កសិករ និង​ម្ចាស់​កសិដ្ឋាន​ផ្សេង​ទៀត​សម្រាប់​ចិញ្ចឹម​ជ្រូក​យក​សាច់​លក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ