ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​កសិកម្ម​ចុះ​កិច្ចសន្យា​ផលិត​ដំឡូង​មី​សរីរាង្គ​លក់​ឱ្យ​ក្រុមហ៊ុន

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ដោយ​មើលឃើញ​ពី​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យាធានា​បាន​នូវ​តម្លៃ​លើ​ទីផ្សារ និង​ទទួល​បាន​គុណប្រយោជន៍​ខ្ពស់​ដល់​កសិករ សហគមន៍​កសិកម្ម​ចំនួន​៨​ក្នុង​ចំណោម​សហគមន៍​៤៣ បាន​ចុះ​កិច្ចសន្យា​ផលិត​ដំឡូង​មី​សរីរាង្គ​លក់​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តព្រះវិហារ ។ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ យោគយល់​គ្នា…

ខេត្តព្រះវិហារ ៖ ដោយ​មើលឃើញ​ពី​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យាធានា​បាន​នូវ​តម្លៃ​លើ​ទីផ្សារ និង​ទទួល​បាន​គុណប្រយោជន៍​ខ្ពស់​ដល់​កសិករ សហគមន៍​កសិកម្ម​ចំនួន​៨​ក្នុង​ចំណោម​សហគមន៍​៤៣ បាន​ចុះ​កិច្ចសន្យា​ផលិត​ដំឡូង​មី​សរីរាង្គ​លក់​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តព្រះវិហារ ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ យោគយល់​គ្នា និង​ចុះ​កិច្ចសន្យា​ផលិតកម្ម ផលិត​ដំណាំ ផ្គត់ផ្គង់​ស្រូវ និង​ដំឡូង​មី​សរីរាង្គ រវាង​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍​, ក្រុមហ៊ុន​ស៊ិ​ក​នេ​ត​ឆ័​រ​អេ​ស៊ា​, ក្រុមហ៊ុន​អា​ហ្គ្រោ អង្គរ​អុ​ី​ន​ធើ​ត្រេ​ត និង​ក្រុមហ៊ុន​សាជីវកម្ម​សហគមន៍​កសិកម្ម​កម្ពុជា ជាមួយ​សហគមន៍​កសិកម្ម​ទាំងនោះ កាលពី​ថ្ងៃ​ទី​៧ មិថុនា ម្សិលមិញ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា ដោយសារ​តែ​ខេត្តព្រះវិហារ​មាន​សក្តានុពល​ខាង​ផលិតផល​សរីរាង្គ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ សហគមន៍​កសិកម្ម​ចំនួន​៣២​ក្នុង​ចំណោម​សហគមន៍​ទាំង​៤៣​ក្នុង​ខេត្តព្រះវិហារ បាន​ចុះ​កិច្ចសន្យា​ផលិត ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ និង​ដំឡូង​មី​សរីរាង្គ​ជូន​ក្រុមហ៊ុន​ចំនួន​៤​ខាងលើ ដែល​មាន​ទិន្នផល​សរុប​ជាង​៣​ម៉ឺន​តោន ក្នុង​នោះ ស្រូវ​សរីរាង្គ​ជាង​២​ម៉ឺន​តោន និង​ដំឡូង​មី​សរីរាង្គ​ជាង​១​ម៉ឺន​តោន ។

លោក​បាន​បន្ដ​ថា ៖« ពេល​នេះ មាន​សហគមន៍​ចំនួន​៨​ទៀត ក្នុង​ចំណោម​សហគមន៍​ទាំងអស់ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ដើម្បី​ផលិត​ដំណាំ​ដំឡូង​មី​សរីរាង្គ​លក់​ជូន​ក្រុមហ៊ុន​ទាំងនោះ » ។
លោក​បញ្ជាក់​ថា ជុំវិញ​ដំណើរការ​របស់​សហគមន៍​កសិកម្ម​ទាំងអស់​នៅ​ក្នុង​ខេត្តព្រះវិហារ គិត​មក​ដល់​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៨​នេះ សហគមន៍​កសិកម្ម​ទូ​ទាំង​ខេត្តព្រះវិហារ មាន​សមាជិក​សរុប​ប្រមាណ​ជា​៩.២០០​នាក់ មាន​ទុន​ជា​សាច់ប្រាក់​សរុប​ជាង​១,៣​លាន​ដុល្លារ ក្នុង​នោះ​ដែរ មុខរបរ​សំខាន់​ៗ​របស់​សហគមន៍​ផ្តោត​លើ​ការ​ធ្វើ​ឥណទាន​កសិកម្ម​, ផ្គត់ផ្គង់​សម្ភារ​កសិកម្ម​, ទីផ្សារ​ស្រូវ និង​ដំឡូង​មី​សរីរាង្គ​រួម​គ្នា ។

អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ លោក​ឧកញ៉ា សុង សា​រ៉​ន មាន​ប្រសាសន៍​ថា ដោយ​មើលឃើញ​ពី​កា​រវិ​វត្ត​លើ​ការ​វិនិយោគ​វិស័យ​កសិកម្ម​ស្រូវ​សរីរាង្គ ក្រុមហ៊ុន​នឹង​បង្កើន​ការ​ទិញ​កសិផល​របស់​សហគមន៍​កសិកម្ម​នៅ​ក្នុង​ខេត្តព្រះវិហារ លើ​ដំណាំ​ស្រូវ​សរីរាង្គ​រហូត​ដល់​ទៅ​៤ ទៅ​៥​ម៉ឺន​តោន​នៅ​ឆ្នាំ​បន្តបន្ទាប់​ខាង​មុខ​នេះ ។
លោក​ឧកញ៉ា​បន្ដ​ថា ៖« ក្រៅពី​ដំណាំ​ស្រូវ​សរីរាង្គ ក្រុមហ៊ុន​បាន​បង្កើត​ទីផ្សារ​ទិញ​ដំឡូង​មី​សរីរាង្គ​ពី​សហគមន៍​កសិកម្ម​ចំនួន​៨​បន្ថែម​ទៀត​ដើម្បី​កែ​ច្នៃ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ ម្យ៉ាងវិញទៀត ក្នុង​គោលបំណង​សំខាន់​ធានា​បាន​នូវ​តម្លៃ​ទីផ្សារ​ដំឡូង​មី​ឲ្យ​មាន​ភាព​ស្ថិតស្ថេរ ការពារ​មិន​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​អ្នក​ផលិត » ។

លោក​ឧកញ៉ា​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ កំពុង​ដំណើរការ​សាងសង់​រោងចក្រ និង​ឃ្លាំង​សម្រាប់​ស​ម្ងួ​ត​ស្រូវ​ស្ថិត​ក្នុង​ក្នុងភូមិ​សាស្ត្រ​ឃុំ​សាលា​វិស័យ ខេត្តកំពង់ធំ ដើម្បី​ប្រមូល​ទិញ​ពី​សហគមន៍​ទាំងអស់​យក​មក​ស​ម្ងួ​ត រួច​កិន វេច​ខ្ចប់ និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។
លោក លី សា​រ៉ា​រិ​ទ្ធ អភិបាលរង​ខេត្ត ក៏​បាន​សំណូមពរ និង​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទាំងអស់ ក៏​ដូច​ជា​សហគមន៍​កសិកម្ម ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​កសិកម្ម​នៅ​ខេត្តព្រះវិហារ ត្រូវធ្វើ​យ៉ាងណា បង្កើន​ការ​ផលិត​ប្រកបដោយ​គុណភាព ស្តង់ដា​ខ្ពស់ ស្រប​តាម​គោលការណ៍​របស់​ក្រុមហ៊ុន ដោយ​ចៀសវាង​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ទៅ​លើ​ដំណាំ ។

អ្នកស្រី គឹ​ម ម៉ា​រី តំណាង​សហគមន៍​កសិកម្ម​ជាំ​ក្សាន្ត​ជាយ​ដែន​មាន​ជ័យ បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​ចាប់​យក​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ដោយ​មើលឃើញ​ថា ការ​ធ្វើ​បែប​នេះ​ធានា​បាន​នូវ​តម្លៃ​ទីផ្សារ​កសិផល​មាន​តម្លៃ​ថ្លៃ​សមរម្យ បើ​ធៀប​នឹង​កសិផល​ដែល​លក់​ទៅ​ឲ្យ​ឈ្មួញកណ្តាល ។ ជាក់ស្តែង ស្រូវ​សរីរាង្គ​របស់​ពួក​គាត់​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​១​តោន ចំណេញ​ពី​២៥​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល បើ​ធៀប​នឹង​លក់​ទៅ​ឲ្យ​ឈ្មួញកណ្តាល​ដើរ​ប្រមូល​ទិញ ។

អ្នកស្រី​ថា ៖« ដោយ​មាន​ជំនឿ​ទុកចិត្ត​លើ​ក្រុមហ៊ុន សហគមន៍​របស់​យើង​នឹង​បន្ត​ចុះ​កិច្ចសន្យា​ផលិត​ដំណាំ​ដំឡូង​មី​បន្ថែម​ទៀត​លក់​ឲ្យ​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ខាងក្រៅ ២០​រៀល​ក្នុង​១​គីឡូក្រាម​សម្រាប់​ដំឡូង​មី​ស្រស់ » ។

លោក កៅ ថា​ច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ មាន​ប្រសាសន៍​ផង​ដែរ​ថា ប្រសិនបើ​សហគមន៍​កសិកម្ម​ណាមួយ​ខ្វះខាត​ទុន​សម្រាប់​ធ្វើការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ក្នុង​ការ​ផលិត​នូវ​ដំណាំ​កសិកម្ម សហគមន៍​នោះ​អាច​មាន​លទ្ធភាព​ស្នើ​សុំ​កម្ចី​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន ក្នុង​គោលបំណង​ដើម្បី​សម្រួល​ដល់​ដំណើរការ​អនុវត្ត​កសិកម្ម​នេះ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​ស្ទួយ​នូវ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ