ខេត្តកណ្ដាល ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនស្ទឹងសែននីកាខូអិលធីឌី ត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អាវ ចំរើន ស្នងការនគរបាលខេត្ត និងមានការឯកភាពពីព្រះរាជអា ជ្ញាអមសាលាដំបូងខេត្ត ចុះបង្ក្រាបពួនស្ទាក់ឃាត់ទុក និងដកហូតឈើប្រណិតចំនួន៥៩ដុំ ។ ហេតុការណ៍បង្ក្រាបកើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថារថយន្តដែលដឹកឈើប្រណិតខុសច្បាប់ ជាប្រភេទរថយន្តក្រុងដឹកអ្នដំណើរ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-9377 ។
ចំណែកវត្ថុតាងដកហូតបានមាន ឈើប្រណិតចំនួន៥៩ដុំ ជាប្រភេទឈើសុក្រម ,ស្លាកលេខក្លែងក្លាយភ្នំពេញ3C-6871 ចំនួន២បន្ទះ និងនាមបណ្ណក្រុមហ៊ុននីកាខូអិលធីឌីចំនួន៣៧សន្លឹកផងដែរ ។ប្រភពដដែលបន្តថា មុននឹងឈានដល់ធ្វើការបង្ក្រាបបទល្មើសខាងលើនេះ នគរបាលជំនាញបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលថា មានរថយន្ដក្រុងដឹកឈើប្រណិតខុសច្បាប់មួយគ្រឿងកំពុងធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រស្រុកពញាឮ ភ្លាមនោះកម្លាំការិយាល័យជំនាញបានធ្វើការចុះបង្ក្រាបពួនស្ទាក់ រួចកសាងឯកសារដកហូតយកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ