ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ប្រគល់​វិញ្ញាបនបត្រ ISO 9001-2015​នៅ​បាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ប្រគល់​វិញ្ញាបនបត្រ ISO 9001-2015 ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​បណ្ឌិត…

ខេត្តបាត់ដំបង ៖ ការ​ប្រគល់​វិញ្ញាបនបត្រ ISO 9001-2015 ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត តំណាង​ក្រុមហ៊ុន​រោង​ជាង​ដែល​ជា​ដៃគូរ​សរុប​រួម​ប្រមាណ​ជាង​២០០​នាក់​បាន​ចូលរួម ។

លោក​អ៊ុ​ក ដា​វ៉ា​ន់​ឌី នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​បាន​អាន​របាយការណ៍ និង​ប្រវត្តិ​នៃ​ការ​កកើត​វិទ្យាស្ថាន​នេះ តាំងពី​ឆ្នាំ​១៩៨៩ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​យុវជន​សេរី​អា​ល្លី​ម៉​ង់ នៃ​អតីត​ប្រទេស​អា​ល្លី​ម៉​ង់​ខាងកើត ដើម្បី​ជំរុញ​សកម្មភាព​ការងារ​បណ្តុះបណ្តាល​ឲ្យ​មាន​និរន្តរភាព ដើម្បី​រួមចំណែក​ក្នុង​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​កសាង​អគារ រោង​ជាង​តាម​មុខ​ជំនាញ​បាន​ចំនួន​២១​ខ្នង ក្នុង​ផ្ទៃដី​១៣​ហិ​កតា ស្ថិត​នៅ​ក្នុង​ក្រុង​បាត់ដំបង​បាន​បណ្តុះបណ្តាល​សិក្ខាកាម​សិស្ស និស្សិត​ក្នុង​១​ឆ្នាំ​ៗ​ប្រមាណ​១​ពាន់​នាក់ បាន​យកចំណេះ​វិជ្ជា​ចេញ​ទៅ​ប្រកបការងារ ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ប្រកបដោយ​គុណភាព ។

លោក ងួ​ន រតនៈ​អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា នេះ គឺជា​ការ​ទទួលស្គាល់​គុណភាព​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ត​រហូត​មក​បាន​ទទួលស្គាល់​ពី​អង្គការ​ស្តង់ដារ​អន្តរជាតិ (ISO) លើ​ផ្នែក​គ្រប់គ្រង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ទី​នេះ​ដូច្នេះ​សូម​កូនក្មួយ​ៗ​ទាំងអស់​យកចិត្តទុកដាក់​ក្រេបជញ្ជក់​យកចំណេះ​ដឹង​ពី​ទី​នេះ ដែល​ជា​ធនធានមនុស្ស​យក​ទៅ​ប្រើប្រាស់ ដើម្បី​លើកកម្ពស់​ជីវភាព​ឲ្យ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត ។

លោក​អភិបាលខេត្ត​បាន​ប្រៀបធៀប​អំពី​របប​ប្រជាធិបតេយ្យ តើ​មាន​ពិត​នៅ​កម្ពុជា​ឬទេ ? ដែល​មាន​ជន​មួយ​ចំនួន​នៅ​ក្រៅប្រទេស​តែងតែ​វាយតម្លៃ​ក្នុង​ស្ថានភាព​អាក្រក់​រហូត​មក តែ​តាម​ពិត​នេះ គឺជា​លទ្ធផល​ដែល​អង្គការ​អន្តរជាតិ​បាន​មើលឃើញ​ពី​គុណភាព​របស់​កម្ពុជា​ហើយ​ទើបបាន​ប្រគល់​ទទួលស្គាល់​វិញ្ញាបនបត្រ ISO 9001-2015 ដល់ទី​នេះ ។ បន្ទាប់​មក​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា គុណភាព​នៃ​ចំណេះដឹង​ផ្នែក​ធនធានមនុស្ស គឺជា​កត្តា​កំណត់​នៃ​ភាព​ជោគជ័យ​របស់​យើង​គ្រប់​ៗ​គ្នា​នា​ពេល​អនាគត​ដោយ​មាន ភាព​ជា​អ្នកដឹកនាំ និង​មានការ​ចូលរួម​ពី​មហាជន ឲ្យ​មានដំណើរ​ការ​ល្អ ហើយ​ត្រូវ​តែ​មានការ​កែ​លំអ​ជា​ប្រចាំ ។

លោក​បណ្ឌិត​បាន​រំលឹក​អំពី​ប្រទេស​ដែល​កើត​មាន​សង្គ្រាម គឺ​បណ្តាល​ឲ្យ​មាន​ជនភៀសខ្លួន​រត់​ចេញ​ទៅ​នៅ​ក្រៅប្រទេស ហើយ​ស្រែក​ទាមទារ​រក​ប្រជាធិបតេយ្យ​ចុះ​ពេល​នេះ តើ​កម្ពុជា​កំពុង​ទទួល​បាន​អ្វី​មក​វិញ​ខ្លះ ? គឺ​កំពុង​មានការ​រីក​ដុះដាល​ពេញ​ផ្ទៃ​ប្រទេស​ដោយសារ​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ដឹកនាំ​ផ្តួលរំលំ​របប​កាប់សម្លាប់ ប្រមូល​ខ្មែរ​មក​រួបរួម​គ្នា​ពន្លត់ភ្លើង​សង្គ្រាម ហើយ​នាំ​គ្នា​ថែរ​រក្សាសុខ​សន្តិភាព កសាង​អភិវឌ្ឍន៍​ប្រទេស​រហូត​មក​ដល់​ពេល​នេះ តែ​ក៏​នៅ​តែ​មាន​អ្នក​នៅ​ក្រៅ​ស្រុក​ចេះ​តែ​ស្រែ​កថា (​ឲ្យ​ដូរ​របប​នេះ​ចេញ​ទៅ ដូរ​ឬ​មិន​ដូរ ?​) តើ​យើង​នៅ​ទី​នេះ​បានឃើញ​ដឹង​ផ្ទាល់​ហើយ​ថា តើ​គេ​ចង់​ដូរ​យក​អ្វី​មក​វិញ ?

បើ​ស្រុក​យើង​ទទួល​បានការ​កសាង​អភិវឌ្ឍន៍​ចេញពី​គំនរ​ផេះ​ផង់​មក​ហើយ​នោះ គឺ​យើង​ទាំងអស់​គ្នា​មិន​ព្រម​ជា​ដាច់ខាត ព្រោះ​យើង​នៅ​ទី​នេះ​ត្រូវ​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព បណ្តុះបណ្តាល​ធនធានមនុស្ស​បន្ថែម​ទៀត ព្រោះ​សម័យ​ឥឡូវ​កូនក្មួយ​ចៅ​ៗ​ជំនាន់​ក្រោយ​កំពុង​ក្រេប​ចំណេះដឹង​តាម​បែប​ទាន់សម័យ​នៃ​ពិភពលោក ដូច្នោះ​សូម​ខិតខំ​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព ដើម្បី​យើង​ទាំងអស់​គ្នា និង​កុំ​ភ្លេច​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដើម្បី​រក្សា​ស្ថានភាព​សុខ​សប្បាយ​រុងរឿង​ក្នុង​ប្រទេស​កម្ពុជា​កុំ​ឲ្យ​បាត់បង់​ទៅ​វិញ​ឲ្យ​សោះ ។

ជា​ចុង​ក្រោយ​បន្ទាប់​ពី​ប្រគល់​វិញ្ញាបនបត្រ ISO 9001-2015 រួច​ហើយ ក៏​មាន​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​មន្ត្រី​ក្នុង​វិទ្យាស្ថាន និង​ជូន​ថវិកា​លោកគ្រូ​អ្នកគ្រូ​៥៥​នាក់ ក្នុង​ម្នាក់​ទទួល​បាន​២​ម៉ឺន​រៀល សិស្ស​និស្សិត​ចំនួន​១៥០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​១​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ