ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2018 ៖ វិភាគ​ក្រុម​នៅ​ក្នុង​ពូ​ល​G​ដែល​រំពឹង​បាន​ឡើង​ទៅ​លេង​វគ្គ​បន្ត

5 ឆ្នាំ មុន

រហូត​មក​ទល់​ពេល​នេះ ក្រុមការងារ​កីឡា​នៃ​សារព័ត៌មាន​កោះសន្តិភាព​យើង បាន​ធ្វើការ​វិភាគ​៦​ពូ​ល​រួច​មក​ហើយ នៅឡើយ​តែ​២​ពូ​ល​ចុង​ក្រោយ​ទៀត​ប៉ុណ្ណោះ ។ ចំណែក​ការ​វិភាគ​បន្ទាប់​នេះ យើ​ង​សូម​លើកយក​ពូ​ល G ដែល​មាន​ក្រុម​បែ​ល​ហ្ស៊ិ​ក និង​អង់គ្លេស…

រហូត​មក​ទល់​ពេល​នេះ ក្រុមការងារ​កីឡា​នៃ​សារព័ត៌មាន​កោះសន្តិភាព​យើង បាន​ធ្វើការ​វិភាគ​៦​ពូ​ល​រួច​មក​ហើយ នៅឡើយ​តែ​២​ពូ​ល​ចុង​ក្រោយ​ទៀត​ប៉ុណ្ណោះ ។ ចំណែក​ការ​វិភាគ​បន្ទាប់​នេះ យើ​ង​សូម​លើកយក​ពូ​ល G ដែល​មាន​ក្រុម​បែ​ល​ហ្ស៊ិ​ក និង​អង់គ្លេស មក​ពី​ទ្វីបអឺរ៉ុប ទុ​យ​នី​​ស៊ី​ មក​ពី​ទ្វីបអាហ្វ្រិក និង​ប៉ា​ណា​ម៉ា​មក​ពី​ទ្វីបអាមេរិក​ខាងជើង ។

១-​បែ​ល​ហ្ស៊ិ​ក

បើ​និយាយ​ពី​ការ​ប្រឡូក​ក្នុង​ព្រឹត្តិការណ៍ World Cup បែ​ល​ហ្ស៊ិ​ក​ជា​ប្រទេស​មានបទពិសោធន៍​ជោកជាំ​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ក្នុង​ទ្វីបអឺរ៉ុប ។ ពួក​គេ​បាន​ចូលរួម​ប្រកួត​ចាប់តាំងពី​ព្រឹត្តិ​ការណ៍​នេះបង្កើត​ឡើង​មក​ម៉្លេះ ។ ចំណែក​រដូវ​កាល​ថ្មី​នេះគឺជា​ការ​បង្ហាញខ្លួន​លើក​ទី​១៣​ក្នុង​ប្រវត្តិ​សាស្ត្រ ខណៈ​វត្តមាន​ចុង​ក្រោយ​កាលពី​រដូវ​កាល​២០១៤ បែ​ល​ហ្ស៊ិ​កបាន​ឡើង​ដល់​វគ្គ​៨​ក្រុម ។ កំណត់​ត្រា​ល្អ​បំផុត​នៅ World Cup ពួក​គេ​ធ្លាប់​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​ម្តង​កាលពី​ឆ្នាំ​១៩៨៦ ។

បច្ចុប្បន្ន បែ​ល​ហ្ស៊ិ​ក​សំបូរ​ទៅ​ដោយ​កីឡាករ​ឆ្នើម​ច្រើន​រូប ដែល​កំពុង​បញ្ចេញ​សមត្ថភាព​នៅ​ក្លិប​ធំ​ៗ​ក្នុង​ទ្វីបអឺរ៉ុប ។ ជាក់ស្តែង Lukaku, De Bruyne, Hazard និង Fellaini សុទ្ធតែ​ជា​តួអង្គ​សំខាន់​​ជួយ​ដឹកនាំ​នាវា​ក្រុម​ជម្រើសជាតិ​ឱ្យ​ឆ្ពោះទៅ​មុខ ។ អ្វី​ដែល​ធ្វើ​ឱ្យ​បែ​ល​ហ្ស៊ិ​ក​រឹតតែ​ក្លាយជា​ក្រុម​គួរ​ឱ្យ​ខ្លាច​នោះ គឺ​លទ្ធផល​៥​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ​បឋម ពួក​គេ​មិន​ទាន់​ចាញ់​ម្តង​ឡើយ​ដោយ​ឈ្នះ​ទាំង​៥​ប្រកួត ។

២-​អង់គ្លេស

អង់គ្លេស​ដែល​មាន​រហស្សនាម​ថា «តោ​កំណាច» ហាក់​ចេញពី​ទំព័រ​ក្រុម​ជម្រើសជាតិ​ឆ្នើម​បាត់​ទៅ​ហើយ ដោយសារ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ពួក​គេ​ធ្វើ​ពុំ​បាន​ល្អ​សោះ ។ អង់គ្លេស​ធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប ប៉ុន្តែ​រមែង​ទទួល​ការ​ខកចិត្ត​ទៅ​វិញ ។ ចំពោះ​ប្រវត្តិ​ប្រកួត World Cup អង់គ្លេស​ក៏​ជា​ក្រុម​ចាស់វស្សា​មួយ​ផង​ដែរ ដោយ​បាន​ចូលរួម​ដំបូង​នៅ​ឆ្នាំ​១៩៥០ ហើយ​រដូវ​កាល​នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​១៥ ។

អង់គ្លេស​ធ្លាប់​គ្រង​តំណែង​ជើងឯក​ម្តង​កាលពី​ឆ្នាំ​១៩៦៦ ប៉ុន្តែ​វត្តមាន​ចុង​ក្រោយ​ឆ្នាំ​២០១៤ ក្រុម​តោ​កំណាច​មិន​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះ​ទេ ។ យ៉ាងណាមិញ រដូវ​កាល​ថ្មី​នេះ ពួក​គេ​ហាក់​ងើបមុខ​ឡើង​វិញ​ជាមួយនឹង​សមត្ថភាព​កូនក្រុម​ខ្លាំងក្លា​ជាង​មុន រីឯ​លទ្ធផល​៥​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ World Cup ក៏​អង់គ្លេស​មិន​បរាជ័យ​ដែរ ពោល​គឺ​ឈ្នះ​៤ ស្មើ​១ ។

៣-​ទុ​យ​នី​ស៊ី

ការ​បង្ហាញខ្លួន​នៅ World Cup សា​ជា​ថ្មី​ក្រោយ​បាត់​មុខ​២​រដូវ​កាល​ចុង​ក្រោយ​នេះ ទុ​យ​នី​ស៊ី​នៅ​តែ​មិនសូវ​រឹង​មាំ​ដដែល​ ។ ឆ្នាំ​២០១៨​ជា​ការ​បង្ហាញខ្លួន​លើក​ទី​៥​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​ពួក​គេ​ចូលរួម​ប្រកួត​លើក​ដំបូង​នៅ​ឆ្នាំ​១៩៧៨ ប៉ុន្តែ​វត្តមាន​ទាំង​៤​លើក​កន្លង​មក ទុ​យ​នី​ស៊ី​ពុំ​ធ្លាប់​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ម្តង​ឡើយ ។

ទន្ទឹម​នឹង​បទ​ពិសោធន៍​តិចតួច​នៅ World Cup រួម​ទាំង​មិន​មាន​កីឡាករ​លេចធ្លោ​ផង​នោះ ទុ​យ​នី​ស៊ី​អាច​នឹង​ភ្លក់​រសជាតិ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ទាំង​៥​លើក​នៅ​ព្រឹត្តិការណ៍​នេះ ។ យ៉ាងណាមិញ លទ្ធផល​៥​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ​បឋម ពួក​គេ​ក៏​មិន​បរាជ័យ​ដែរ គឺ​ឈ្នះ​៣ ស្មើ​២ ។

៤-​ប៉ា​ណា​ម៉ា

ប៉ា​ណា​ម៉ា​គឺជា​ក្រុម​មានវ័យក្មេង​ជាងគេ​នៅ​ព្រឹត្តិការណ៍ World Cup ដែល​នេះ​ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ពួក​គេ​នៅ​វគ្គ​ចែក​ពូ​ល ។ ប្រទេស​ដែល​មាន​ប្រជាជន​ត្រឹម​៤​លាន​នាក់​នេះ ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អា​មេ​រិ​ក​កណ្តាល​ដែល​ឈ្នះ​ពានរង្វាន់​ខាប់​Copa Centroamericana ឆ្នាំ​២០០៩ និង​រង​ជើងឯក​ពីរ​ដង​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន CONCACAF Gold Cup ឆ្នាំ​២០០៥ និង​២០១៣ ។ ក្នុង​៥​ប្រកួត​ចុង​ក្រោយ​នៅ​វគ្គ​ជម្រុះ​កន្លង​ទៅ ក្រុម​ក្មេងខ្ចី​មួយ​នេះ ធ្វើ​ពុំ​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ ពោល​គឺ​ឈ្នះ​២ ស្មើ​១ និង​ចាញ់​២ ។

*​វិភាគ ៖ បន្ទាប់​ពី​បានដឹង​សមាសភាព​ក្រុម​ទាំង​៤​ក្នុង​ពូ​ល G នេះ​រួច​មក យើង​ដូច​ជា​បានឃើញ​ទៅ​ហើយ​ថា​បែ​ល​ហ្ស៊ិ​ក និង​អង់គ្លេ​សនឹង​អាច​ឡើង​ទៅ​វគ្គ​បន្ត ។ ជាក់ស្តែង​មិន​ថា​បទ​ពិសោធន៍ សមត្ថភាព​កីឡាករ និង​គ្រូបង្វឹក​របស់​ក្រុម​មក​ពី​ទ្វីបអឺរ៉ុប​ទាំង​ពីរ​ខាងលើ សុទ្ធតែ​មាន​ប្រៀប​ជាង​ទុ​យ​នី​ស៊ី និង​ប៉ា​ណា​ម៉ា ។ អ្វី​ដែល​ត្រូវ​វែកញែក​នោះ គឺថា​តើ​បែ​ល​ហ្ស៊ិ​ក និង​អង់គ្លេស​ក្រុម​មួយ​ណា​ឈរ​នៅ​កំពូល​តារាង ខណៈ​២​ក្រុម​ផ្សេង​ទៀត​មាន​ភាគរយ​តិចតួច​ប៉ុណ្ណោះ​ថា​នឹង​អាច​បន្ត​ក្តី​ស្រមៃ​របស់​ខ្លួន​ទៅ​វគ្គ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ