ការយល់ដឹងពីរបៀបសន្សំសំចៃប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរតាមរថយន្ត គឺពិតជាសំខាន់ណាស់ ។ វាអាចជួយសន្សំប្រាក់កាសរបស់យើងបានមួយចំណែកធំ ដោយសារតែតម្លៃប្រេងសាំងលើសកលលោក មិនថោកទេនៅពេលនេះ ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់សាំងឲ្យមានប្រសិទ្ធភាព អាចជួយកាត់បន្ថយការបំភាយឧស្ម័នពុលលើបរិយាកាសផងដែរ។ អ្នកគួរឈ្វេងយល់ពីចំណុចទាំង១០ខាងក្រោមនេះ ដើម្បីឲ្យរថយន្តស៊ីសាំងតិចជាងរាល់ដង ៖
១-កុំជិះមួយភ្លែតៗ ៖
ហេតុអ្វីបានជាការជិះមួយភ្លែតៗធ្វើឲ្យរថយន្តស៊ីសាំងច្រើនជាងពេលធម្មតា ? ពិតណាស់ ម៉ាស៊ីន គឺត្រូវការបញ្ឆេះជាច្រើនដង ហើយវាស៊ីសាំងជាងពេលម៉ាស៊ីនកំពុងក្តៅស្រាប់។ ប្រសិនបើអាច អ្នកគួរតែគិតទុកជាមុនថា ចង់ទៅណាខ្លះ រួចចាំរៀបចំគម្រោងទៅតែម្តងឲ្យបានច្រើនគោលដៅ និងនៅលើផ្លូវតែមួយ ។
២-កុំជិះពេលម៉ោងមានមនុស្សច្រើន ៖
បើអ្នកជិះរថយន្តពេលមានមនុស្សច្រើននៅលើផ្លូវ ដែលប្រញាប់ប្រញាល់ទៅធ្វើការ ឬប្រកបរបររកស៊ីនោះ អ្នកប្រាកដជាស្ទះមិនខាន។ ការស្ទះចរាចរណ៍អាចឲ្យអ្នកចំណាយប្រាក់ជាច្រើនទៅលើសាំង ។
៣-បិទកញ្ចក់ទ្វារឲ្យជិត ៖
ការបើកកញ្ចក់ទ្វារ គឺធ្វើឲ្យខ្យល់ពីខាងក្រៅចូលមកក្នុងរថយន្ត ដែលធ្វើឲ្យការបើកបររបស់យើងចាញ់ខ្យល់ ។ ដូចនេះ ម៉ាស៊ីនត្រូវធ្វើការលើសធម្មតា ដើម្បីសម្រេចនូវល្បឿនដែលយើងប្រាថ្នា ហើយយកល្អ គួរប្រើម៉ាស៊ីនត្រជាក់តិចៗវិញទៅ ។ បើមានកូនកង្ហា កាន់តែចំណេញ ។
៤-ដកដែកលើដំបូលចេញ ៖
រថយន្តខ្លះដូចជា Lexus 570 ឬ Lexus 300 មានដែកនៅលើដំបូលសម្រាប់ដាក់អីវ៉ាន់។ វាមានប្រយោជន៍ពិតមែន ប៉ុន្តែប្រសិនបើចង់ចំណេញសាំង អ្នកគួរតែដោះវាចេញទៅ ព្រោះវាផ្តល់ទម្ងន់បន្ថែមដល់រថយន្ត ។
៥-ដកវត្ថុមិនបានការពីក្នុងរថយន្ត ៖
សូមកុំផ្ទុកវត្ថុមិនចាំបាច់នៅក្នុងរថយន្ត ។ បើអ្នកមិនត្រូវការវាទេ សូមយកវាចេញទៅ ដើម្បីកាត់បន្ថយទម្ងន់ ។
៦-ជាន់ហ្គាឲ្យស្មើជើង ៖
ការជាន់ល្បឿនរថយន្តស្ទុះៗ គឺធ្វើឲ្យម៉ាស៊ីនកញ្ឆក់ៗផងដែរ ។ វាពិតជាធ្វើឲ្យអស់សាំងច្រើនណាស់ សូមជាន់វាទៅតាមសម្រួល ។
៧-ត្រូវដាក់លេខតាមកំណត់ ៖
ចំណុចនេះមិនសូវសំខាន់ទេ ព្រោះថា នៅពេលនេះ គេមិនសូវជិះរថយន្តលេខដៃឡើយ។ ជាធម្មតាទេ ប្រសិនបើយើងក្រដាក់លេខពេក ម៉ាស៊ីននឹងប្រឹងជាងមុន ដែលធ្វើឲ្យវាស៊ីសាំងច្រើន ។
៨-បិទម៉ាស៊ីនត្រជាក់ ៖
វាផ្ទុយពីចំណុចទី៣ ត្រង់ថា គេប្រាប់ឲ្យបើកម៉ាស៊ីនត្រជាក់ ។ នេះប្រសិនបើក្តៅ ចាំបើក។ បើមេឃត្រជាក់ហើយ អាចប្រើត្រឹមកង្ហាក៏បាន។ នៅស្រុកយើងមិនងាយត្រជាក់ដល់ថ្នាក់ត្រូវបិទម៉ាស៊ីនត្រជាក់ដូចពួកអឺរ៉ុបឡើយ ។
៩-បើកតាមល្បឿនកំណត់ ៖
អ្នកអាចទៅដល់គោលដៅមុនក៏ពិតមែន ប្រសិនបើអ្នកជាន់លឿន ប៉ុន្តែវាពិតជាស៊ីសាំងច្រើនជាងអ្នកជាន់មួយៗ ។ ចំណុចសំខាន់ជាងនេះ គឺអ្នកនឹងមានសុវត្ថិភាពជាងពេលបើករថយន្តលឿនលើសល្បឿនកំណត់ ។
១០-សប់កង់ឲ្យតឹងល្អ ៖
បើកង់ធូរ ម៉ាស៊ីនរថយន្តនឹងតឹង ។ វានឹងខំធ្វើការខ្លាំង ដើម្បីទៅមុខ ។ ដូចនេះ អ្នកគួរតែចំណាយប្រាក់ត្រឹម២.០០០រៀល ដើម្បីសប់កង់ឲ្យតឹងត្រឹមត្រូវនៅរៀងរាល់១ទៅ២សប្តាហ៍ម្តង ។ វាអាចចំណេញផលធំជាងប្រាក់២.០០០រៀល ៕
ចែករំលែកព័តមាននេះ