រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលជិត៤០ឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន កម្ពុជាបានធ្វើឲ្យសម្រេចបាននូវជោគជ័យធំៗជាច្រើន នៅក្នុងដំណាក់កាលនីមួយៗជាប្រវត្តិសាស្ត្ររបស់ កម្ពុជា ។
សព្វថ្ងៃនេះគណបក្សប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលកម្លាំងមហាសាមគ្គីជាតិ រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការពង្រឹងនីតិរដ្ឋការពារសិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់ប្រជាជន លើកកម្ពស់លទ្ធិប្រជាធិបតេយ្យជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន បង្កើនវិសាលភាព ប្រសិទ្ធិភាព និងគុណភាព សេវាសាធារណៈ ពង្រឹងខឿនការងារជាតិរបស់ប្រជាជន ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាឲ្យបានគង់វង្ស ។
បច្ចុប្បន្ននេះកម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាអភិវឌ្ឍឆ្ពោះទៅរកអនាគតដែលកាន់តែប្រសើរឡើងប្រកបដោយជំនឿទុកចិត្តយ៉ាងមុតមាំបំផុត ។ ជីវភាពប្រជាជនកាន់តែមានការប្រែប្រួលរីកចម្រើនទៅមុខជាបន្តបន្ទាប់ ។ កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។
ដើម្បីចូលរួមអបអរសាទរជាមួយសមិទ្ធិផលដ៏ត្រចះត្រចង់នេះកោះសន្តិភាពសូមលើកយកអត្ថបទស្តីការរីកចម្រើននៃវិស័យសំណង់របស់កម្ពុជាក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ ឬមួយអាណត្តិរបស់រាជរដ្ឋភិបាល ដែល៥ឆ្នាំសម្រាប់អាណត្តិទី៥របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជា ជនកម្ពុជាកន្លងមកនេះ សំណង់អគារ ខ្ពស់ ទាប តូច ធំមានការរីកចម្រើន និងកើនឡើងគួរឲ្យកត់សម្គាល់ជាពិសេសនៅរាជធានីភ្នំពេញដែលការកើនឡើងបែបនេះ ដោយសារតែកម្ពុជាកាន់តែមានភាពសុខសាន្តជាបន្តបន្ទាប់ គឺធ្វើឲ្យអ្នកវិនិយោគក៏ដូចជា ប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿទុកចិត្តជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់សម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី ។
លោកឡៅ ទិព្វសីហាអនុរដ្ឋលេខាធិការទទួលបន្ទុកសំណង់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់បានឲ្យដឹងថា វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាក្នុងចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧កន្លងមកនេះ គឺវិស័យសំណង់នៅតែជាវិស័យមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ហើយការវិនិយោគលើវិស័យឯកជននៅកម្ពុជា គឺមានច្រើនវិស័យ ប៉ុន្តែវិស័យដែលយើងមើលឃើញ និងកត់សម្គាល់ជាងគេ គឺវិស័យកាត់ដេរ ឧស្សាហ៍កម្ម ទេសចរ កសិកម្ម វិស័យសំណង់ និងអចលនទ្រព្យ ។
វិស័យសំណង់ និងអចលនទ្រព្យនេះ គឺចង់សំដៅទៅលើការវិនិយោគសំណង់អគារ និងការទិញលក់ដីធ្លីតែម្តង ។ នៅកម្ពុជាមានគម្រោងសាងសង់ជាច្រើនបានផ្តើមមានគំហុកយ៉ាងខ្លាំង បន្ទាប់ពីប្រទេសទទួលបាននូវស្ថេរភាពនយោបាយ សន្តិសុខសង្គម និងមានការអភិវឌ្ឍន៍ គឺចាប់ផ្តើមខ្លាំងពីឆ្នាំ២០០៥ មានការវិនិយោគ លើវិស័យសំណង់ខ្លាំងតែម្តង ហើយការវិនិយោគនេះមានការគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល ។ ការហូរចូលរបស់អ្នកវិនិយោគទុនក្នុងស្រុក និងបរទេសក្នុងវិស័យសំណង់ និងអចលនទ្រព្យ គឺមានសភាពខ្លាំងក្លាធ្វើឲ្យរាជរដ្ឋាភិបាលបានចាត់ទុកថា មានប្រៀបខ្លាំងនៅក្នុងការប្រកួតប្រជែង និងផ្តល់កំណើនខ្ពស់ក្នុងការ ជម្រុញសេដ្ឋកិច្ចជាតិឲ្យមានកំណើន៦.៥ភាគរយក្នុងឆ្នាំ២០១០ និងបន្តកំណើនក្នុងរង្វង់៧ភាគរយពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៧ ។
តាមរយៈការស្រាវជ្រាវលើទីផ្សារពលកម្មនៃវិស័យសំណង់បានបង្ហាញថា វិស័យសំណង់បានស្រូបយកកម្លាំងនៅទូទាំងប្រទេសមានចំនួន២៣ម៉ឺននាក់ ទៅ២៦ម៉ឺននាក់ក្នុងមួយថ្ងៃប្រាក់ចំណូលកម្មករម្នាក់ដែលអត់ជំនាញសោះបានទទួលប្រាក់ពី៣ម៉ឺនទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ កម្មករដែលមានជំនាញបានទទួលពី៥ម៉ឺនទៅ៧ម៉ឺនរៀល មេជាងបានទទួលពី៧ម៉ឺនទៅ៨ម៉ឺនរៀលក្នុងមួយថ្ងៃ បើអ្នកបច្ចេកទេស ឬវិស្វករ និងស្ថាបត្យករទទួលបានប្រាក់ចំណូលពី៥០០ទៅ៣.០០០ដុល្លារសហរដ្ឋអាមេរិក ។
ទាក់ទិន្នទៅនឹងការរីកចម្រើនខាងលើនេះបានធ្វើឲ្យមហាជនជាពិសេសប្រជាពលរដ្ឋខ្មែរដែលបានទៅរស់នៅក្រៅប្រទេសនៅពេលពួកគាត់មកលេងស្រុកកំណើតវិញ ពិតជាមានការភ្ញាក់ផ្អើល និងថ្លែងនូវការកោតសសើរយ៉ាងខ្លាំង បន្ទាប់ពីបានមើលឃើញនូវភាពរីកចម្រើន ជាពិសេសសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅ ក្នុងប្រទេសរបស់ខ្លួនមានការអភិវឌ្ឃយ៉ាងឆាប់រហ័សបែបនេះ ៕
ចែករំលែកព័តមាននេះ