ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​២​នាក់​ប្ដី​ប្រពន្ធ​ជំនាញ​លួច​គោ​ទាំង​ថ្ងៃ ពេល​នេះ​ជាប់​ខ្នោះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​គឺជា​មុខសញ្ញា​ចោរលួច​គោ ដែល​ប្រជា​កសិករ​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​តាម​វាលស្រែ​និង​ទីទួល​នានា យ៉ាង​សកម្ម​បំផុត​ដែល​ក្នុង​រយៈពេល​១​ឆ្នាំ​លួច បាន​សម្រេច​ជា​ច្រើន​លើក នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។ ប៉ុន្តែ​ចាត់​ទុក​ថា​គឺជា​អំពើ​បាបកម្ម​តាម​ទាន់​ជាន់កែង…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​គឺជា​មុខសញ្ញា​ចោរលួច​គោ ដែល​ប្រជា​កសិករ​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​តាម​វាលស្រែ​និង​ទីទួល​នានា យ៉ាង​សកម្ម​បំផុត​ដែល​ក្នុង​រយៈពេល​១​ឆ្នាំ​លួច បាន​សម្រេច​ជា​ច្រើន​លើក នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។ ប៉ុន្តែ​ចាត់​ទុក​ថា​គឺជា​អំពើ​បាបកម្ម​តាម​ទាន់​ជាន់កែង ដែល​នៅ​លើក​ចុង​ក្រោយ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន ហើយ​ប្រគល់​ជូន​នគរបាល​សួរនាំ និង​ចាត់ការ​តាម​ច្បាប់​។ លុះ​ពេល​នគរបាល​សាកសួរ ត្រូវ​បាន​ចោរ​ញី​ឈ្មោល​១​គូ​នេះ​សារភាព​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​គោ​តាម​វាលស្រែ និង​ទីទួល​បាន​សម្រេច​ត្រឹមតែ​៦​លើក​ប៉ុណ្ណោះ ដែល​សង្ស័យ​ថា ជា​ចម្លើយ​មិន​ពិត​នោះ​ឡើយ​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច វាលស្រែ​ស្ថិត​នៅ​ខាងជើង​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ ប្ដី​ឈ្មោះ ហេង ចាំ អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ចោរលួច​គោ ចំណែក​ប្រពន្ធ ឈ្មោះ រ៉េ​ត ណា​ន អាយុ​៣៥ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​ចោរលួច​គោ​។

អ្នក​ទាំង​២​នេះ​មានកូន​៣​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ និង​មាន​ទីលំនៅ​ក្នុងភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។ នៅ​ក្នុង​ខណៈនោះ​ដែរ កម្លាំង​ដកហូត​បាន​វត្ថុ​តាង មួយ​ចំនួន​រួម​មាន​រថយន្ត​ម៉ាក​ហ៊ី យាន់​ដាយ​ពណ៌​សលាយ​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 2D-0484 ១​គ្រឿង ,​គោ​ញី ១​ក្បាល និង​ឈ្មោល​១​ក្បាល ដែល​ពួក​ចោរ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​លួច​បាន និង​ដឹក​តាម​រថយន្ត​ប្រុង​នាំ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ ព្រមទាំង​កាំបិត​ផ្គាក់​១​ផង​ដែរ​។ ចំណែក​ម្ចាស់​គោ​ខាងលើ​ឈ្មោះ អ៊ី អ៊ី​ច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ លោក អ៊ី អ៊ី​ច បាន​ដឹកគោ​របស់​ខ្លួន​ទាំង​២​ក្បាល​នោះ​ចេញពីផ្ទះ​យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​វាលស្រែ​ខាងជើង​ភូមិ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​។ លុះ​ក្រោយ​ពេល​ចង​រួចរាល់​ក៏​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ខណៈនោះ​ក៏​មាន​បុរស​ម្នាក់​ទៀត​ឈ្មោះ សន សាន អាយុ​៣៩​ឆ្នាំ ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ស្ថិត​នៅ​វាលស្រែ​ក្បែរ​នោះ​បានឃើញ​ម្ចាស់ យក​គោ​ទៅ​ចង​ដែរ​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ម្ចាស់​គោ​ដើរទៅ​ផ្ទះ​ផុត​មួយសន្ទុះ​ស្រាប់តែ​ចោរ​២​នាក់​ប្ដី​ប្រពន្ធ​នោះ​បាន​បើករថយន្ត​ទៅ​ឈប់​នៅ​វាលស្រែ​នោះ​។

បន្ទាប់​មក​បាន​ស្រាយ​ខ្សែ និង​ដឹកគោ​ឡើង​រថយន្ត​របស់​ខ្លួន យ៉ាង​ប្រញាប់ប្រញាល់ និង​តក់ក្រហល់​បំផុត​ព្រមទាំង​ងាកឆ្វេង​ងាកស្ដាំ​ឡេមឡឺម​ៗ​ទៀត​ផង​។ ខណៈនោះ​ត្រូវ​បាន​បុរស​ឈ្មោះ សន សាន ប្រទះ​ឃើញ ប៉ុន្តែ​ពួក​ចោរ​មិន​បានឃើញ និង​ចាប់អារម្មណ៍​ថា បុរស​នេះ​ស្ថិត​នៅ​ជិត​នោះ​ឡើយ​។ លុះ​ពេល​ឃើញ​គួរ​ឲ្យ​សង្ស័យ​បែប​នេះ​លោក សន សាន បាន​ទូរស័ព្ទ​ប្រាប់​លោក​មេ​ភូមិ​របស់​ខ្លួន ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​លោក​មេ​ភូមិ​ក៏​បាន កេណ្ឌ​អ្នក​ភូមិ ចេញ​ពួនស្ទាក់​ភ្លាម​ៗ​មិន​បង្អង់​យូរ​ឡើយ​។ ក្រោយមក​បាន​ឃាត់​បាន​ក្នុង​ខណៈ​ពេល​ដែល​ចោរ​ខាងលើ​បើករថយន្ត​ដឹកគោរ​ត់ទៅ​ដល់​ភូមិ​ត្រពាំង​អណ្តែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ស្ថិត​នៅ​ជិត​ភូមិ​កើតហេតុ​នោះ​ដែរ​។ នគរបាល​ខាងលើ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ឃាត់​បាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ម្កាក់ និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ចុះ​ទៅ​នាំ​ខ្លួន​ចោរ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ចាត់ការ​តាម​ច្បាប់​។

ហើយ​ពួក​គេ​គឺជា​មុខសញ្ញា​លួច​គោ​យ៉ាង​សកម្ម​បំផុត ដែល​កន្លង​មក​បាន​ធ្វើ​សកម្មភាព​លួច​គោ របស់​ប្រជា​កសិករ ដែល​បាន​យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​តាម​វាលស្រែ និង​ទីទួល​ទាំង​ថ្ងៃ​ឆ្ងាយ​ពី​ផ្ទះ ។ ពួក​គេ​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ច្រើន​ដង រាប់​មិន​អស់​មក​ហើយ ប៉ុន្តែ​ដល់​ពេល​សួរនាំ​បាន​សារភាព​ថា​ពួក​ខ្លួន​ធ្វើ​សកម្មភាព​លួច​រយៈពេល​១​ឆ្នាំ​មក​ហើយ និង​លួច​បាន​សម្រេច​ត្រឹមតែ​៦​ដង​ប៉ុណ្ណោះ លុះដល់​លើក​ទី​៧​ត្រូវ​ជាប់អន្ទាក់​បែប​នេះ​។ ទោះបី​បែប​ណា​សង្ស័យ​ថា ចម្លើយ​សារភាព​នេះ​មិន​ពិត​ទេ ជនសង្ស័យ​អាច​មានការ​លាក់លៀម​ច្រើន ព្រោះ​មួយ​រយៈ​នេះ​មាន​អ្នក​បាត់គោ​ទាំង​ថ្ងៃ​ច្រើន​ណាស់​ឲ្យ​តែ​ពេល​យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​គឺ​បាត់​ជា​បន្តបន្ទាប់ ទើបតែ​ពេល​នេះ​ប៉ុណ្ណោះ​ដែល​ចាប់​បាន​ចោរ​ម្ដង​៕
https://youtu.be/Pc4b352HfBY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ