ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ដំណាំ​ដែល​ត្រូវ​បាន​ភ្លៀង​ដក់​ជាំ​ទឹក​ខូច​អស់


ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ថា ប្រជា​កសិករ​ជា​ច្រើន​នាក់​រស់នៅ​ក្រុងប៉ៃលិន​កំពុង​តែ​ទទួល​រង​ការ​ខូចខាត​ដំណាំ​ពោតក្រហម​របស់​ខ្លួន​អស់​ជា​ច្រើន​ហិ​កតា ខណៈ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​បណ្តាល​ឱ្យ​ទឹក​ដក់​នៅ​តាម​កន្លែង​ទំនាប​បង្ក​ឱ្យ​រលួយ​គល់ និង​ពោត​ដែល​ជិត​ដាក់​ស្នៀត​ទៅ​ហើយ ក៏​ទទួល​រង​ការ​ខូចខាត​ផង​ដែរ ។
បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ទូច ពៅ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ព្រ​លាន​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា គាត់​បាន​ដាំពោត​ក្រហម​ចំនួន​១​ហិ​កតា​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៣​គីឡូម៉ែត្រ ។

បន្ទាប់​ពី​ដំណាំ​នេះ​ដុះ​លូតលាស់​យ៉ាង​ល្អ​ជិត​បញ្ចេញ​ស្នៀត​ទៅ​ហើយ ស្រប​ពេល​ដែល​មេឃ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​បណ្តាល​ឱ្យ​ទទួល​រង​ខូចខាត​អស់ទាំង​ស្រុង​តែ​ម្តង ។ គាត់​បន្ត​ទៀត​ថា គាត់​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ជីវភាព ខណៈ​ដំណាំ​របស់​ខ្លួន​មិន​បាន​ផល​សម្រាប់​យក​លក់​ទិញ​ម្ហូបអាហារ និង​សងបំណុល​គេ​នោះ​ឡើយ ហើយ​រហូត​មក​ដល់​ពេល​នេះ​មិន​ត្រឹមតែ​ដំណាំ​ពោត​នៅ​ក្នុង​ចម្ការ​របស់​គាត់​ទទួល​រង​ការ​ខូចខាត​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ចម្ការ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ក៏​ទទួល​រង​ការ​ខូច​អស់​ជា​ច្រើន​ផង​ដែរ ហើយ​បើសិនជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​ជាប់​បែប​នេះ​ទៀត​មើលទៅ​ចម្ការ​ដទៃ​ទៀត​នឹង​ងាប់​ជា​បណ្តើរ​ៗ​ផង​ដែរ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សួន​អំពៅ ភូមិ​បា​ហ៊ី​ជើង ប៉ា​ហ៊ី​ត្បូង ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​បាន​ដាំ​ដំណាំ​ពោតក្រហម​ដូច​ៗ​គ្នា​ត្រង់​កន្លែង​ទំនាប​បណ្តាល​ឱ្យ​ត្រូវ​ទឹក​រយៈពេល​យូរ​ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​ដែរ ។

ប្រភព​បន្ត​ទៀត​ថា មើលទៅ​ពួក​គាត់​ប្រហែលជា​មិន​ទទួល​បាន​ផល​ច្រើន​ប៉ុន្មាន​ទេ​នៅ​ដើមរដូវ​ឆ្នាំ​២០១៨​នេះ បើសិនជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​បែប​នេះ​ទៀត ។ មិន​ត្រឹមតែ​ដំណាំ​ពោត​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ដំឡូង​មី ដែល​ស្ថិត​នៅ​ត្រង់​តំបន់​ទំនាប​កំពុង​ទទួល​រង​ការ​រលួយ​ងាប់​អស់​ច្រើន គួរ​ឱ្យ​កត់សម្គាល់ ហើយ​ម្នាក់​ៗ​លាន់មាត់​ថា នៅ​ឆ្នាំ​ថ្មី​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​ឆ្នាំ​ណា​ៗ​ទាំងអស់ ដោយ​ពួក​គាត់​មិន​ធ្លាប់​ជួប​ប្រទះ​នោះ​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ​ដំណាំ​ពោតក្រហម​នៅ​តាម​ចម្ការ​នីមួយ​ៗ​ក្នុង​ខេត្ត​ប៉ៃលិន​ដែល​ស្ថិត​នៅ​ត្រង់​កន្លែង​ដី​ទំនាប​ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន ។ លោក​បន្ត​ថា តែ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ជាក់លាក់​ស្តី​ពី​ការ​ខូចខាត​ដំណាំ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ។

ដូច្នេះ​នៅ​ពេល​ក្រោយ​ៗ បើសិនជា​អាច​សូម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ទំនាប​រៀបចំ​ធ្វើការ​ឈូស​ឆាយ​បង្កើត​ជា​ប្រឡាយ​ទឹក​បង្ហូរ​ចូល​ទៅ​ក្នុង​អូរ​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន ខណៈ​ភ្លៀង​ធ្លាក់​ច្រើន​ប៉ុណ្ណា​ក៏​មិន​ព្រួយបារម្ភ​ដក់​ទឹក​រង​ការ​ខូចខាត​នោះ​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ