ទម្ងន់​៣ទៅ​៤ខាំ​ នៅផ្សារ​ទំនើប​តម្លៃ​ដល់​១០ដុល្លារ​ឯណោះ​


ខេត្តកំពង់ឆ្នាំង ៖ កសិករ​រស់នៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដែល​ធ្លាប់​ដាំ​ដំណាំ និង​បន្លែ​បង្ការ​​​​ផ្សេង​ៗ បាន​បន្ថែម​មុខរបរ​ថ្មី​មួយទៀត​គឺ​ដាំ​ទំពាំង​បារាំង ដែល​ជា​មុខរបរ​ថ្មី​បំផុត មិន​ធ្លាប់​មាន​ពី​មុន​មក ។ ដោយសារ​តែ​គាត់​បាន​ទទួល​ព័ត៌មាន​ពី​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ដើម​ទំពាំង​បារាំង​នេះ ទើប​គាត់​សម្រេចចិត្ត​ដាំ​ជា​ការ​សាកល្បង​ផង និង​បើ​អាច​ទទួលផល​ច្រើន​ពី​ការ​ដាំ​ទំពាំង​បារាំង​នេះ នឹង​ពង្រីក​បន្ថែម​ទៀត​។

 អ្នកស្រី ទេព វ៉ា​ន់​ថុ​ន អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើបាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ដាំ​ទំពាំង​បារាំង​តាម​រយៈ​បណ្ដាញ​សង្គម ក៏​ដូច​ជាតា​មការ​ណែនាំ​ពី​ក្រុម​គ្រួសារ​ អ្នក​ស្រី​ក៏​បាន​ទៅ​ស្វែង​យល់​ពី​ការ​ដាំ​ទំពាំង​បារាំង​នេះ​ដល់​ខេត្តបាត់ដំបង ដោយ​បាន​ទទួលយក​ចំណេះដឹង​ដែល​បង្ហាត់បង្ហាញ​ពី​លោកគ្រូ​នៅ​ទីនោះ​អំពី​វិធីសាស្ត្រ​ដាំ និង​ការ​ថែទាំ ការ​ដាក់​ជី និង​ពី​គុណ​ប្រ​យោ​ជ​យ៉ាងច្រើន​ពី​ដើម​ទំពាំង​បារាំង​នេះ ទើប​គាត់​សម្រេចចិត្ត​ទិញ​ពូជ​មក​ធ្វើការ​ដាំ​ដុះ​ដោយ​ខ្លួនឯង រួម​ជាមួយ​កូនប្រុស​របស់​គាត់ ។

អ្នកស្រី​បាន​បញ្ជាក់​ថា អត្ថ​ប្រយោជន៍​នៃ​ដើម​ទំពាំង​បារាំង​នេះ​គឺជា​បន្លែ​អាច​ហូប​ស្រស់ និង​ក៏​ជា​បន្លែ​សម្រាប់ ឆា ស្ល និ​ង​ស្ងោរ​ផង​ដែរ ។ ក្រៅពី​នោះ​ទំពាំង​បារាំង​នៅ​អាច​ព្យាបាល​ជំងឺ​​ដូច​ជា​ខ្លាញ់​រុំ​បេះដូង សម្ពាធ​សរសៃឈាម និង​ធ្វើ​ឲ្យ​សាច់មនុស្ស​នៅ​តែ​ចាំ​ទៀត​ផង ។

ចំពោះ​រយៈពេល​នៃ​ការ​ដាំ​រហូត​ដល់​ទទួលផល​គឺ​មាន​រយៈពេល​៦​ខែ ប៉ុន្តែ​រយៈពេល​ត្រឹម​៤​ខែ យើង​អាច​ទទួលផល​ណ្តើ​រៗហើយ តែត្រឹម​អាយុ​នេះ គេ​មិន​ទាន់​ប្រមូល​ផល​ទេ ទុក​ឲ្យ​ដើម​ធំ​រហូត​ដល់​រយៈពេល​៦​ខែ​​ទើប​ដើម​ទំពាំង​ធំ​ និង​ថ្លោស​ៗ​ល្អ ។ ដើម​ទំពាំង​បារាំង​មាន​អាយុកាល​ច្រើន​ឆាំ្ន​ណាស់ សម្រាប់​ការ​ប្រមូល​ផល គឺ​រហូត​ដល់​១៥​ឆ្នាំ​ឯណោះ គ្រាន់តែ​យើង​ថែទាំ និង​កាត់​ដើម​ចាស់​ចេញ ទុក​ដើម​ថ្មី​ដុះ​ជា​បន្ត​ប​បន្ទាប់ ។

សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ចាំ​ទិញ​យក​ទៅ​ប្រទេស​ថៃ ក្នុង​១​គីឡូក្រាម​៣​ពាន់​រៀល ប៉ុន្តែ​គាត់​ថា មិន​លក់​អោយ​ហ៊ុន​ទេ គាត់​នឹង​យក​ទៅ​លក់​ក្នុង​ផ្សារ យ៉ាង​ហោច​ណាស់​១​គីឡូក្រាម​បាន​តម្លៃ​១​ម៉ឺន​រៀល​ដែរ ព្រោះ​តាម​គាត់​ដឹង​ពី​អ្នក​ធ្លាប់​ទិញ​យក​ទៅ​ពិសារ ​នៅ​ផ្សារ​ទំនើបទំពាំងបារាំង​ដែល​ចង​ដុំ​ត្រឹម​ប៉ុន​កំភួនដៃ​អាច​មាន​ទម្ងន់​៣ទៅ​៤ខាំ​​ តម្លៃ​១​ម៉ឺន​៥​ពាន់​រៀល ចំណែក​នៅ​ផ្សារ​ទំនើប​ខ្លះ​តម្លៃ​ដល់​១០​ដុល្លា​រ​ឯណោះ ។

ជាមួយ​គ្នា​នេះ អ្នក​ស្រី​នៅ​បាន​អះអាង​ថា​ ការ​ដាំ​ទំពាំង​បារាំង​គឺ​មិន​ប្រើ​ជីគីមី​ជា​ដាច់ខាត ព្រោះ​បើ​ហ៊ាន​ប្រើ នឹង​ខូច​ដើម​ទំពាំង​បារាំង​ជា​មិន​ខាន គឺ​ប្រើ​បាន​តែ​ជីកំប៉ុស តែ​មួយ​មុខ​គត់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ