ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាចាស់សាំបាប្រេស៊ីលជាបងធំគួរឱ្យខ្លាចបំផុតនៅពូល E

5 ឆ្នាំ មុន

ទន្ទឹម​នឹង​ការ​ខិត​ជិត​មក​ដល់​នៃ​ការ​ប្រកួត World Cup ក្រុម​ទាំង​៣២​ប្រទេស​ក៏​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ផង​ដែរ ដើម្បី​ចូល​សមរភូមិ​ប្រយុទ្ធ ។ ដោយ​មានការ​លើក​ឡើង​ផ្សេង​ៗ​គ្នា​ចំពោះ​លទ្ធភាព​ក្រុម​ទាំង​៣២​ដែល​ថា​ក្រុម​ណាមួយ​អាច​មានឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ច្រើន​ជាង​ក្រុម​ណា ថ្ងៃនេះ​ក្រុមការងារ​កីឡា​នៃ​សារព័ត៌មាន​កោះសន្តិភាព​សូម​លើកយក​ក្រុម​នៅ​ក្នុង​ពូ​ល E មក​វិភាគ​បន្ត…

ទន្ទឹម​នឹង​ការ​ខិត​ជិត​មក​ដល់​នៃ​ការ​ប្រកួត World Cup ក្រុម​ទាំង​៣២​ប្រទេស​ក៏​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ផង​ដែរ ដើម្បី​ចូល​សមរភូមិ​ប្រយុទ្ធ ។ ដោយ​មានការ​លើក​ឡើង​ផ្សេង​ៗ​គ្នា​ចំពោះ​លទ្ធភាព​ក្រុម​ទាំង​៣២​ដែល​ថា​ក្រុម​ណាមួយ​អាច​មានឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ច្រើន​ជាង​ក្រុម​ណា ថ្ងៃនេះ​ក្រុមការងារ​កីឡា​នៃ​សារព័ត៌មាន​កោះសន្តិភាព​សូម​លើកយក​ក្រុម​នៅ​ក្នុង​ពូ​ល E មក​វិភាគ​បន្ត ដែល​ក្នុង​នោះ​មាន​ដូច​ជា​ប្រេ​ស៊ី​ល ​(​អាមេ​រិ​ក​ខាងត្បូង​), ស្វ៊ី​ស និង​ស៊ែ​ប៊ី​(​អឺរ៉ុប​)
និង​កូ​ស្តា​រី​កា​(​អា​មេ​រិ​ក​ខាងជើង​) ។

១-​ប្រេ​ស៊ី​ល

ប្រេ​ស៊ី​ល​គឺជា​ប្រទេស​មួយ​ដែល​គ្រប់​គ្នា​បាន​ស្គាល់ និង​ដឹង​ពី​សមត្ថភាព​ដ៏​ខ្លាំងក្លា​របស់​ពួក​គេ ជា​ពិសេស​ក្រុម​ដែល​មាន​រហស្សនាម​ថា​ «​សាំ​បា»”​មួយ​នេះ ក៏​គ្រង​តំណែង​ជើងឯក World Cup បាន​ច្រើន​ជាងគេ​ផង​ដែរ​រហូត​ដល់​៥​សម័យកាល​ក្នុង​ចំណោម​វត្តមាន​វគ្គ​ផ្តាច់ព្រ័ត្រ​៧​លើក ខណៈ​​អា​ល្លឺ​ម៉​ង់​ជា​ក្រុម​តាម​ពីក្រោយ​កាន់​ពាន​បាន​៤​ដង ។ បើ​និយាយ​ពី​ការ​ប្រឡូក​ក្នុង​ព្រឹត្តិ​ការណ៍​​នេះ​វិញ ប្រេ​ស៊ី​ល​បាន​ចូលរួម​តាំងពី​បង្កើត World Cup ដំបូង​មក​ម៉្លេះ និង​បន្ត​រហូត​មក​ទល់​ពេល​នេះ​ដោយ​ពុំដែល​ខកខាន​សូ​ម្បី​តែ​១​រដូវ​កាល ។ សករាជ​ថ្មី​នេះ ពួក​គេ​បាន​បង្ហាញខ្លួន​ជាមួយ​កម្លាំង​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ព្រមទាំង​កីឡាករ​ក្មេង​ៗជា​ច្រើន​រូប ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ខ្ពស់ ។ ចំពោះ​លទ្ធផល​ប្រកួត​វគ្គ​ជម្រុះ​កន្លង​មក ប្រេ​ស៊ី​ល​មិន​ទាន់​ចាញ់​ម្តង​ឡើយ ពោល​គឺ​ឈ្នះ​៣ និង​ស្មើ​២ ។

២-​ស្វ៊ី​ស

ក្រុម​មក​ពី​ទ្វីបអឺរ៉ុប​មួយ​នេះ ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ ។ បើ​ទោះជា​នេះ​ជា​ការ​បង្ហាញខ្លួន​លើក​ទី​១១​នៅ World Cup ប៉ុន្តែ​៣​រដូវ​កាល​ចុង​ក្រោយ​កន្លង​មក ស្វ៊ី​ស​ពុំដែល​ខកខាន​ម្តង​ឡើយ​ចាប់តាំងពី​ឆ្នាំ​២០០៦ រៀង​មក ។ យ៉ាងណាមិញ ភាគច្រើន​ពួក​គេ​ឆ្លង​មិនផុត​វគ្គ​១៦​ក្រុម​នោះ​ទេ ខណៈ​កំណត់​ត្រា​ល្អ​បំផុត​វិញ​គឺ​ធ្លាប់​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​៣​លើក​កាលពី​ឆ្នាំ​១៩៣៤, ១៩៣៨ និង​១៩៥៤ ។ ជាមួយនឹង​ការ​បង្ហាញខ្លួន​លើក​នេះ ស្វ៊ី​សបាន​នាំ​មក​ជាមួយ​នូវ​កីឡាករ​ឆ្នើម​ច្រើន​រូប​ដែលសុទ្ធតែ​មានបទពិសោធន៍​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ដូច​ជា Xherdan Shaqiri (Southampton), Xhaka (Arsenal) និង Lichtsteiner (Juventus) ជាដើម​។ ៥​ប្រកួត​ចុង​ក្រោយ​កាលពី​វគ្គ​ជម្រុះ​បឋម ស្វ៊ី​ស​ចាញ់​តែ​ម្តង​ប៉ុណ្ណោះ និង​ឈ្នះ​៣ ស្មើ​១ ។

៣-​កូ​ស្តា​រី​កា

វិស័យ​បាល់ទាត់​របស់​កូ​ស្តា​រី​កា​នៅ​អា​មេ​រិ​ក​ខាងជើង​មិនសូវ​ជា​លេចធ្លោ​ប៉ុន្មាន​ឡើយ​បើ​ធៀប​នឹង​ប្រទេស​ដទៃ​ក្នុង​តំបន់​នោះ ។ បើ​និយាយ​ពី​ការ​ប្រឡូក​នៅ World Cup វិញកូ​ស្តា​រី​កា​បាន​ចូលរួម​ដំបូង​កាលពី​ឆ្នាំ​១៩៩០ ហើយ​ពេល​នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​៥ ប៉ុន្តែ​ទម្រង់​លេង​ពួក​គេ​ហាក់​​រីក​ចម្រើន​ច្រើន​ជាង​រដូវ​កាល​មុន​ៗ ។ វត្តមាន​ចុង​ក្រោយ​នៅ​រដូវ​កាល​មុន​ពួក​គេ​មាន​វាសនា​ឡើង​ដល់​វគ្គ​៨​ក្រុម ហើយ​ក៏​ជា​កំណត់​ត្រា​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ ។ ទោះបី​យ៉ាងណា លទ្ធផល​៥​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ World Cup ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ឈ្នះ​២ ស្មើ​២ និង​ចាញ់​១ ។

៤-​ស៊ែ​ប៊ី

ស៊ែ​ប៊ី​ដែល​ជា​ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីបអឺរ៉ុប ក៏​មាន​សមត្ថភាព​មិន​ខុស​ពី​កូ​ស្តា​រី​កា​ដែរ ។ ម្យ៉ាងទៀត ពួក​គេ​ហាក់​មិន​ចុះសម្រុង​គ្នា​រវាង​គ្រូបង្វឹក និង​កីឡាករ​ផង​ដែរ ក្រោយ​មាន​កៅអី​លេង World Cup រហូត​ធ្វើ​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​សម្រេច​ដក​តំណែង​លោក​ Slavoljub Muslin ចេញពី​តំណែង​គ្រូបង្វឹក ដោយ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ជ្រើសរើស​កូនក្រុម និង​កម្សោយ​នៃ​ការ​ដឹកនាំ ។

យ៉ាងណាមិញ បទ​ពិសោធន៍​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​ស៊ែ​ប៊ី​មាន​មិនធម្មតា​ដែរ ពោល​គឺ​ចូលរួម​តាំង​ពី​បង្កើត​ដំបូង​នៅ​ឆ្នាំ​១៩៣០​មក​ម៉្លេះ ។ សម្រាប់​រដូវ​កាល​នេះ​ជា​ការ​បង្ហាញខ្លួន​លើក​ទី​១២ ហើយ​ពួក​គេ​ធ្វើ​បាន​ល្អ​បំផុត​២​លើក​បន្ទាប់​ពី​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឆ្នាំ​១៩៣០ និង​១៩៦២ ខណៈ​វត្តមាន​ចុង​ក្រោយ​ឆ្នាំ​២០១០ ពួក​គេ​មិន​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះ​ទេ ។ លទ្ធ​ផល​​ក្នុង​វគ្គ​ជម្រុះ​៥​ប្រកួត​ចុង​ក្រោយ ក៏​ស៊ែ​ប៊ី​ទទួល​បាន​មិន​ខុស​ពី​ក្រុម​ទាំង​ពីរ​ខាងលើ​ប៉ុន្មាន​ដែរ គឺ​​ចាញ់​ម្តង​ដូច​គ្នា និង​ឈ្នះ​៣ ស្មើ​១ ។

វិភាគ ៖ នៅ​ក្នុង​ពូ​ល​នេះ វា​មិន​មាន​អ្វី​ចម្លែក ហើយ​ក៏​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែរ ដែល​យើង​នឹង​ឃើញ​ប្រេ​ស៊ី​លកក់​កៅអី​កំពូល​តារាង ដ្បិត​ក្រុម​ផ្សេង​ៗ​ទៀត​មិនមែន​ជា​ឧបសគ្គ​ធំ​សម្រាប់​ក្រុម​សាំ​ប៉ា​នោះ​ទេ ។ ទន្ទឹម​នឹង​នេះ យើង​អាច​និយាយ​បាន​ថា ប្រេ​ស៊ី​ល​នឹង​គ្រង​តំណែង​ម្ចាស់​ពានរង្វាន់​នេះ​ជា​ថ្មី​ម្តងទៀត ព្រោះ​បច្ចុប្បន្ន​សមត្ថភាព​កូនក្រុម​ទាំងមូល​សុទ្ធតែ​ខ្លាំង ។

ចំណែកឯ​តំណែង​លេខ​២ ដែល​ជា​កៅអី​ពិបាក​ឈោង​ចាប់​សម្រាប់​ក្រុម​ទាំង​បី​ផ្សេង​ទៀត​នោះ អាច​​នឹង​ធ្លាក់​ទៅ​លើ​ក្រុម​ស្វ៊ី​ស ។ មិន​ថា​ប្រវត្តិ​ប្រឡូក​នៅ World Cup ក៏​ដូច​ជា​បទ​ពិសោធន៍​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ និង​កម្រិត​លេង​របស់​កីឡាករ ស្វ៊ី​សមាន​ភាគរយ​ខ្ពស់​ជាងគេ​ដែល​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម ។ យ៉ាងណាមិញ កូ​ស្តា​រី​កា និង​ស៊ែ​ប៊ី​ក៏​មិន​ប្រាកដ​ថា​ធ្វើ​ឱ្យ​ក្រុម​ទាំង​ពីរ​ខាង​លើ​អាច​សម្រេច​ក្តី​ប្រាថ្នា​ដោយ​ស្រួល​ៗ​នោះ​ឡើយ ។

តើ​ប្រិ​យ​មិត្ត​មាន​យោបល់​ដូច​អ្វី​ដែល​ក្រុមការងារ​យើង​បាន​វិភាគ​ខាងលើ​នេះ​ដែរ​ឬ​យ៉ាង​ណា? តើ​ក្នុង​ពូ​ល​នេះ ក្រុម​ណាមួយ​ជា​ក្រុម​សំណព្វចិត្ត​របស់​ប្រិ​យ​មិត្ត? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ