ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់​លំនៅ​ឋាន​បែរមុខ​ទៅ​ណា​ដើម្បី​នាំ​លាភ​សំណាង​ចូល​ផ្ទះ ?

5 ឆ្នាំ មុន

ទម្លាប់​ខ្មែរ​យើង​តាំងពី​ដើម​រៀង​មក​ភាគច្រើន​ណាស់​ដែល​គាត់​មាន​ជំនឿ​លើ​ទិស​ដោយ​មាន​ផ្នត់គំនិត​ថា ការ​រក​ទទួលទាន​កាក់កប ឬ​មិន​កប​ប្រសើរ​នោះ​ក៏​មក​ពី​ការ​រៀបចំ​អ្វីមួយ​ត្រឹមត្រូវ ឬ មិន​ត្រូវ​ទៅ​តាម​ទិស ។ ដោយ​ហោចទៅ​សូ​ម្បី​តែ​ហោមពិធី​ដូច​ជា ពិធី​ក្រុង​ពាលី ពិធី​បន់ស្រន់​អា​រុក្ខ​អារក្ស ទេវតា…

ទម្លាប់​ខ្មែរ​យើង​តាំងពី​ដើម​រៀង​មក​ភាគច្រើន​ណាស់​ដែល​គាត់​មាន​ជំនឿ​លើ​ទិស​ដោយ​មាន​ផ្នត់គំនិត​ថា ការ​រក​ទទួលទាន​កាក់កប ឬ​មិន​កប​ប្រសើរ​នោះ​ក៏​មក​ពី​ការ​រៀបចំ​អ្វីមួយ​ត្រឹមត្រូវ ឬ មិន​ត្រូវ​ទៅ​តាម​ទិស ។ ដោយ​ហោចទៅ​សូ​ម្បី​តែ​ហោមពិធី​ដូច​ជា ពិធី​ក្រុង​ពាលី ពិធី​បន់ស្រន់​អា​រុក្ខ​អារក្ស ទេវតា អ្នកតា ពិធីសែនព្រេន​ជាដើម តែង​ឃើញ​ចាស់ទុំ​ក្នុងភូមិ​រៀបចំ​ទីកន្លែង​បែរ​ទៅ​ទិស​ណា​ដែល​គាត់​យល់​ថា នាំ​សុខ​ចម្រើន នាំ​លាភ​សំណាង​ដល់​កូនចៅ ។

ម្យ៉ាងទៀត​ការ​កសាង​លំនៅ​ឋាន មុន​នឹង​កសាង ម្ចាស់ផ្ទះ​តែង​ទៅ​រក​គ្រូ​ហោរ​គុណ​គូរ​មើល​ដី​ភូមិឋាន​ឱ្យ​ជាក់លាក់​ជា​មុន​សិន​ទើប​ហ៊ាន​សាងសង់​ជា​ក្រោយ ដែល​ភាគច្រើន​ប្រជាជន​ខ្មែរ​យើង​ច្រើន​ពេញ​និយម​សង់​លំនៅ​ឋាន​បែរមុខ​ទៅ​ទិស​ខាងកើត និង​ទិស​ត្បូង ដែល​យល់​ថា នាំ​សុខ​ចម្រើន នាំ​ឱ្យ​រកស៊ី​មានបាន នាំ​លាភ នាំ​សំណាង​ចូល​ផ្ទះ ។

ខាងក្រោម​នេះ​ជា​ទិស​៦​ដែល​លោក​អ្នក​គួរ​ជ្រើសរើស​តាម​ចិត្ត​ចង់​ថា​តើ​ទិស​មួយ​ណា​នាំ​ឱ្យ​សុខ​ចម្រើន នាំ​ហេង​ហេង​ចូល​ផ្ទះ ។

១-​ទិស​ខាងកើត លោក​ទុកដូចជា​មាតាបិតា​។
មាតាបិតា​ដែល​លោក​ប្រៀប​ទៅ​នឹង​ទិសបូព៌ ដោយ​អធិប្បាយ​ថា មាន​គុណូបការៈ​ដល់​បុត្រ​ធីតា​ច្រើន​ជាង​មនុស្ស​ដទៃ និង​មុន​បំផុត​ជាងគេ ។

២-​ទិស​ខាងត្បូង​ទុកដូចជា​គ្រូ​បា​អាចារ្យ​។
គ្រូអាចារ្យ​ដែល​លោក​ប្រៀប​នឹង​ទិសទក្សិណ ដោយ​អធិប្បាយ​ថា ដូច​ដៃស្តាំ​ដែល​នឹង​ធ្វើ​ឱ្យ​សម្រេចប្រយោជន៍​នោះ​ៗ​។

៣-​ទិស​ខាងលិច​ទុកដូចជា​ប្រពន្ធ​។
ភរិយា​ដែល​លោក​ប្រៀប​នឹង​ទិសបស្ចិម ដោយ​អធិប្បាយ​ថា ជា​ស្ត្រី​ដើរ ឬ​ធ្វើ​តាម​ក្រោយ​ស្វាមី ។

៤-​ទិស​ខាងជើង​ទុកដូចជា​មិត្តសម្លាញ់​។
មិត្តសម្លាញ់ ដែល​លោក​ប្រៀប​នឹង​ទិសឧត្តរ​ដោយ​អធិប្បាយ​ថា ដូច​ដៃ​ឆ្វេង​ដែល​សម្រាប់​ជួយ​ដៃស្តាំ​ឱ្យ​សម្រេចប្រយោជន៍​នោះ​ៗ​បាន​។

៥-​ទិស​ខាងក្រោម​ទុកដូចជា​ទាសកម្មករ​។
ទាសកម្មករ​ដែល​លោក​ប្រៀប​នឹង​ទិស​ខាងក្រោម ដោយ​អធិប្បាយ​ថា ជា​អ្នកទាប​ថោក​ជាង​ចៅហ្វាយនាយ ឬ​នៅ​ក្រោម​បង្គាប់​ចៅហ្វាយនាយ​។

៦-​ទិស​ខាងលើ​ទុកដូចជា​សមណព្រាហ្មណ៍​។
សមណព្រាហ្មណ៍ ដែល​លោក​ប្រៀប​នឹង​ទិស​ខាងលើ ដោយ​អធិប្បាយ​ថា ជា​អ្នកមាន​គុណធម៌​ខ្ពង់ខ្ពស់​ជាង​គ្រហស្ថ ។

ទស្សនៈ​ខ្ញុំ​យល់​ថា សកម្មភាព​សព្វបែបយ៉ាង​ដែល​យើង​ធ្វើ​ដោយ​សុចរិត​៣​យ៉ាង​គឺ កាយសុចរិត វចីសុចរិត និង​មនោ​សុចរិត ប្រាកដជា​នាំ​សុខសួស្តី នាំ​លាភ​សំណាង​មហាប្រសើរ​ចូល​ផ្ទះសម្បែង ។ រឿង​ការ​ប្រកាន់​ទិស​នោះ​គ្រាន់តែ​ជា​ហេតុផល​បន្ទាប់បន្សំ​ប៉ុណ្ណោះ តែ​យើង​ក៏​មិន​អាច​បោះបង់​ចោល​ទម្លាប់​នេះ​បាន​ដែរ ។