រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា ការលើកឡើងរបស់លោក សម រង្ស៊ី ដែលជាអតីតមេបក្សប្រឆាំងបានប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរដោយចោទប្រកាន់ព្រះរាជសារព្រះអង្គដែលព្រះរាជឱង្ការឲ្យពលរដ្ឋទៅបោះឆ្នោតថា ព្រះរាជសារក្លែងក្លាយ ។ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះបន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «លិខិតព្រះមហាក្សត្រអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩ កក្កដា ខាងមុខគឺជាលិខិតក្លែងក្លាយទេ ឬក៏ជាលិខិតមួយដែលបានធ្វើឡើងក្រោមការគំរាមកំហែងពីជនផ្តាច់ការដែលចេះតែដើរគំរាមកំហែងអ្នកដទៃមានទាំងព្រះមហាក្សត្រផងដែរ» ។
យ៉ាងណាក្តីលោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី៧ មិថុនា ថាមានពួកអគតិប្រឆាំងនឹងព្រះរាជតម្រិះរបស់ព្រះមហាក្សត្រជាទីគោរពសក្ការៈ របស់ប្រជារាស្ត្រ ព្រះអង្គនៅទូទាំងប្រទេសដែលព្រះអង្គទ្រង់ត្រាស់បង្គាប់ និងលើកទឹកចិត្តឲ្យប្រជារាស្ត្រព្រះអង្គទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយកុំឲ្យមានការព្រួយបារម្ភ និងភ័យខ្លាច តាមសតិសប្បជ្ជញ្ញៈរបស់ខ្លួន ។ លោកថា ការមិនចង់ឲ្យប្រជាជនកម្ពុជាទៅបោះឆ្នោតគឺជាចេតនាទុច្ចរិតរបស់លោក សម រង្ស៊ី និងបក្ខពួកឧទ្ទាមក្រៅច្បាប់ដែលផ្ទុយពីព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសកម្ពុជា ។
អ្នកនាំពាក្យបក្សកាន់អំណាចគូសបញ្ជាក់ថា «សម រង្ស៊ី ដែលហ៊ានប្រកាសថា ព្រះរាជសាររបស់ព្រះមហាក្សត្រជាព្រះរាជសារក្លែងក្លាយគឺជាការប្រកាសរបស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញច្បាស់ថា ទណ្ឌិតរូបនេះពិតជាប្រមាថព្រះចេស្តាររបស់ព្រះមហាក្សត្រយ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានឡើយដែលត្រូវតែទទួលខុសត្រូវចំពោះច្បាប់ ។ ទណ្ឌិត សម រង្ស៊ី កាន់តែសន្សំបាននូវបទល្មើសធ្ងន់ធ្ងរថែមទៀតដល់ខ្លួនដោយខ្លួនឯងផ្ទាល់» ។
សូមជម្រាបថា យោងតាមព្រះរាជសាររបស់ព្រះមហាក្សក្សដែលចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកនេះ ព្រះករុណា ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារជូនជនរួមជាតិ ដោយព្រះអង្គបានមានព្រះរាជឱង្ការដល់ប្រជារាស្ត្រខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕
អត្ថបទទាក់ទង ៖ ព្រះមហាក្សត្រមានព្រះរាជឱង្ការទៅកាន់ពលរដ្ឋឱ្យចូលរួមបោះឆ្នោតទាំងអស់គ្នា
ចែករំលែកព័តមាននេះ