ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ប្រាប់​សមាជិក​ឱ្យ​ត្រៀម​ទុនបម្រុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ តែ​សុខភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ មិន​មាន​អ្វី​ប្រែប្រួល​ឬ​គួរ​ឲ្យ​បារម្ភ​ឡើយ ក្នុង​នោះ​គេ​ឃើញ​កម្ចី​ឥណទាន និង​ប្រាក់​បញ្ញើ​នៅ​តាម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា ដែល​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន បាន​កើនឡើង​ទន្ទឹម​គ្នា ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ តែ​សុខភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ មិន​មាន​អ្វី​ប្រែប្រួល​ឬ​គួរ​ឲ្យ​បារម្ភ​ឡើយ ក្នុង​នោះ​គេ​ឃើញ​កម្ចី​ឥណទាន និង​ប្រាក់​បញ្ញើ​នៅ​តាម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា ដែល​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន បាន​កើនឡើង​ទន្ទឹម​គ្នា ។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ហៅ​កាត់​ថា​(CMA) បាន​ប្រកាស​ឲ្យ​សមាជិក​របស់​ខ្លួន​ទាំងអស់ គួរតែ​ត្រៀម​ទុនបម្រុង​សម្រាប់​ទប់ទល់​នឹង​ស្ថានការណ៍​ដែល​អាច​កើត​មាន​ជាយថាហេតុ ក្រែង​មាន​អតិថិជន​អ្នក​ដាក់​ប្រាក់​បញ្ញើ​ត្រូវការ​ដក​ប្រាក់​បន្ទាន់​យក​ទៅ​ប្រើប្រាស់ បើ​ទោះបីជា​ស្ថានភាព​នយោបាយ​មិន​ប្រែប្រួល​ក៏​ដោយ ។

ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជានា​យក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ នៅ​តែ​មាន​ភាពល្អ​ប្រសើរ បើ​ទោះបីជា​ឆ្នាំ​នេះ កម្ពុជា​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោតជាតិ​ក៏​ដោយ ។ លោក​ថា ៖« ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ មិនមែន​ជា​លើក​ទី​១ ទី​២ ឬ​ទី​៣​ទេ តែ​វា​ជា​លើក​ទី​៦​ហើយ តាំងពី​ឆ្នាំ​១៩៩៣​មក ហើយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ម្ដង​ៗ ក៏​មិនឃើញ​មាន​ព្រឹត្តិការណ៍​អី​អាក្រក់​ប៉ុន្មាន​ដែរ ក្នុង​នោះ​គេ​ឃើញ​អាជីវកម្ម​នានា​នៅ​កម្ពុជា​នៅ​តែ​ដើរទៅ​មុខ និង​បាន​រុញ​ឲ្យ​កំណើនសេដ្ឋកិច្ច​ឈរ​ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​កត់សម្គាល់ »​។

លោក​បន្ដ​ថា ទោះជា​យ៉ាងណា សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ គួរតែ​ត្រៀម​ទុនបម្រុង​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រៀម​ទប់ទល់​ជាមួយនឹង​ស្ថានការណ៍ ។ ក្នុង​ករណី​អតិថិជន​ត្រូវការ​សាច់ប្រាក់​ដក​ជា​បន្ទាន់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ទាំងអស់​ត្រូវ​តែ​មាន​ប្រាក់​សម្រាប់​ទុក​បើក​ជូន​អតិថិជន ។

លោក​និយាយ​ថា ៖« តាម​ពិត​ទៅ ទុនបម្រុង​មិនមែន​សម្រាប់​តែ​ទុក​ក្នុង​ពេល​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​នោះ​ទេ តែ​គ្រប់​គ្រឹះស្ថាន​ទាំងអស់​ត្រូវ​តែ​ត្រៀម​ទុន​នេះ​ឲ្យ​បាន​ល្អជា​និច្ច​។ ម្យ៉ាងទៀត នៅ​ពេល​ស្នើ​សុំ​បើក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ ធនាគារជាតិ​ក៏​បាន​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​មួយ​ចំនួន​នៅ​ក្នុង​ធនាគារជាតិ​ដែរ ដើម្បី​ការពារ​ហានិភ័យ​កើតឡើង នឹង​យក​ប្រាក់​តម្កល់​នោះ​មក​ដោះស្រាយ ក៏​ប៉ុន្តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏​ត្រូវ​មាន​ទុន​ពី​ខាងក្រៅ​ដើម្បី​ត្រៀម​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​ដែរ » ។
ប្រធាន​សមាគម​រូប​នេះ​បន្ត​ទៀត​ថា សម្រាប់ ប្រភព​ទុន​ក៏​មាន​២​ប្រភេទ​ដែរ ក្នុង​នោះ​គឺ​ទុន​ពី​ខាងក្រៅ​ប្រទេស និង​ទុន​ក្នុងស្រុក ហើយ​ទុន​ក្នុងស្រុក​នេះ គឺ​បាន​មក​ពី​ប្រាក់​បញ្ញើ​របស់​អតិថិជន ដែល​យក​មក​ដាក់​នៅ​ក្នុង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​តែ​ម្ដង ។

លោក​បន្ថែម​ថា សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ចង់បាន​ណាស់ គឺ​ទំហំ​ប្រាក់​បញ្ញើ​ច្រើន​ជាង​ឥណទាន តែ​ធាតុ​ពិត​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ទំហំ​ឥណទាន​មាន​ច្រើន​ជាង​ទំហំ​ប្រាក់​បញ្ញើ ដូចនេះ ទាមទារ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​ស្វែងរក​ទុន​បន្ថែម​ពី​ខាងក្រៅ ដើម្បី​ផ្ដល់​កម្ចី​ដល់​អតិថិជន ។ លោក​ថា ៖« បច្ចុប្បន្ន​នេះ ប្រាក់​បញ្ញើ​ពី​អតិថិជន​នៅ​ក្នុង​មីក្រូហិរញ្ញវត្ថុ​ទូ​ទាំង​ប្រទេស មាន​ប្រមាណ​តែ​៥០%​នៃ​ប្រាក់​ឥណទាន​ប៉ុណ្ណោះ ។ ជាក់ស្ដែង ប្រាក់​បញ្ញើ​មាន​តែ​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ខណៈ​ប្រាក់​កម្ចី​មាន​រហូត​ដល់​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក » ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​មីក្រូហិរញ្ញវត្ថុ ស្ថាប័ន​ធនាគារពាណិជ្ជ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​ត្រៀម​ទុន​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​នៅ​ជិត​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​ដែរ បើ​ទោះជា​បច្ចុប្បន្ន​នេះ ស្ថានការណ៍​នយោបាយ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ក៏​ដោយ ។

ជាក់ស្ដែង​ធនាគារពាណិជ្ជ​ធំ​ជាងគេ អេ​ស៊ី​លី​ដា ក៏​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ទុនបម្រុង​ទុក​ជូន​អតិថិជន​របស់​ខ្លួន​ដក នៅ​ពេល​ត្រូវការ​ប្រើប្រាស់​សាច់ប្រាក់​ជា​ចាំបាច់​ណាមួយ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត និង​ក្រោយ​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ