ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់គ្មាន​​ច្បាប់​​អនុញ្ញាត​​កម្ពស់​៥ជាន់​​បង្ក​​​របួស​អ្នក​ជិត​ខាង

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សំណង់​អគារ​​កម្ពស់​​​៥ជាន់​ដែល​គ្មាន​​ច្បាប់​អនុញ្ញាត​​ និង​មិន​គោរព​​​តាម​​បទ​ដ្ឋាន​​បច្ចេកទេស​នៃ​ការ​សាង​សង់ ​ដោយ​សង់​​ឃ្លាត​​ពី​ព្រំតែ​ចម្ងាយ​​​២តឹក​កន្លះ ​ជា​កម្មសិទ្ធិ​​របស់ឈ្មោះ​​សៀន សាម៉ុន ​មានទីតាំង​​នៅ​អម​​​ផ្លូវ​​​ជាតិ​លេខ​​១ ក្រុម​ទី​​​១ ​ភូមិ​ដើមស្លែង ​​សង្កាត់ច្បារ​អំពៅ​ទី​២ ខណ្ឌ​មានជ័យ ​​​ស្ថិត​នៅ​​ក្បែរ​​អតី​តផ្ទះ​​ស្រុត ​បានបង្ក​ឱ្យ​​​​មានរបួស​ដល់​ម្ចាស់​ផ្ទះ​ដែល​នៅ​​ជាប់គ្នា​​ឈ្មោះ​​ជា លាង​នី។ ​​ដោយសារ​មូល​ហេតុ​​នេះ ​អ្ន​ក​រង​របួស​ក៏​បានដាក់​ពាក្យ​បណ្តឹង​​ចូល​​មក​សមត្ថ​កិច្ច​ និងអាជ្ញា​ធរ​​មូលដ្ឋាន​​រហូត​ដល់​​សាលា​រាជ​ធានីភ្នំពេញ ។ ​

នៅថ្ងៃទី​​២៣ កុម្ភៈ ​ឆ្នាំ​២០១១ ​មានការ​​ផ្សះ​ផ្សា​​​មិនចុះសម្រុងគ្នា​​​មួយរបស់​​សាលា​ខណ្ឌ​​មានជ័យ ​ដែលនៅ​ក្នុងឱកាស​នោះ​​លោក​ឡឹក ចិន្តា​ ​អនុប្រធាន​ការិយាល័យ​​​ភូមិ​បាល​ខណ្ឌ​មាន​ជ័យ ​បានបញ្ជាក់​ថា «សូម​ឱ្យ​​​លោក​ស្រី​​​សៀន សាម៉ុន ​ផ្អាក​​សាង​សង់​​រហូតដល់​​ច្បាប់​អនុញ្ញាត​​ឱ្យ​​សាង​សង់​​ និង​ដោះស្រាយ​​ចប់ជា​មួយ​​អ្នកជិត​ខាង​​​សិន ទើប​​លោកស្រី​​​​អាច​បន្ត​​សាង​សង់​​​ទៀត​បាន» ។ ​ប៉ុន្តែ​តាំង​​ពីថ្ងៃ​នោះ​​រហូត​មក​ដល់​​​ថ្ងៃ​នេះ ​សំណង់​ខុសច្បាប់​​មួយ​នេះ​នៅតែ​​បន្ត​សាង​សង់​​​​ដដែល ​ទោះបីជា​​អ្នករងរបួស​​​​បាន​ព្យាយាម​​​​ដាក់​ពាក្យ​​បណ្តឹង និង​​ជូន​​​ដំណឹង​​ទៅសាលា​ខណ្ឌ​​ជា​បន្ត​​​បន្ទាប់រហូត​ដល់​ទៅ​១០ដង​​ហើយ​ក៏ដោយ។ ​បន្ថែម​​លើនោះ ​​នៅថ្ងៃទី​​១៧ មីនា ឆ្នាំ​២០១១ ​ថែមទាំង​ត្រូវបាន​មន្ត្រី​​​ការិយាល័យ​​​រដ្ឋបាល​​​នៃ​សាលា​​ខណ្ឌ​មានជ័យ ប្រាប់​ថា ​​ឱ្យគាត់​​ឈប់​មក​ដាក់​​ទៀត​គេ​មិនទទួល​ពាក្យ​បណ្តឹង​​​​របស់គាត់​​​ទៀត​ទេ ​ហើយ​បានដេញ​​​​គាត់ចេញ​ពី​សាលា​ខណ្ឌ​​​ទៀតផង​ ​។

សូមបញ្ជាក់​​​ថា កាលដែលលោកស្រី​​ជា លាង​នី ដាក់​ពាក្យ​​​បណ្តឹង​​​ជា​បន្ត​​បន្ទាប់​រហូត​ដល់​ទៅ​​​​១០​​ដង​​​ដូច​នេះ ​គឺធ្វើទៅតាម​​​​​បណ្តាំ​​របស់​លោក​​​ហៀក ចាន់ លាង អភិបាល​រ​ងខណ្ឌ​​​មាន​ជ័យ​តែប៉ុណ្ណោះ ។ ​​បន្ថែម​​​លើនោះ ​ឈ្មោះ​សៀន សាម៉ុន ​បានធ្វើការ​​​​សាង​សង់​​​ផ្ទះ​មួយ​កន្លែង​ទៀត​ដោយគ្មាន​ច្បាប់​អនុញ្ញាត​​ និងមិនគោរពទៅ​តាម​​​បទដ្ឋាន​​​បច្ចេក​ទេស​​សំណង់ ​ដោយបុកគ្រឹះ​​ឃ្លាត​ពី​​ព្រំដី​របស់​​ឈ្មោះ​​​ជា លាង​នី ​តែចម្ងាយ​​​៣តឹក​ប៉ុណ្ណោះ ដែល​​​សំណង់នេះ​​មានទីតាំង​​​​នៅអម​​ផ្លូវ​​ជាតិ​លេខ​​១ ​ក្នុង​​ក្រុម​ទី​​៥ ភូមិ​តា​ងៅ ​​សង្កាត់​និរោធ ​​​៕