កម្មគឺជាកម្មសិទ្ធិតែមួយគត់របស់យើងគ្រប់គ្នា ។ កម្មនេះមិនទៅណាឆ្ងាយទេ គឺនៅតាមជាប់នឹងខ្លួនយើងជានិច្ច ហើយក៏មិនមែនជាប់១ថ្ងៃ២ថ្ងៃទេ គឺពីមួយជាតិទៅមួយជាតិគ្មានទីបំផុតឡើយ ។
កាយកម្មក្ដី វចីកម្មក្ដី មនោកម្មក្ដី លោកប្រៀបដូចគ្រាប់ពូជដែលយើងបានសាបព្រោះ ហើយដុះឡើងអ៊ីចឹង អ្នកណាដាំពូជប្រភេទណា អ្នកនោះនឹងទទួលផលបែបនោះ ។ មានន័យថា ដាំពូជពោត បានផលគឺផ្លែពោត មិនអាចដាំពោត បែរជាបានផលទៅជាដំឡូងនោះឡើយ ។
ដើម្បីឱ្យអស់កម្មអាក្រក់ដែលយើងធ្វើរួចហើយ តើយើងអាចអង្វរករសុំអ្នកណាម្នាក់ឲ្យអត់ឱនទោសនោះបានទេ ?
បុគ្គលដទៃក្តី ព្រះបរមគ្រូនៃរបស់យើងក្តី មិនមែនជាបុគ្គលដែលយើងត្រូវគោរពបួងសួងសូមនូវការអភ័យទោស ឬស្នើសុំឱ្យដកកម្មអាក្រក់ចេញពីខ្លួនយើងនោះទេ ។ បរិស័ទមិនគប្បីមានជំនឿទៅលើបុគ្គលខាងក្រៅណាមួយ ដែលយើងគួរតែសុំនូវការអត់ឱនទោស ឬគោរពបូជាដើម្បីឲ្យរួចចាកកម្មពៀរនោះឡើយ។
ប្រសិនបើពុទ្ធសាសនិកចង់សុំនូវការកម្ចាត់បង់កម្មអាក្រក់ចេញពីខន្ធសន្តាន គឺមានតែមនុស្សម្នាក់គត់ គឺខ្លួនយើងនេះឯង ដោយការវៀរចាកការប្រព្រឹត្តអាក្រក់ដោយកាយ វាចា ចិត្តឱ្យអស់ពីខន្ធសន្តាន ហើយងាកមកធ្វើអំពើជាកុសលវិញ អំពើអាក្រក់នឹងបាត់សូន្យទៅដោយឯងៗ ។
នៅក្នុងគម្ពីរពុទ្ធសាសនាបានបញ្ជាក់ច្បាស់ណាស់ថា ថ្វីបើបុណ្យនិងបានមិនអាចទាញយកមកស៊ីសងគ្នាបានមែន តែទោះជាយ៉ាងណាបុណ្យមានអានុភាពជាងបាប អាចទាញមនុស្សដែលធ្លាក់នរក ឱ្យទៅនៅឋានសួគ៌បាន ។
ចែករំលែកព័តមាននេះ