ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកកម្ពស់​ការងារ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ចំនួន​៦១​នាក់ ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​ការងារ​ព័ត៌មាន​ត្រូវ​បាន​ទទួល​ការ​បណ្តុះបណ្តាល និង​ការ​ដក​បទ​ពិសោធន៍​បន្ថែម​ទៀត ពី​គ្រូ​បង្គោល​ជា​ជនជាតិ​កម្ពុជា និង​គ្រូ​ជនជាតិ​បរទេស​ក្នុង​រយៈពេល​៣​ថ្ងៃ​ដែល​ទើបនឹង​បិទ​បញ្ចប់​វគ្គ​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ក្រោម​អធិបតីភាព​លោក​ស្វាយ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ចំនួន​៦១​នាក់ ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​ការងារ​ព័ត៌មាន​ត្រូវ​បាន​ទទួល​ការ​បណ្តុះបណ្តាល និង​ការ​ដក​បទ​ពិសោធន៍​បន្ថែម​ទៀត ពី​គ្រូ​បង្គោល​ជា​ជនជាតិ​កម្ពុជា និង​គ្រូ​ជនជាតិ​បរទេស​ក្នុង​រយៈពេល​៣​ថ្ងៃ​ដែល​ទើបនឹង​បិទ​បញ្ចប់​វគ្គ​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ក្រោម​អធិបតីភាព​លោក​ស្វាយ ស៊ី​ថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មន្ត្រី​អ្នកនាំពាក្យ​ដែល​កាលពី​លើក​ទី​១ រៀបចំ​ធ្វើ​ឡើង​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ចំនួន​៧៨​រូប តំណាង​ឱ្យ​៣៣​ក្រសួង និង​ស្ថាប័ន​ថ្នាក់​ជាតិ ហើយ​លើក​ទី​២​នេះ សម្រាប់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ។ បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​នោះ​មាន​ទាំង​យុទ្ធសាស្ត្រ យុទ្ធវិធី គោលការណ៍ វិធីសាស្ត្រ បច្ចេកទេស និង​ចំណុច​គន្លឹះ​សំខាន់​ៗ​ត្រូវ​បាន​បង្ហាញ​ដោយ​គ្រូ​បង្គោល​ជនជាតិ​កម្ពុជា និង​គ្រូ​ជនជាតិ​បរទេស​ចែករំលែក​ដល់​មន្ត្រី​អ្នកនាំពាក្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត ដើម្បី​យក​ទៅ​បំពេញការងារ​របស់​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ហើយ​ដែល​គ្រូ​ឧទ្ទេសនាម​បាន​បញ្ជាក់​ថា អ្នកនាំពាក្យ គឺជា​មន្ត្រី​ដែល​កាន់​ការងារ​ជា​យុទ្ធសាស្ត្រ ។

លោ​កស្វាយ ស៊ី​ថា​ក្នុង​នាម​ឯកឧត្តម​កិត្តិ​នីតិ​កោសល្យ​បណ្ឌិត ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា អ្នកនាំពាក្យ​ត្រូវ​តែ​មាន​ទិស​ដៅ​ផែនការ​សកម្មភាព​ច្បាស់លាស់ ហើយ​ត្រូវ​តាមដាន​គ្រប់គ្រង និង​ក្តាប់​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​នីមួយ​ៗ ។ មិនតែប៉ុណ្ណោះ​អ្នកនាំពាក្យ​ត្រូវ​តែ​សហការ​ឱ្យ​បាន​ល្អជា​មួយ​អ្នក​សារព័ត៌មាន ដើម្បី​ឆ្លើយ​តប​បាន​លឿន ចំ​បញ្ហា និង​មាន​ប្រសិទ្ធភាព ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៣​ថ្ងៃនេះ អ្នកនាំពាក្យ​បាន​ទទួល​នូវ​ចំណេះដឹង រូបមន្ត បទ​ពិសោធន៍​ថ្មី​ៗ​ជា​ច្រើន​ពី​គ្រូ​ឧទ្ទេសនាម និង​បានដឹង​កាន់តែ​ច្បាស់​អំពី​ចំណុចខ្លាំង ចំណុច​ខ្វះខាត យក​ទៅ​កែ​លំអ ដើម្បី​ពង្រឹង​ការ​អនុវត្ត​នូវ​បេសកកម្ម​របស់​ខ្លួន​ជា​អ្នកនាំពាក្យ​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ។

លោក​ថា អ្នកនាំពាក្យ គឺជា​អ្នក​គិតគូរ​ទាំង​យុទ្ធសាស្ត្រ និង​យុទ្ធវិធី ហើយ​ក៏​ជា​មេបញ្ជាការ​នៅ​លើ​ការ​គ្រប់គ្រង​សមរភូមិ​សាធារណៈ​មតិ ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នកនាំពាក្យ​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​ណាស់ គឺ​មិន​ត្រឹមតែ​ជា​និមិត្តរូប ឬ​ជា​ស្ពាន​ចម្លង​ព័ត៌មាន​ពិត​របស់​ស្ថាប័ន​នីមួយ​ៗ​របស់​ខ្លួន​ទៅ​កាន់​សាធារណៈជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​ការពារ​នូវ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដ៏​ពិតប្រាកដ ហើយ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​ក្នុង​សមរភូមិ​សាធារណៈ​មតិ​អ្នកនាំពាក្យ គឺជា​អ្នក​ការពារ​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថេ​រ​ភាព សង្គម អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យ និង​ការ​ឯកភាព​ជាតិ​ផង​ដែរ ។

លោក ស្វាយ ស៊ី​ថា បាន​សង្កត់ធ្ងន់​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺជា​អ្នក​កសាង​នូវ​សន្តិភាព ដូច្នេះ​អ្នកនាំពាក្យ​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នេះ ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​។ លោក​បន្ត​ថា អ្នកនាំពាក្យ​មាន​កាតព្វកិច្ច​កែតម្រូវ​ជុំវិញ​ការ​បំភ្លៃ និង​ការ​ភូត​កុហក​ដោយ​ក្រុម​ជន​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​បំពុល និង​បំបែកបំបាក់​សង្គម​ជាតិ ជា​ពិសេស​ព័ត៌មាន​ដែល​មាន​ចរិត​ជា​ការ​ញុះញង់ ដុត​បញ្ឆេះ​ឱ្យ​ឡើង​នូវ​បដិវត្ត​ពណ៌ បង្កចលាចល​ក្នុង​សង្គម ។

ម្យ៉ាងវិញទៀត អ្នកនាំពាក្យ គឺជា​អ្នក​ជួរ​មុខ​ក្នុង​ការ​បន្សាប និង​ពន្លត់​នូវ​ព័ត៌មាន​ក្លែងក្លាយ Fake news ដែល​ជា​យុទ្ធសាស្ត្រ និង​ឧបាយ​កិច្ច​ដ៏​ពិសពុល​នៃ​បដិវត្ត​ពណ៌​ពោល គឺ​នៅ​ពេល​ដែល​មាន​ព័ត៌មាន​អវិជ្ជមាន និង​ការ​ចោទប្រកាន់​ខុស​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ប៉ះពាល់​ដល់​ស្ថាប័ន ឬ​រដ្ឋបាល​ខេត្ត​របស់​ខ្លួន​អ្នកនាំពាក្យ​ចាំបាច់​ត្រូវ​តែ​ធ្វើការ​បកស្រាយ​បំភ្លឺ​តប​ទៅ​វិញ​តាម​ទម្រង់​ផ្សេង​ៗ​ឱ្យ​បាន​លឿន និង​ច្បាស់លាស់ ។

នៅ​មុន​ពេល​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​វិ​ជា្ជ​ជីវៈ​អ្នកនាំពាក្យ​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា​នេះ ឯកឧត្តម​ស្វាយ ស៊ី​ថា និង​គ្រូ​ជនជាតិ​បរទេស​ក៏​បាន​ប្រគល់​នូវ​វិញ្ញាបនបត្រ​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​រាជធានី​ខេត្ត​សរុប​ចំនួន​៦១​រូប និង​បាន​ថតរូប​អនុស្សាវរីយ៍​ជា​ច្រើន បង្កើត​បាន​នូវ​បរិយាកាស​ដ៏​រីករាយ និង​ស្និទ្ធស្នាល​ប្រកបដោយ​ភាតរភាព​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ