ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​រ៉ែ​ ៖ ​កម្ពុជា​អាច​មាន​លទ្ធភាព​លក់អគ្គិសនី​ដល់​ថៃ​នៅ​ពេលអនាគត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​គ្រោង​លក់​ថាមពល​អគ្គិសនី​ដល់​ប្រទេស​ថៃ​នៅ​ពេល​អនាគត ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៣ កំពុង​សិក្សា​លទ្ធភាព​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម នៅ​ខេត្តកោះកុង ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​គ្រោង​លក់​ថាមពល​អគ្គិសនី​ដល់​ប្រទេស​ថៃ​នៅ​ពេល​អនាគត ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៣ កំពុង​សិក្សា​លទ្ធភាព​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម នៅ​ខេត្តកោះកុង ។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុ​យ សែ​ម បាន​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃ​ថ្មី​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ថា បន្ទាប់​ពី​កម្ពុជា​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ក្នុង​ប្រទេស បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៣ ដែល​ទទួល​បាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​សិក្សា​លទ្ធភាព​របស់​ខ្លួន ដើម្បី​សាងសង់​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម នៅ​ក្នុង​ទឹកដី​ខេត្តកោះកុង​បន្ថែម​ទៀត ។

ក្រុមហ៊ុន​ទាំង​៣​នោះ​រួម​មាន ៖ ១-​ក្រុមហ៊ុន Smart Coppertion ប្រទេស​ថៃ គ្រោង​សាងសង់​រោងចក្រ​មាន​កម្លាំង​២​ពាន់​មេ​ហ្គា​វ៉ា​ត់ ។ ២-​ក្រុមហ៊ុន Samphon Thavy Road and Bridge Contruction ប្រទេស​ឡាវ គ្រោង​សាងសង់​រោងចក្រ​មាន​កម្លាំង​១.២០០​មេ​ហ្គា​វ៉ា​ត់ និង​៣-​ក្រុមហ៊ុន Koh Kong Octility Co., Ltd. គ្រោង​សាងសង់​រោងចក្រ​មាន​កម្លាំង​៤​ពាន់​មេ​ហ្គា​វ៉ា​ត់ ដើម្បី​លក់​ថាមពល​អគ្គិសនី​ទៅ​កាន់​ប្រទេស​ថៃ បន្ទាប់​ពី​មានការ​ប្រើប្រាស់​នៅ​ក្នុងស្រុក​គ្រប់គ្រាន់ ។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ថៃ ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ឥត​ឈប់​ឈរ ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជា​ពិសេស កិច្ច​សហប្រតិបត្តិការ​ចែកចាយ​ថាមពល​អគ្គិសនី នៅ​ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ដោយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​ព្រំដែន ទទួល​បាន​ប្រភព​ថាមពល​សម្រាប់​បម្រើ​តាម​សេចក្តី​ត្រូវការ​របស់​ពួក​គេ ។

លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃ​ថ្មី​ប្រចាំ​កម្ពុជា បាន​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ខណៈ​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​ថៃ គឺជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​ជា​យូរលង់​ណាស់​មក​ហើយ និង​មាន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​សឹងតែ​គ្រប់​វិស័យ ដោយ​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នៅ​លើ​ផ្នែក​សេដ្ឋកិច្ច ជា​ពិសេស ការ​ជំរុញ​ត​បណ្តាញ​ចែកចាយ​អគ្គិសនី តាម​រយៈ​កិច្ចសន្យា​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​ព្រំដែន ទទួល​បាន​ថាមពល​សម្រាប់​ការ​រស់នៅ និង​ការ​ប្រកប​មុខរបរ​ក្នុង​អាជីវកម្ម​ផ្សេង​ៗ ។

បច្ចុប្បន្ន ភូមិ​ចំនួន​ជាង​៨០%​ទូ​ទាំង​ប្រទេស​កំពុង​មានការ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​រួច​ហើយ ក្នុង​នោះ​រាជធានី​-​ខេត្ត​ចំនួន​១៩ បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ជាតិ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ប្រើប្រាស់​បណ្តាញ​អគ្គិសនី​ឯកជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ