ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួង​ដែនដី​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០% ទិញ​ផ្ទះ​ឬ​អគារ​សម្រាប់​ជួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ថា តាម​រយៈ​ការ​ស្រាវជ្រាវ និង​អង្កេត​ជាក់ស្តែង​នោះ ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ ឬ​អគារ​ប្រមាណ​ពី​៦៥%​ទៅ​៧០%…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ថា តាម​រយៈ​ការ​ស្រាវជ្រាវ និង​អង្កេត​ជាក់ស្តែង​នោះ ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ ឬ​អគារ​ប្រមាណ​ពី​៦៥%​ទៅ​៧០% សម្រាប់​ស្នាក់​នៅ ចំណែក​ពី​២៥%​ទៅ​៣០% ពួក​គាត់​បាន​ទិញ​សម្រាប់​ជួល​យក​កម្រៃ​ប្រចាំខែ ឬ​ទុក​លក់​យកចំណេញ និង​សម្រាប់​ចែក​ឲ្យ​កូនចៅ​ជាដើម​។ លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ ទទួល​បន្ទុក​សំណង់ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០១៨​នេះ ការ​បោះទុន​វិនិយោគ​ពី​បរទេស​លើ​វិស័យ​សំណង់ ចំនួន​៣២៧​គម្រោង ផ្ទៃក្រឡា​សំណង់​មាន​១៣.៩៧៣.៣៦៧​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន ទុន​វិនិយោគ​ចំនួន ៤.៨៩២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុង​ចំណោម​១៨​ប្រទេស ក្នុង​នោះ​ប្រទេស​ដែល​វិនិយោគ​ច្រើន​ជាងគេ គឺ​ជនជាតិ​ចិន បន្ទាប់​មក ជនជាតិ​កូរ៉េ ជប៉ុន ថៃ និង​សិង្ហ​បុរី​ជាដើម ដែល​ជនបរទេស​ទាំងនោះ មាន​សិទ្ធិ​ទិញ​ចាប់ពី​ជាន់​ទី​១​ឡើង​ទៅ ចំណែកឯ​ជាន់​ផ្ទាល់​ដី​មិន​មាន​សិទ្ធិ​ទិញ​នោះ​ទេ​។

លោកបន្ត​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​រៀបចំ និង​អនុវត្តន៍​ច្បាប់​ស្តី​ពី​ការ​ផ្តល់​សិទ្ធិកម្មសិទ្ធិ​លើ​ចំណែក​ឯកជន លើ​នៃ​អគារ​សហកម្មសិទ្ធិ​ជនបរទេស បាន​អនុម័ត​កាលពី​ឆ្នាំ​២០១០ តែ​អនុវត្តន៍​នៅ​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០១៧​នេះ ក្រសួង​បាន​ចុះបញ្ជី​ផ្ទេរ​សម្រាប់​ការ​ទិញ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​ដល់​ជនជាតិ​ខ្មែរ និង​ជនបរទេស​មាន​ចំនួន ២.៨៥៧ លំនៅ​ក្នុង​នោះ​កម្មសិទ្ធិករ​ជា​ជនបរទេស​ចំនួន​៧៣៣​ប​ណ្ណ័ អគារ​សហកម្មសិទ្ធិ​ដែល​លក់​ផ្តាច់​ចំនួន​១.០៣៥ ប​ណ្ណ័ អំណោយ​ផ្តាច់​២០ និង​សន្តតិ​កម្ម​ចំនួន​០១ អគារ​។ លោក ឡៅ ទិព្វ​សីហា បាន​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​លើ​ទីផ្សារពលកម្ម នៃ​វិស័យ​សំណង់ បាន​បង្ហាញ​ថា វិស័យ​សំណង់ បាន​ស្រូប​យក​កម្លាំង នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​២៣​ម៉ឺន​នាក់​ទៅ​២៦​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ និង​ស្រូប​បាន​អ្នកបច្ចេកទេស ជា​វិស្វករ ចំនួន ៣.០០០​នាក់​។

ចំណែក​ស្ថាបត្យករ​ស្រូប​បាន​ចំនួន​១.៥០០​នាក់ ដូចនេះ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​មាន​កម្លាំង​ខ្លាំងក្លា ដែល​ទីផ្សារ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​នៅ​មាន​កង្វះខាត​នៅឡើយ ហើយ​កន្លង​មកនេះ ក្រសួង​បាន​ចេញ​នូវ​សៀវភៅ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ក្នុង​ការដ្ឋាន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ​ដល់​កម្មករ និង​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន តំណាង​ក្រុមហ៊ុន​សាងសង់ និង​តំណាង​អ្នក​ទទួល​ការ​សាងសង់ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​។ លោកបាន​បញ្ជាក់​ថា វិស័យ​សំណង់ គឺជា​ចន្ទល់​មួយ​យ៉ាង​សំខាន់ ហើយ​ក៏​ជា​វិស័យ​មួយ​រួមចំណែក និង​នាំមុខ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​ក៏​បង្ហាញ​ពី​ការ​វិនិយោគ​ជាក់ស្តែង និង​ជា​សញ្ញា​កៀរគរ​វិស័យ​ឯកជន​ក្នុងស្រុក និង​ក្រៅប្រទេស​ឲ្យ​មក​វិនិយោគ និង​បណ្តាក់ទុន​លើ​វិស័យ​ដីធ្លី និង​សំណង់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្តេច​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត ទៅ​លើ​ការ​គូសវាស​ជា​ស្ថាបនិក ជា​ស្ថាបត្យករ​ដ៏​ល្បី​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ពេល​នេះ​។ សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​៥​ឆ្នាំ ឬ​មួយ​អណ​ត្តិ​ទី​៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី នា​ពេល​កន្លង​មកនេះ បាន​ធ្វើ​ឲ្យ​រី​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​សំណង់​មានការ​កើនឡើង​ចំនួន​១១.៩៥៩ គម្រោង ដែល​មាន​ទុន​វិនិយោគ សរុប​ប្រមាណ ២០.៩៧៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ