រឹបអូស​ឈើ​ជិត​៥០​ម៉ែត្រគូប​ ក្នុង​សិប្បកម្ម​​៣​កន្លែង


ខេត្តស្ទឹងត្រែង ៖ ឈើ​ចម្រុះ​គ្រប់​ប្រភេទ​តាម​ការ​ប៉ាន់ស្មាន​ប្រមាណ​ជា​ជិត​៥០​ម៉ែត្រគូប រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ធំ​ត្រូវ​បាន​រឹបអូស​ដោយ​កម្លាំង​ថ្នាក់ដឹកនាំ​ខេត្ត រួម​ជាមួយ​​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ បាន​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​​បាន​ឱ្យ​​ដឹង​ព័ត៌មាន​បឋម​ថា កម្លាំង​នគរបាល​រួម​ទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង និង​អភិបាលរង​ខេត្ត លោក ជា ថា​វរិ​ទ្ធ​ បាន​បញ្ជា​អោយ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​៣​កន្លែង និង​រឹបអូស​ឈើ​ខុសច្បាប់​គ្រប់​ប្រភេទ​ប្រមាណ​ជា​ជិត​៥០​ម៉ែត្រគូប រួម​ទាំង​សម្ភារៈ​កែ​ច្នៃ​ឈើ​ជា​ច្រើន​ផង​ដែរ​។

ប្រភព​ពី​នគរបាល​ដដែល​បន្ត​ថា ស្ថិត​នៅ​ភូមិ​ស្រែ​គរ ឃុំ​ស្រែ​គរ ស្រុក​សេ​សាន មាន​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ចម្រុះ​គ្រប់​ប្រភេទ​ចំនួន​២០​កន្លែង​ផ្សេង​ទៀត ក្រៅពី​ទីតាំង​៣​កន្លែង​ដែល​ចុះ​បង្ក្រាប​នេះ​​។  ការ​ចុះ​បង្ក្រាប និង​រឹបអូស​ឈើ​ចម្រុះ​គ្រប់​ប្រភេទ​ខាងលើ​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ ​មិថុនា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​គរ ឃុំ​ស្រែ​គរ ស្រុក​សេ​សាន​ ហើយ​នៅ​ថ្ងៃ​ទី​៨ មិថុនា នេះ​ដែរ ​កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ប្រមូល​យក​វត្ថុ​តាង​នៃ​បទល្មើស​នោះ​មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ ហើយ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​៨
មិថុនា នេះ​ដែរ កម្លាំង​សមត្ថកិច្ច​នៅ​មិន​ទាន់​ប្រមូល​អស់ និង​ធ្វើការ​វាស់វែង​នៅឡើយ​ដែរ​។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប កម្លាំង​សមត្ថកិច្ច​ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ខេត្ត​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​លោក គឹ​ម ហុង​សាន សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​ជា​បន្តបន្ទាប់​ចំនួន​៣​ទីតាំង ចំណែក​រោង​សិប្បកម្ម​ចំនួន​២០​កន្លែង​ទៀត ក្រុម​ឈ្មួញ​ឈើ​ទាំងនោះ​ហាក់​ដឹងខ្លួន​មុន ហើយ​បាន​នាំ​គ្នា​ដឹក​ជញ្ជូន​ឈើ និង​សម្ភារៈ​កែ​ច្នៃ​ឈើ​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ជ្រៅ ប៉ុន្តែ​សមត្ថកិច្ច​បាន​បន្ត​ស្វែងរក​ឃើញ និង​ធ្វើការ​រឹបអូស​បាន​មួយ​ចំនួន​ថែម​ទៀត​។

បច្ចុប្បន្ន​ កម្លាំង​មន្ត្រី​ព្រៃឈើ​ខេត្ត​កំពុង​ប្រើប្រាស់​មធ្យោបាយ​ដើម្បី​ដឹក​ជញ្ជូន​វត្ថុ​តាង​នៃ​បទល្មើស​ដែល​រឹបអូស​បាន​នោះ​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​ចងក្រង​សំណុំ​ឯកសារ​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាមនីតិវិធី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ