ម្ចាស់​បទ​ «​មាន់​ស្រែ​» ថា ​ចោល​ហង្ស​មាស​មិន​ខាត (មាន​វីដេអូ)


រាជធានី​ភ្នំពេញ ៖ មុន​ពេល​ល្បីឈ្មោះ​កញ្ញា​រ៉ា​ប៊ី​ស្ទើរតែ​អស់សង្ឃឹម ម្តង​ៗ​ដោយសារ​តែ​សុខចិត្ត​ចោល​តំណែង​ពិធី​ការិនី​នៅ​ហង្ស​មាស​ទៅ​ធ្វើ​ជា​តារាចម្រៀង​នៅ​ផលិតកម្ម​ថោន​​បែរជា​ស្ងាត់​រាប់​ខែ ។ ឥឡូវ​រ៉ា​ប៊ី​បាន​ល្បីឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ថែម​ទាំង​ប្រែប្រួល​សម្រស់​​ស្អាត​ជាង​មុន ឯ​ក្បាច់​រាំ​វិញ​រស់​រវើក ។ នាង​ថែម​ទាំង​ធ្លាប់​មានឱកាស​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ទៀត​ផង ។

កាលពី​អំឡុង​ពេល​កំពុង​ល្បី​កក្រើក​ខ្លាំង បទ​ចម្រៀង​ «​មាន់​ស្រែ​» ​គេ​ដឹង​ថា ម្ចាស់​បទ​ចម្រៀង​​មួយ​នេះ គឺ​កញ្ញា​រ៉ា​ប៊ី តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន មិន​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ពោល​គឺ​នាង​ត្រូវ​ទៅ​ច្រៀង​នៅ​អា​មេ​រិ​ក រយៈពេល​រហូត​ដល់​ទៅ​២​ខែ​ឯណោះ ដែល​ធ្វើ​ឲ្យ​នាង​ខកខាន​ឱកាស​ក្នុង​ការ​បង្ហាញ​ការ​សម្តែង លើ​ឆាក​ប្រគំ​តន្ត្រី​នានា ចែក​ជូន​ដល់​អ្នកគាំទ្រ​ស្រុក​ខ្មែរ ។ ក្រោយ​ពេល​ដឹង​ថា​បទ​ចម្រៀង​នាង​ល្បី រ៉ា​ប៊ី​រំភើបចិត្ត​ព្រោះ​ចោល​តំណែង​មួយ​ធំ​មិន​ខាត​ឡើយ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា រ៉ា​ប៊ី និយាយ​ថា​« ៣​រឿង​ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ផ្លាស់​ប្ដូរ​ក្រោយ​ពី​ផ្ទុះ​បទ​ចម្រៀង​«​មាន់​ស្រែ​»​នោះ គឺ​តម្លៃ​ខ្លួន​កើន​ទ្វេ​មួយ​ជា​២ ។  ទី​២​រាល់ពេល​ចេញ​ច្រៀង​មាន​អ្នកគាំទ្រ និង​ការ​ចាប់អារម្មណ៍​ខុស​ប្លែក​ពី​មុន ។

ហើយ​ទី​៣​ដែល​នាង​ខ្ញុំ​ប្រាប់​ថា​កត់សម្គាល់​ឃើញ​ជាងគេ គឺ​ឆាក​តន្ត្រី ធំ​ៗ​ទាក់ទង​មក​ឲ្យ​ច្រៀង​ដល់​ថ្នាក់​រក​ពេល​សម្រាក​មិន​បាន តាំងពី​ចុះ​ពី​សម្ដែង​នៅ​អា​មេ​រិ​ក​វិញ ។

រឿង​ទាំង​៣​ដែល​បាន​កើតឡើង គឺជា​អ្វី​ដែល​នាង​ខ្ញុំ​មាន​ក្ដី​ស្រមៃ​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ធ្លាប់​កើតឡើង​នោះ​ទេ បើ​ទោះជា​នាង​ខ្ញុំ​ធ្លាប់​បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​មួយ​នេះ តាំងពី​វ័យ​ជាង​១០​ឆ្នាំ ។ ប៉ុន្មាន​ឆ្នាំ​មុន​នាង​ខ្ញុំ​ធ្លាប់​កាន់​តួនាទី​ជា​ពិធី​ការិនី​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​នៅ​ហង្ស​មាស​ផ្សាយ​បន្ត​ផ្ទាល់​បាន​ច្រើន​ស​ប្តា​ហ៍ ក្រោយមក​ក៏​ចូល​ចិត្ត​ចម្រៀង ក៏​វិល​មក​រក​ផ្លូវ​ច្រៀង​វិញ​តាម​ចំណូលចិត្ត ។ លើស​ពី​នេះ​នាង​ខ្ញុំ​ធ្លាប់​ចូល​ប្រលង​ស្រី​ស្រស់​ប្រុស​ស្អាត ដែល​ក្នុង​ពេល​នោះ​មិន​ទទួល​ចំណាត់ថ្នាក់​ល្អ ។

កាលពី​អំឡុង​មុន​ចូល​ឆ្នាំ​ខ្មែរ តម្លៃ​ខ្លួន​របស់​នាង​ខ្ញុំ​បាន​ត្រឹមតែ​ពាក់កណ្ដាល​ពាន់ និង​លើស​ហ្នឹង​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ឈាន​ដល់​បទ​«​មាន់​ស្រែ​»​ក្លាយជា​បទ​ពេញ​និយម គឺ​តម្លៃ​ខ្លួន​ឡើង​ដល់​១​ពាន់​ជាង និង កៀក​ៗ២​ខ្ទាស់​ធំ ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មិន​នឹក​ស្មាន​ដល់។ ក្នុង​នោះ​រាល់ពេល​នាង​ខ្ញុំ​ទទួល​ឡើង​ឆាក ម្ដង​ៗ ក៏​ខុស​ប្លែក​គ្នា​ខ្លាំង​ដែរ បើ​ធៀប​នឹង​ពេល​ដែល​នាង​ខ្ញុំ​មិន​ទាន់​ផ្ទុះ​ក្នុង​បទ​«​មាន់​ស្រែ​»​។ ជាក់ស្ដែង​តាំងពី​ត្រលប់​មក​ពី​សម្ដែង​នៅ​អា​មេ​រិ​ក​វិញ គឺ​ឲ្យ​តែ​នាង​ខ្ញុំ​បង្ហាញមុខ​ឡើង​ឆាក ម្ដង​ៗ មានការ​គាំទ្រ​យ៉ាង​ប្លែក ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មាន​កម្លាំងចិត្ត​ខុស​ប្លែក​ពី​មុន ។ ក្នុង​នោះ បើ​និយាយ​ពី​កម្មវិធី ធំ​ៗ​ក៏​ទាក់ទង​មក​ដល់​ថ្នាក់​អត់​ពេល​ទទួល​ផង​ដែរ ដែល​ខុស​ពី​មុន​ដែល​នាង​ខ្ញុំ​មានឱកាស​តិចតួច​បាន​ឡើង​កម្មវិធី​ធំ​ៗ ហើយ​មានកម្ម​វិធី​ខ្លះ​គឺ​នាង​ខ្ញុំ​ក៏​បាន​ឡើង​ដោយសារ​តែ​មាន​ទំនាក់ទំនង​ល្អ​»​។

កញ្ញា​រ៉ា​ប៊ី បញ្ជាក់​ថា​ការ​ប្រែប្រួល​ទាំង​៣​ចំណុច​នោះ បាន​ធ្វើ​ឲ្យ​នាង​មាន​លទ្ធភាព​កាន់​តែ​ប្រសើរ​ដើម្បី​ផលិត​បទ​ផ្ទាល់ខ្លួន​បន្ថែម​ពីលើ​ការ​ចាត់ចែង​របស់​ផលិតកម្ម​ថោ​ន ដោយ​នាង​ប្រកាស​ថា​បទ​ចម្រៀង​របស់​នាង​ដែល​នាង​ចេញ​ក្នុង​ពេល​ខាង​មុខ​នឹង​ប្លែក​ជាង​បទ​«​មាន់​ស្រែ​» ។ នាង​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍​លើស​មុន ដើម្បី​​ប្រជែង​​ទីផ្សារ​ក្រោយ​មានឈ្មោះ​ក្នុង​បទ​«​មាន់​ស្រែ​»​និង​«​ស្នេហ៍ ស្នេហ៍​»៕

វីដេអូ​ដក​ស្រង់​ចេញពី ៖ Town Production

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ