ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​គឺ​ត្រូវ​ឆ្លើយ​តប​ឲ្យ​បាន​លឿន​និង​មាន​ប្រ​សិ​ទ្ទិ​ភាព​ហើយ​គ្រប់គ្រង​សមរភូមិ​សាធារណៈ​មតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា អ្នកនាំពាក្យ មិន​ត្រឹមតែ​ជា​ស្ពាន​ចម្លង​ព័ត៌មាន​ពិត​ពី​ស្ថាប័ន​របស់​ខ្លួន​ទៅ​កាន់​សាធារណៈជន​ប៉ុណ្ណោះ​ទេ គឺជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ការពារ​លទ្ធិប្រជាធិបតេយ្យ ការពារ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា អ្នកនាំពាក្យ មិន​ត្រឹមតែ​ជា​ស្ពាន​ចម្លង​ព័ត៌មាន​ពិត​ពី​ស្ថាប័ន​របស់​ខ្លួន​ទៅ​កាន់​សាធារណៈជន​ប៉ុណ្ណោះ​ទេ គឺជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ការពារ​លទ្ធិប្រជាធិបតេយ្យ ការពារ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថេ​រ​ភាព​សង្គម អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យ ឯកភាព​ជាតិ និង​សិទ្ធិ​មនុស្ស​ដែល​ជា​អ្នក​គិតគូរ​ទាំង​យុទ្ធសាស្ត្រ យុទ្ធវិធី និង​ជា​មេបញ្ជាការ​នៅ​លើ​ការ​គ្រប់គ្រង​សមរភូមិ​សាធារណៈ មតិ​ដែល​ត្រូវ​តែ​សហការ​ឲ្យ​បាន​ល្អ ជាមួយ​អ្នក​សារព័ត៌មាន ដើម្បី​ឆ្លើយ​តប​បាន​លឿន និង​មាន​ប្រសិទ្ធភាព ។

ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មន្ត្រី​អ្នកនាំពាក្យ​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​ស្វាយ ស៊ី​ថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា អ្នកនាំពាក្យ គឺជា​អ្នក​គិតគូរ​ទាំង​យុទ្ធ​សា​ស្ត និង​យុទ្ធវិធី ហើយ​ក៏​ជា​មេបញ្ជាការ​នៅ​លើ​ការ​គ្រប់គ្រង​សមរភូមិ​សាធារណៈ​មតិ ។ លោក​បន្ត​ថា វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អ្នកនាំពាក្យ​នេះ ដើម្បី​លើកកម្ពស់​ការងារ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ ហើយ អ្នកនាំពាក្យ​ត្រូវ​តែ​មាន​ទិស​ដៅ​ផែនការ​សកម្មភាព​ច្បាស់លាស់ ហើយ​ត្រូវ​តាមដាន​គ្រប់គ្រង និង​ក្តាប់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​នីមួយ​ៗ និង​ត្រូវ​តែ​សហការ​ឲ្យ​បាន​ល្អជា​មួយ​អ្នក​សារព័ត៌មាន ដើម្បី​ឆ្លើយ​តប​បាន​លឿន​ចំ​បញ្ហា និង​មាន​ប្រសិទ្ធភាព ។

លោក​ស្វាយ​ស៊ី​ថា​បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មន្ត្រី​អ្នកនាំពាក្យ​ដែល​កាលពី​លើក​ទី​១​រៀបចំ​ធ្វើ​ឡើង​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ចំនួន​៧៨​រូប តំណាង​ឲ្យ​៣៣​ក្រសួង និង​ស្ថាប័ន​ថ្នាក់​ជាតិ ហើយ​លើក​ទី​២​នេះ សម្រាប់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ។

លោក​បន្ត​ថា តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៣​ថ្ងៃនេះ​អ្នកនាំពាក្យ​បាន​ទទួល​នូវ​ចំណេះដឹង រូបមន្ត បទ​ពិសោធន៍​ថ្មី​ៗ​ជា​ច្រើន​ពី​គ្រូ​ឧទ្ទេសនាម និង​បានដឹង​កាន់តែ​ច្បាស់​អំពី​ចំណុចខ្លាំង ចំណុច​ខ្វះខាត​របស់​ខ្លួន​យក​ទៅ​កែ​លំអរ ដើម្បី​ពង្រឹង​ការ​អនុវត្ត​នូវ​បេសកកម្ម​របស់​ខ្លួន​ជា​អ្នកនាំពាក្យ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ។ អ្នកនាំពាក្យ​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​ណាស់ គឺ​មិន​ត្រឹមតែ​ជា​និមិត្តរូប ឬ​ជា​ស្ពាន​ចម្លង​ព័ត៌មាន​ពិត​របស់​ស្ថាប័ន​នីមួយ​ៗ​របស់​ខ្លួន ទៅ​កាន់​សាធារណៈជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​ការពារ​នូវ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដ៏​ពិតប្រាកដ ជា​ពិសេស​ក្នុង​សមរភូមិ​សាធារណៈ​មតិ​អ្នកនាំពាក្យ គឺជា​អ្នក​ការពារ​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថេ​រ​ភាព​សង្គម អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យ និង​ការ​ឯកភាព​ជាតិ​ផង​ដែរ ។

លោក​ស្វាយ ស៊ី​ថា បាន​ឲ្យ​ដឹង​ទៀត​ថា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​អ្នក​កសាង​នូវ​សន្តិភាព​ដូច្នេះ​អ្នកនាំពាក្យ​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា សុខ​សន្តិភាព ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង ។ លោក​បន្ត​ថា អ្នកនាំពាក្យ​មាន​កាតព្វកិច្ច​កែតម្រូវ​ជុំវិញ​ការ​បំភ្លៃ និង​ការ​ភូត​កុហក​ដោយ​ក្រុម​ជន​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​បំពុល និង​បំបែកបំបាក់​សង្គម​ជាតិ ជា​ពិសេស​ព័ត៌មាន​ដែល​មាន​ច​រឹក​ជា​ការ​ញុះញង់​ដុត​បញ្ឆេះ ឲ្យ​មាន​ឡើង​នូវ​បដិវត្ត​ពណ៌ បង្កចលាចល​ក្នុង​សង្គម ។

ដូចនេះ​អ្នកនាំពាក្យ គឺជា​អ្នក​ជួរ​មុខ​ក្នុង​ការ​បន្សាប និង​ពន្លត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដែល​ជា​យុទ្ធសាស្ត្រ និង​ឧបាយកល​ដ៏​ពិសពុល​នៃ​បដិវត្តន៍​ពណ៌​នៅ​ពេល​ដែល​មាន​ព័ត៌មាន​អវិជ្ជមាន និង​ការ​ចោទប្រកាន់​ខុស​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់ ប៉ះពាល់​ដល់​ស្ថាប័ន​របស់​ខ្លួន​អ្នកនាំពាក្យ​ចាំបាច់​ត្រូវ​តែ​ធ្វើការ​បកស្រាយ​បំភ្លឺ​តប​ទៅ​វិញ តាម​ទម្រង់​ផ្សេង​ៗ​ឲ្យ​បាន​លឿន និង​ច្បាស់លាស់ ។

សូម​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចំនួន​៦១​នាក់ ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​ការងារ​ព័ត៌មាន មក​ពី​រាជធានី​ខេត្ត ដើម្បី​បណ្តុះបណ្តាល​ជំនាញ អ្នកនាំពាក្យ និង​ការ​ដក​បទ​ពិសោធន៍​បន្ថែម​ទៀត ពី​គ្រូ​បង្គោល​ជា​ជនជាតិ​កម្ពុជា និង​គ្រូ​ជនជាតិ​បរទេស ក្នុង​រយៈពេល​៣​ថ្ងៃ ដែល​ត្រូវ​បិទ​វគ្គ​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​មក ស្ថិត​ក្នុង​អធិបតីភាព​លោក ស្វាយ ស៊ី​ថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ