ខេត្តកំពង់ស្ពឺ ៖ សង្វៀនបញ្ជល់មាន់តាមអនឡាញមួយកន្លែង ដែលបើកឲ្យមានការលេងភ្នាល់បញ្ជល់មាន់ស៊ីសងលុយរាប់សែនរៀលជាយូរមកហើយនោះ ពេលនេះត្រូវបានសមត្ថកិច្ចបង្ក្រាបនិងដកហូតបានម៉ូតូជាច្រើនគ្រឿង ខណៈម្ចាស់រត់បាតជើងសព្រាត ។
ការបង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែមិថុនា ដោយកម្លាំងនគរបាលស្រុកឧដុង្គ ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុក ។ មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា ការចុះបង្ក្រាបករណីលេងល្បែងស៊ីសងភ្នាល់បញ្ជល់មាន់តាមទូរទស្សន៍ខ្សែកាបអនឡាញនេះ គឺនៅទល់មុខវិទ្យាស្ថានបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចម្ងាយប្រមាន៥០ម៉ែត្រ ក្នុងភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ។
ប្រភពដដែលបន្តថា ក្នុងការចុះបង្ក្រាបល្បែងភ្នាល់នេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ ឌឿន សោភា ភេទស្រី អាយុ២៧ឆ្នាំរស់នៅក្នុងភូមិ ឃុំ ខាងលើ ព្រមទាំងដកហូតទូរទស្សន៍ទំហំ៤៩អុីញពណ៌ខ្មៅ១គ្រឿង ម៉ូតូ ២៩គ្រឿង និងទូរស័ព្ទដៃ២គ្រឿង ។
យ៉ាងណាក៏ដោយ ម្ចាស់ម៉ូតូដែលសុទ្ធសឹងជាអ្នកញៀនល្បែងបញ្ជល់មាន់នេះមិនត្រូវបានឃាត់ខ្លួនទេ គឺពួកគេបានរត់ប្រះអាយុរៀងៗខ្លួនបន្សល់ទុកតែម៉ូតូនៅកន្លែងភ្នាល់ ។ ក្រោយការបង្ក្រាប សមត្ថកិច្ចបានប្រមូលយកវត្ថុតាងនិងម៉ូតូទាំងអស់មកកាន់អធិការដ្ឋាននគរបាលស្រុករង់ចាំសុំគោលការណ៍ពីថ្នាក់លើដើម្បីចាត់ការបន្ត។ អ្នកញៀនល្បែងភ្នាល់បញ្ជល់មាន់តាមអនឡាញនេះ មិនខុសពីអ្នកភ្នាល់ប្រដាល់តាមទូរទស្សន៍នោះទេ ៕
ចែករំលែកព័តមាននេះ