ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ល H ជា​ពូ​លម​រណៈ​ដែល​សម្បូរ​ក្រុម​ខ្លាំង​ៗ​បើ​ប្រហែស​អាច​ទឹកភ្នែក

5 ឆ្នាំ មុន

ការ​ប្រកួត World Cup ២០១៨ នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា​ឆ្នាំ​២០១៨​ នេះ…

ការ​ប្រកួត World Cup ២០១៨ នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា​ឆ្នាំ​២០១៨​ នេះ ។ ទន្ទឹម​នឹង​នេះ ក្រុមការងារ​កីឡា​នៃ​សារព័ត៌មាន​កោះសន្តិភាព​យើង ក៏​បាន​វិភាគ​រួច​មក​ហើយ​ដែរ​នូវ​សមត្ថភាព​ក្រុម​ទាំង​២៨ នៅ​ក្នុង​៧​ពូ​ល​ផ្សេង​ៗ​គ្នា ។ សម្រាប់​ពូ​ល H ដែល​យើង​នឹង​លើកយក​មក​វិភាគ​បន្ត​នេះ​មាន​ក្រុម​កូ​ឡុំ​ប៊ី (​អា​មេ​រិ​ក​ខាងត្បូង​), ប៉ូ​ឡូញ (​អឺរ៉ុប​), ជប៉ុន (​អាស៊ី​) និង​សេ​ណេ​ហ្គា​ល់ (​អាហ្វ្រិក​) ។

១-​កូ​ឡុំ​ប៊ី

កូ​ឡុំ​ប៊ី​គឺ​ក្រុម​ខ្លាំង​មួយ​នៅ​អា​មេ​រិ​ក​ខាងត្បូង ដែល​តែងតែ​គំរាមកំហែង​ដល់​ក្រុម​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗដោយសារ​ពួក​គេ​មាន​ទម្រង់​លេង​រឹង​មាំ​ទាំង​ការ​ការពារ និង​ប្រយុទ្ធ ។ បើ​និយាយ​ពី​វត្ត​មាននៅ World Cup ពួក​គេ​ធ្លាប់​បាន​ចូល​លេង​៥​លើក​មក​ហើយ ។ ចំពោះ​ការ​បង្ហាញខ្លួន​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១៤ កូ​ឡុំ​ប៊ី​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម ខណៈ​វត្តមាន​មុន​ៗ​ពួក​គេ​ធ្វើ​ពុំ​បាន​ល្អ​នោះ​ទេ ។ ក្នុង​៥​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ World Cup កន្លង​ទៅ ក្រុម​គីឡូ​ធ្ងន់​មួយ​នេះ​ធ្វើ​មិន​បាន​ល្អ​ទាល់តែ​សោះ ពោល​គឺ​ឈ្នះ​១ ស្មើ​៣ និង​ចាញ់​១ ។

២-​ប៉ូ​ឡូញ

នេះ​ជា​លើក​ទី​៨​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប៉ូ​ឡូញ ដែល​បាន​បង្ហាញខ្លួន​នៅ World Cup ។ ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីបអឺរ៉ុប​មួយ​នេះ ធ្លាប់​មាន​វាសនា​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពីរ​លើក​ឆ្នាំ​១៩៧៤ និង​១៩៨២ តែ​ត្រូវ​ហាលអាវ​វិញ​ទាំង​ពីរ​លើក ។ ចំពោះ​វត្តមាន​២​រដូវ​កាល​ចុង​ក្រោយ​ឆ្នាំ​២០០២ និង​២០០៦ ពួក​គេ​មិន​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​លនោះ​ទេ ។ ចាំ​មើល ថា​តើ​រដូវ​កាល​ថ្មី​នេះ ប៉ូ​ឡូញ​អាច​ធ្វើ​ល្អ​បាន​ប៉ុនណា? គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​៥​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ World Cup កន្លង​មក ពួក​គេ​ចាញ់​តែ​ម្តង​ប៉ុណ្ណោះ និង​ឈ្នះ​៤ ។

៣-​ជប៉ុន

ជប៉ុន​ជា​ក្រុម​ជម្រើសជាតិ​ខ្លាំងមួយ​នៅ​អាស៊ី​ដែល​បាន​ចូលរួម​ប្រ​កូត​ក្នុង​ព្រឹត្តិការណ៍​World Cup នេះ​តាំងពី​ឆ្នាំ​១៩៥៤​មក​ម៉្លេះ ​។ វត្តមាន​រដូវ​កាល​នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​៦​ក្នុង​ប្រវត្តិ​សាស្ត្រ ប៉ុន្តែ​៥​លើក​កន្លង​មក​ជប៉ុន​បាន​ឡើង​ដល់​វគ្គ​១៦​ក្រុម​តែ​ពីរ​លើក​ប៉ុណ្ណោះ​អំឡុង​ឆ្នាំ​២០០២ ​ពេល​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​ជាមួយ​កូរ៉េ​ខាងត្បូង និង​ឆ្នាំ​២០១០ ខណៈ​៣​លើក​ផ្សេង​ទៀត​ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​ចែកពូ​ល​។ យ៉ាងណាមិញ ស្ថិត​ក្នុង​ពូ​ល H វគ្គ​ចែក​ពូ​ល​នេះ ជប៉ុន​អាច​នឹង​បំបែក​កំណត់​ត្រា​អាក្រក់​របស់​ខ្លួន​បាន បន្ទាប់​ពី​ចាញ់​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​៥​ប្រកួត​ជម្រុះ World Cup កន្លង​ទៅ ដោយ​ឈ្នះ​៣ និង​ស្មើ​១ ។

៤-​សេ​ណេ​ហ្គា​ល់

សេ​ណេ​ហ្គា​ល់​ទើបតែ​ចូល World Cup បាន​ពីរ​ដង​ទាំង​លើក​នេះប៉ុណ្ណោះ ហើយ​ការ​បង្ហាញខ្លួន​លើក​ទី​១​កាលពី​ឆ្នាំ​២០០២ ពួក​គេ​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ។ ក្រុម​មក​ពី​ទ្វីបអាហ្វ្រិក​មួយ​នេះ ហាក់​រីក​ចម្រើន គួរ​ឱ្យ​កត់សម្គាល់ ជាមួយនឹង​ទម្រង់​លេង​ប្លែក​ជាង​មុន ខណៈ​កីឡាករ​ក៏​សុទ្ធតែ​ឆ្នើម ។ ទន្ទឹម​នឹង​នេះ ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​ក្នុង​វគ្គ​ជម្រុះ​កន្លង​មក សេ​ណេ​ហ្គា​ល់​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ ពោល​គឺ​ឈ្នះ​៣ និង​ស្មើ​២ ។

​វិភាគ ៖ នៅ​ក្នុង​ពូ​ល​ចុង​ក្រោយ​គេ​នេះ ក្រុម​ទាំង​៤​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ដែល​យើង​អាច​ចាត់​ទុក​ថា​ជា​ពូ​ល​តឹងតែង​មួយ​នៅ​វគ្គ​ចែក​ពូ​ល ។ យ៉ាងណាមិញ បើ​តាម​បទ​ពិសោធន៍​ប្រកួត​នៅ​ព្រឹត្តិការណ៍​ធំ​ៗ កូ​ឡុំ​ប៊ី និង​ប៉ូ​ឡូញ មាន​ច្រើន​ជាង​ក្រុម​ពីរ​ផ្សេង​ទៀត ។

ម្យ៉ាងទៀត​មិន​ថា កីឡាករ ឬ​គ្រូបង្វឹក ក៏​សុទ្ធតែ​ពោរពេញ​ទៅ​ដោយ​បច្ចេកទេស​ជោកជាំ​ក្នុង​អាជីព ខណៈ​ជប៉ុន​និង​សេ​ណេ​ហ្គា​ល់ មាន​តារា​ឆ្នើម និង​លេចធ្លោ​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​អាច​ពឹងផ្អែក​បាន ។ ទោះបី​យ៉ាងណា មិន​មាន​អ្នក​ណា​អាច​ទាយ​ត្រូវ​មុន​ដែរ ព្រោះ​បាល់​គឺ​មូល ហើយ​បច្ចេក​ទេស និង​ប្រព័ន្ធ​លេង​គឺ​ខុស​ៗ​គ្នា ។ យ៉ាងណា​ក៏​ដោយ យើង​នៅ​តែ​គិត​ថា ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​វគ្គ​បន្ត​នៅ​តែ​ជា​កូ​ឡុំ​ប៊ី និង​ប៉ូ​ឡូញ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ