រាជធានីភ្នំពេញ ៖ ក្នុងនាមជាតារាភាពយន្តមួយដួងធ្លាប់សាងស្នាដៃសម្តែងតាំងពីក្មេង អ្នកនាងលី ច័ន្ទសីហា នាពេលបច្ចុប្បន្នមិនទាន់អាចឆ្លៀតពេលវិលចូលរួមសម្តែងវិញនៅឡើយទោះជានាងមិនទាន់ដកថយពីពិភពសិល្បៈនេះ។
តារាសម្តែងទើបសម្រាលកូនខ្ចីបានប៉ុន្មានខែលី ច័ន្ទសីហា កំពុងតែស្ថិតនៅក្បែរកូនស្រីផ្តល់ភាពកក់ក្តៅបីបាច់ថែរក្សា ។ ជាកូនដំបូងសីហាមិនទាន់ដាច់ចិត្តចាប់អាជីពសិល្បៈវិញទេ ទោះជាមានការទាក់ទងបែបណាក្តី ក្នុងបំណងចង់សម្រាកឲ្យរឹងដៃជើងសិន ។
លី ច័ន្ទសីហា កាលពីពេល ថ្មីៗកន្លងមកនិយាយថាក្រោយសម្រាលបានកូនស្រីរយៈពេលប៉ុន្មានខែមកហើយនេះ នាងសម្រាកនៅតែផ្ទះមើលកូន និងឆ្លៀតពេលខ្លះទៅសងចំណងដៃមិត្តសិល្បៈ ។ បើនិយាយពីអាជីពសិល្បៈវិញ គឺផលិតករមួយចំនួនចង់ឲ្យនាងទៅចូលរួមសម្តែងប្រសិនបើយល់ថារឹងដៃជើងល្អហើយនោះ ។ ទោះជាយ៉ាងណាក្តីប៉ាម៉ាក់នាងមិនទាន់អនុញ្ញាតឲ្យថតនៅឡើយទេ ព្រោះយល់ថាសរសៃខ្ចីមិនទាន់អាចធ្វើការអ្វីបាន ។ ម្យ៉ាងទៀតនាងក៏យល់ថាខ្លួនមិនអាចធ្វើអ្វីតាមការនឹកឃើញ មានតែធ្វើតាមចាស់ទុំប្រាប់ ។
លី ច័ន្ទសីហា ថាយូរបំផុតក្រោយរដូវវស្សានេះនាងងាកចូលរួមសម្តែងវិញហើយ គឺមិនឈប់ទេ ព្រោះនេះជានិស្ស័យដែលនាងពេញចិត្តស្រឡាញ់មិនអាចចោលបាន ។
ទោះជាយ៉ាងណាក្តីនាងទើបតែនិយាយការងារសម្តែងរួចហើយឲ្យផលិតកម្មមួយ ដោយថតជាខ្សែភាពយន្តភាគ ព្រមទាំងចេញថតក្រោយភ្លៀងចប់រួចរាល់ ។ «ស្នាដៃថ្មីដែលនាងខ្ញុំសម្តែង គឺជាប្រភេទរឿងភាគដែលថតក្រោយរដូវភ្លៀង ហើយសង្ឃឹមថាពុកម៉ែបងប្អូនមានការស្រឡាញ់ពេញចិត្តការសម្តែងឡើងវិញរបស់នាងខ្ញុំ ។
ធ្វើជាម្តាយគេទើបដឹងថាលំបាក ហើយទៅណាមកណាគិតតែពីកូន ថ្នម សុខចិត្តងើបអត់ងងុយ បើគ្រាន់តែកូនយំយប់គឺដឹងថាកូនកើតអ្វីភ្លាម ។ មកទល់ពេលនេះស្វាមីរបស់ខ្ញុំនៅមិនសូវជុំគ្នាពេកឡើយ ដោយប្តីនាងខ្ញុំឡើងចុះតាមខេត្តពង្រឹងបក្ស ។ ប្រព័ន្ឋទូរស័ព្ទ និងហ្វេសប៊ុកគឺជាការឆ្លងឆ្លើយទាក់ទងគ្នា សួរសុខទុក្ខហើយស្នេហាប្តីប្រពន្ឋនាងខ្ញុំគឺកក់ក្តៅដដែលបើទោះមិនសូវនៅជុំគ្នា» ៕
ចែករំលែកព័តមាននេះ