ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ប្រើ​ពាក្យ​ក្រុង​ពលី ឬ​ក្រុង​ពាលី

5 ឆ្នាំ មុន

ក្រុង​ពលី ឬ​ក្រុង​ពាលី​នេះ​បាន​ជាទី​រាប់អាន​របស់​មហាជន​ជា​ច្រើន ដែល​ពិធី​នេះ​គេ​ឃើញ​មាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​នានា​ស្ទើរតែ​មិន​រំលង ពិសេស​នៅ​ក្នុង​ពិធី​ឆ្លង​សមិទ្ធផល និង​ក្នុង​ពិធី​មង្គលការ ។ យោង​តាម​ឯកសារ​នានា​ទាក់ទង​ទៅ​នឹង​ទំនៀមទម្លាប់​បែប​សាសនា លោក​ឱ្យ​ប្រើ​បាន​ទាំង​ពីរ​ពាក្យ ប៉ុន្តែ​សាសនា​ដទៃ​ពី​គ្នា ។…

ក្រុង​ពលី ឬ​ក្រុង​ពាលី​នេះ​បាន​ជាទី​រាប់អាន​របស់​មហាជន​ជា​ច្រើន ដែល​ពិធី​នេះ​គេ​ឃើញ​មាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​នានា​ស្ទើរតែ​មិន​រំលង ពិសេស​នៅ​ក្នុង​ពិធី​ឆ្លង​សមិទ្ធផល និង​ក្នុង​ពិធី​មង្គលការ ។
យោង​តាម​ឯកសារ​នានា​ទាក់ទង​ទៅ​នឹង​ទំនៀមទម្លាប់​បែប​សាសនា លោក​ឱ្យ​ប្រើ​បាន​ទាំង​ពីរ​ពាក្យ ប៉ុន្តែ​សាសនា​ដទៃ​ពី​គ្នា ។ ផ្នែក​ព្រះពុទ្ធ​សាសនា​លោក​ឱ្យ​ប្រើ​ពាក្យ​ក្រុង​ពលី សំដៅ​ទៅ​ពលី​៥​យ៉ាង ៖

១-​បុព្វបេតពលី រៀប​រណ្តាប់​មាន បាយ​ស្ពក បង្អែមចំអាប ទៀន ធូប ឧទ្ទិស​ជូន​បុព្វការី​ជន​ដែល​បាន​ស្លាប់​ទៅ​ហើយ ។

២-​អតិថិពលី ធ្វើ​បដិសណ្ឋារៈ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដើម្បី​ជា​សក្ខីភាព​។

៣-​ញាតិពលី ធ្វើ​បដិសណ្ឋារៈ​ចំពោះ​ញាតិ​សាច់សាលោហិត​ដែល​បាន​ជួបជុំ​ទទួល​ដឹង​ឮ​។

៤-​រាជពលី ធ្វើ​ពិធី​គោរព​តាម​ច្បាប់ទម្លាប់​របស់​ប្រទេស​ជាតិ គឺ​ស្នើ​សុំ​ដល់​រដ្ឋអំណាច គ្រប់​លំដាប់ថ្នាក់​ដឹង​ឮ​និង​អនុញ្ញាត ដែល​ហៅ​ថា ក្រុង​ពលី​នោះ​ឯង​។

៥-​ទេវតាពលី បូជា​ដល់​ទេព្តា មាន​ពិធីបួងសួង​ដល់​ទេវតា​ជាដើម ។

ពិធី​នេះ​ឃើញ​មាន​ធ្វើ​នៅ​ក្នុង​ពិធី​បញ្ចុះ​ខន្ធ​សីមា លើក​ផ្ទះ ឡើងផ្ទះ​ថ្មី ឆ្លង​អណ្តូង ឆ្លង​រោង​ទេវតា ឆ្លងផ្លូវ​ថ្នល់ ឆ្លងកុដិ សាលា ឆ្លង​ដើម​ពោធិ៍​…​។

ចំណែក​ព្រហ្មញ្ញសាសនា ហៅ​ថា ក្រុង​ពាលី
ពិធី​នេះ​ភាគច្រើន​លោក​អាចារ្យ​រៀបចំ​ធ្វើ​នៅ​ក្នុង​ពិធី​មង្គលការ មាន​ប្រកាស​អារាធនា​អា​រុក្ខ​អារក្សទេវតា​ក្នុង​ឆកាមាវចរសួគ៌​ទាំង​៦​ជាន់ ទាំង​អ្នកតា​ចាស់​ស្រុក នាង​ហ៊ីង ព្រះធរណី​…​និង​សូម​គោរព​អញ្ជើញស្តេច​ក្រុង​ពាលី​យាង​មក​ទទួលយក​នូវ​ភស្តុ​ភារ​បណ្ណាការ​ក្រយា​បូជា​នេះ​ហោង ។

បើ​តាម​ទស្សនៈ​របស់ខ្ញុំ​យល់​ឃើញ​ថា ពិធី​ទាំងឡាយ​បើ​អ្នក​ចាត់ចែង​(​ក្រុម​អាចារ្យ​)​ធ្វើ​ឱ្យ​ត្រឹមត្រូវ​ទៅ​តាម​លទ្ធិពុទ្ធ​សា​នា​វិញ​នោះ គឺ​ងាយ​ណាស់ អស់ប្រាក់​តិច និង​ប្រហែលជា​មិន​បង្ក​ការ​លំបាក​ដល់​សាមី​ដើមបុណ្យ​ទេ តែ​មិន​ដូច្នោះ​ទេ​អ្នក​រៀបចំ​ពិធី​តែង​បង្គាប់​ម្ចាស់​ទាន​សព្វបែបយ៉ាង​សឹងតែ​ម្ចាស់​ទាន​ល្មម​ៗ​ស្ទើរ​គ្មាន​លទ្ធភាព​ធ្វើ ។ នេះ​ក៏​ត្រូវ​បាន​មហាជន​ដាក់​ការ​សង្ស័យ​ថា អ្នក​ទាំងនោះ​អាច​ជា​ឱកាស​ទាញ​យក​លាភសក្ការៈ​ពី​ពិធី​ក្រុង​ពលី ឬ​ក្រុង​ពាលី​បាន​យ៉ាង​ងាយ ។