ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! មួយ​ផ្ទះ​ក៏​ត្រូវ​ខ្ទេច​ណាមួយ​កូនស្រី និង​ក្មួយ​ត្រូវ​កាត់​ជើង​ទៀត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ២០១៨​នេះ មាន​រយៈពេល​ជាង​២០​ថ្ងៃ​ហើយ ដោយ​អ្នក​រង​គ្រោះ​ចំនួន​២​នាក់ ជា​ស្ត្រី​ក្នុង​នោះ​ម្នាក់​ត្រូវ​បាន​កាត់​ជើង​ខាងស្តាំ ធ្លាក់ខ្លួន​ពិការ​ភាព​មួយ​ជីវិត និង​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្រូខ្មែរ…

ខេត្តកំពង់ចាម ៖ គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ២០១៨​នេះ មាន​រយៈពេល​ជាង​២០​ថ្ងៃ​ហើយ ដោយ​អ្នក​រង​គ្រោះ​ចំនួន​២​នាក់ ជា​ស្ត្រី​ក្នុង​នោះ​ម្នាក់​ត្រូវ​បាន​កាត់​ជើង​ខាងស្តាំ ធ្លាក់ខ្លួន​ពិការ​ភាព​មួយ​ជីវិត និង​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្រូខ្មែរ ។

ដោយ​បាន​ចំណាយ​លុយ​ជិត​៥.០០០​ដុល្លារ និង​ស្ទើរ​មិន​មាន​លុយ​ចំណាយ​បន្ត​ទៀត ដោយសារ​តែ​រថយន្ត​ដឹក​ដើម​ដំឡូង​មី ប្រភេទ​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ចំណុះ​៥​តោន ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A-3812 បាន​ដាច់​ហ្វ្រាំង​បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា ដែល​មើលទៅ​ដ៏​រ​ន្ធុ​ត​បំផុត បុក​រះ​ត្រង់​រង្វង់​មូល​ក្បាលស្ពាន នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

លោក​ញ៉ា​ន ឈុ​ន​អ៊ា​ន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ស្លាប់ក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា រូប​លោក​ស្នើ​សុំ​ដល់​ម្ចាស់​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ត្រង់​ចំណុច​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា​ក្រុង​កំពង់ចាម សូម​ចូលខ្លួន​មក​ដោះស្រាយ ដើម្បី​ទទួល​បាន​ថវិការ សម្រាប់​ចំណាយ​ទៅ​លើ​កូនស្រី​របស់​គាត់ ឈ្មោះ ញ៉ា​ន ស៊ី​ណេ​ត អាយុ​២៧​ឆ្នាំ ដែល​បាន​ជិះ​ម៉ូតូ​ម៉ាក C 125 ស៊េរី​២០០៩ ជាមួយនឹង​ក្មួយ​ស្រី​ម្នាក់​ទៀត ឈ្មោះ ឡាយ សុខ​គា អាយុ​២៧​ឆ្នាំ ត្រូវ​បាន​រថយន្ត​ដឹក​ដើម​ដំឡូង​មក​បុក​ទាំង​កំរោល​ត្រង់​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា​នា​ពេល​កន្លង​មក ។

ឪពុក​របស់​អ្នក​រង​គ្រោះ​បាន​ប្រាប់​បន្ត​ថា បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​រថយន្ត​បុក​របួសធ្ងន់​ទាំង​២​នាក់​រួច​មក នគរបាល​ចរាចរណ៍​ក្រុង​កំពង់ចាម បាន​ទូរស័ព្ទ​មក​ប្រាប់​ពី​ហេតុការណ៍​ខាងលើ​នេះ រួច​គាត់ និង​ប្រពន្ធ​បាន​ប្រញាប់​ធ្វើ​ដំណើរ​មក​មើល​កូនស្រី និង​ក្មួយ ដល់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​សម្រាក​បាន​៣​ថ្ងៃ មើលទៅ​មិន​បាន​ធូរស្រាល​ក៏​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​ប្រទេស​វៀតណាម ដោយសារ​តែ​ជើង​នោះ​ត្រូវ​របួស​ធ្ងន់ធ្ងរ​ពេក​ត្រូវ​បាន​ពេទ្យ​វៀតណាម​កាត់​ជើង​ខាងស្តាំ​លើ​ជង្គង់ ចាប់តាំងពី​ពេល​កើតហេតុ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៦ មិថុនា ២០១៨ មាន​រយៈពេល​ជាង​២០​ថ្ងៃ ហើយ ។ ចំណែក​កូនស្រី និង​ក្មួយ​ស្រី​គ្រាន់តែ​ចំណាយ​លុយ​មើល​ព្យាបាល​អស់​ជិត​៥.០០០​ដុល្លារ​ហើយ ដោយឡែក​អ្នក​ជិត​ខាងគេ​នាំ​គ្នា​អាណិត​ដល់​កូនស្រី​របស់​គាត់​ក៏​បាន​នាំ​គ្នា​រៃ​លុយ​ម្នាក់​បន្តិច​ៗ បាន​ជាង​១.០០០​ដុល្លារ​មក​ឲ្យ​ពួក​គាត់ សម្រាប់​យក​មើល​ព្យាបាល​កូនស្រី ។

ដោយឡែក​ក្មួយ​ស្រី​ដែល​ត្រូវ​របួស​បាន​ចេញពី​មន្ទីរពេទ្យ​ខេត្ត​ទៅ​ឲ្យ​គ្រូខ្មែរ​ត​ឆ្អឹង​ជើង​ខាងស្តាំ​ដែល​បាក់​នោះ ។ កន្លង​មក​មាន​ភាគី​ម្ចាស់​រថយន្ត​បាន​សុំ​ធ្វើការ​ដោះស្រាយ​ដោយ​ឲ្យ​លុយ​២​ទៅ​៣​លាន​រៀល ដែល​មាន​ចំនួន​តិច​ពេក​មិន​គ្រាន់​នឹង​ការ​ចំណាយ គាត់​សំណូមពរ សូម​ឲ្យ​ម្ចាស់​រថយន្ត​ជួយ​ចេញ​យ៉ាង​ហោច​ណាស់​ក៏​បាន​៦.០០០​ដុល្លារ ទើប​គាត់​ព្រម​ទទួល ។ ណាមួយ​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ភ្លើង​ឆេះ​ឡើង​ខ្ទេច​នា​ពេល​កន្លង​មក មិន​ទាន់​សង​គេ​អស់​ផង បែរមក​ដល់​កូនស្រី​ត្រូវ​បាន​រថយន្ត​បុក​ទៀត ពិតជា​ទុក្ខ​ត្រួត​លើ​ទុក្ខ​មែន ។

លោក​វរសេនីយត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា រូប​លោក​គ្រាន់តែ​ឮ​ថា រថយន្ត​ដឹក​ដើម​ដំឡូង​បង្កហេតុ​ខាងលើ​ត្រូវ​បាន​ដោះស្រាយ​ជាមួយនឹង​ម្ចាស់​រថយន្ត​សាំង​យ៉ុ​ង​ដឹក​អ្នកដំណើរ តែ​មិន​ទាន់​មាន​ដីកា​បង្គាប់​ពី​តុលាការខេត្ត​នូវឡើយ ។ ហើយ​រថយន្ត​ចំនួន​២​គ្រឿង ស្ថិត​នៅ​ក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម មិន​ទាន់​មានការ​យក​ចេញ​ទេ ចំពោះ​ដំណោះស្រាយ គឺ​ផុត​ពី​ដៃ​របស់​សមត្ថកិច្ច​ហើយ​កំពុង​តែ​នៅ​ក្នុង​ដៃ​តុលាការ​ឯណោះ ។

គួរ​រំលឹក​ថា រថយន្ត​ដឹក​ដើម​ដំឡូង​បាន​ដាក់​ហ្វ្រាំង​បុក​រះ​រថយន្ត និង​ម៉ូតូ​រង​ការ​ខូចខាត​២​គ្រឿង ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ឧសភា ២០១៨ ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នេះ​ជា​គ្រោះថ្នាក់​ដ៏​រន្ធត់ សំណាង​ដែល​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ គ្រាន់តែ​របួស​២​នាក់ ។

លោក​ឧត្តមសេនីយត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ​រថយន្ត​ធំ​ខាង បាន​បើក​ចេញ​មក​ពី​ខេត្ត​ត្បូងឃ្មុំ ឆ្លងស្ពាន​គី​ហ្ស៊ុ ណា​មក​កាន់​ត្រើយ​ក្រុង​កំពង់ចាម ស្រប​ពេល​ដែល​រថយន្ត​នេះ​កំពុង​តែ​បើក​ចុះ​ទួល​ក៏​ដាច់​ហ្វ្រាំង​ដោយ​ល្បឿន​លឿន​ចុះ​មក​ក្រោម ហើយ​បាន​បើក​បុក​រង្វង់​មូល​ក្បាលស្ពាន ពេញទំហឹង​ដាច់​ស៊ីម៉ង​ទាំង​ផ្ទាំង​ៗ ។

វត្ថុ​តាង​រថយន្ត​ដឹក​ដើម​ដំឡូង​នោះ​ជំនាញ​កំពុង​តែ​រក​មធ្យោបាយ​រក​រថយន្ត​មក​ស្ទូច​អូស​យក​រថយន្ត​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។

សូម​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​ឈ្មោះ​លី គឹ​ម​លន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ថ្មី​សែន​ជ័យ ឃុំ​ទួល​សុ​ភី ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ ប៉ុក សុវណ្ណ​មុនី នៃ​សាលាដំបូង​ខេត្ត​ចេញ​ដីកាឃុំខ្លួន​ចោទ​ពី​បទ បើកបរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជា​មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​របួស​អ្នក​ដ៏​ទៃ និង​បើកបរ​ក្រោម​អ​ទ្ធិ​ពល​គ្រឿងញៀន​កំពុង​តែ​ស្ថិត​នៅ​ពន្ធនាគារ​ខេត្ត ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ