ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ពោត​ទទួល​រង​ការ​ខូចខាត ខណៈ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ធ្វើ​ឲ្យ​ដំណាំ​ពោតក្រហម​របស់​កសិករ​ជា​ច្រើន​នៅ​ក្រុងប៉ៃលិន កំពុង​ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​ហិ​កតា ខណៈ​ចម្ការ​ខ្លះ​ពោត​ជិត​ដាក់​ស្នៀត​ទៅ​ហើយ ។ អ្នកស្រី ទូច ពៅ…

ខេត្ត​ប៉ៃលិន ៖ ដោយសារ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ធ្វើ​ឲ្យ​ដំណាំ​ពោតក្រហម​របស់​កសិករ​ជា​ច្រើន​នៅ​ក្រុងប៉ៃលិន កំពុង​ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​ហិ​កតា ខណៈ​ចម្ការ​ខ្លះ​ពោត​ជិត​ដាក់​ស្នៀត​ទៅ​ហើយ ។
អ្នកស្រី ទូច ពៅ រស់នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ប្រាប់​កោះសន្ដិភាព​ថា អ្នកស្រី​បាន​ដាំពោត​ក្រហម​ចំនួន​១​ហិ​កតា ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៣​គីឡូម៉ែត្រ ។ បន្ទាប់​ពី​ដំណាំ​នេះ​ដុះ​លូតលាស់​យ៉ាង​ល្អ និង​ជិត​បញ្ចេញ​ស្នៀត​ទៅ​ហើយ​នោះ ស្រាប់តែ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ បណ្តាល​ឱ្យ​ទឹក​ដក់​រលួយ​គល់​ខូចខាត​អស់ទាំង​ស្រុង​តែ​ម្តង ។

អ្នកស្រី​បន្ត​ថា ៖« ខ្ញុំ​រំពឹង​ថា ក្រោយ​ពេល​ប្រមូល​ផល នឹង​លក់​សងបំណុល​គេ តែ​ពេល​នេះ ខ្ញុំ​ពិតជា​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ជីវភាព ខណៈ​ដំណាំ​ក៏​ខូច បំណុល​ក៏​ជំពាក់ » ។

អ្នកស្រី​បន្ដ​ថា ៖« នៅ​តំបន់​នេះ មិន​ត្រឹមតែ​ដំណាំ​ពោត​របស់ខ្ញុំ​ទេ ដែល​ទទួល​រង​ការ​ខូចខាត សូ​ម្បី​តែ​ចម្ការ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ក៏​បាន​ខូច​អស់​ជា​ច្រើន​ផង​ដែរ ហើយ​បើសិនជា​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ មើលទៅ​ចម្ការ​ដទៃ​ទៀត​ក៏​មាន​វាសនា​ដូច​ចម្ការ​ខ្ញុំ​ដែរ » ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សួន​អំពៅ ភូមិ​បា​ហ៊ី​ជើង ភូមិ​ប៉ា​ហ៊ី​ត្បូង ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​បាន​ដាំ​ដំណាំ​ពោតក្រហម​ដូច​គ្នា​នេះ​ដែរ ក៏​បាន​លើក​ឡើង​ថា ដំណាំ​ពោត​របស់​ពួក​គាត់​ក៏​ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​ដែរ ។
ប្រជាពលរដ្ឋ​ទាំងនេះ​និយាយ​ថា ពួក​គាត់​ប្រហែលជា​មិន​ទទួល​បាន​ផល​ច្រើន​ប៉ុន្មាន​ទេ នៅ​ដើមរដូវ​ឆ្នាំ​នេះ បើសិនជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​ហើយ​មិន​ត្រឹមតែ​ដំណាំ​ពោត​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ដំឡូង​មី​ដែល​ស្ថិត​នៅ​ត្រង់​តំបន់​ទំនាប ក៏​កំពុង​ទទួល​រង​ការ​រលួយ​ងាប់​អស់​ជា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ដែរ ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​លាន់មាត់​គ្រប់​គ្នា​ថា ៖« នៅ​ឆ្នាំ​ថ្មី​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​ឆ្នាំ​ណា​ៗ​ទាំងអស់ ដោយ​ពួក​គាត់​មិន​ធ្លាប់​ជួប​ប្រទះ​ឡើយ » ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក សាយ សុ​ផាត បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ដំណាំ​ពោតក្រហម​នៅ​តាម​ចម្ការ​នីមួយ​ៗ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ស្ថិត​នៅ​ត្រង់​កន្លែង​ដី​ទំនាប ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​ហិ​កតា ដោយសារ​តែ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ធ្វើ​ឲ្យ​ដំណាំ​ទាំងនោះ​រលួយ​គល់ ។ ទោះ​យ៉ាងនេះ​ក្ដី លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​ជាក់លាក់ ស្តី​ពី​ការ​ខូចខាត​ដំណាំ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ទាំងអស់​ដែល​ប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម បើសិនជា​អាច សូម​រៀបចំ​ធ្វើការ​ឈូស​ឆាយដី​បង្កើត​ជា​ប្រឡាយ​ទឹក​បង្ហូរ​ចេញ​-​ចូល​ទៅ​ក្នុង​អូរ​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន ទោះបីជា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ប៉ុនណា ក៏​មិន​ព្រួយបារម្ភ​ពី​ការ​ដក់​ទឹក​រង​ការ​ខូចខាត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ