ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​បណ្ដុះបណ្ដាល​ធនធាន​បន្ថែម ស្រប​ពេល​ទេសចរ​មាន​កំណើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទេសចរណ៍ គឺជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត ដែល​បាន​រួមចំណែក​បង្កើត​នូវ​កាលានុវត្តភាព​ការងារ លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ប្រាក់​ចំណូល​ជាតិ ដែល​ជា​កត្តា​សំខាន់ និង​គន្លឹះ​សម្រាប់​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ទេសចរណ៍ គឺជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត ដែល​បាន​រួមចំណែក​បង្កើត​នូវ​កាលានុវត្តភាព​ការងារ លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ប្រាក់​ចំណូល​ជាតិ ដែល​ជា​កត្តា​សំខាន់ និង​គន្លឹះ​សម្រាប់​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ។ ដើម្បី​បង្កើន​នូវ​ការ​គ្រប់គ្រង​និង​អនុវត្ត​លើ​វិស័យ​ទេសចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួងទេសចរណ៍​បាន​បណ្តុះបណ្តាល​ធនធានមនុស្ស​បន្ថែម​ទៀត ក្នុង​គោលដៅ​ចូលរួម​ចំណែក​អនុវត្ត​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដី​ពី​ការ​កត់ត្រា​ចំណាត់ថ្នាក់​ទាំង​៧​នៃ​មាតិកា​ថវិកា និង​ការ​អនុវត្ត​មាតិកា​ថ្មី និង​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា នៅ​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា ម្សិលមិញ លោក ជា បូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា កំពុង​មានការ​អភិវឌ្ឍ​គួរ ឲ្យ​កត់សម្គាល់ ។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ មាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ៥,៦​លាន​នាក់​បាន​ចូល​មក​ទស្សនា​នៅ​កម្ពុជា ក្នុង​អត្រាកំណើន​១១,៨% និង​នាំ​ប្រាក់​ចំណូល​ប្រមាណ​៣.៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ រួមចំណែក​ប្រមាណ​១៣%​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់ ។ ក្នុង​នោះ តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​៥.០០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ​១​លាន​នាក់ ។

លោក​បន្ដ​ថា ៖« ដូច្នេះ វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ធនធានមនុស្ស​របស់​ក្រសួង សំដៅ​ធានា​ឲ្យ​ការ​គ្រប់គ្រង និង​អនុវត្ត​លើ​វិស័យ​ទេសចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ធានា​បាន​នូវ​ការ​អនុវត្ត​ចំណូល ចំណាយ​បាន​ត្រឹមត្រូវ ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​ការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល » ។

លោក ជា បូ​រ៉ា បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ហើយ​បាន​ចាប់ផ្តើម​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០០៤​មក ដោយ​មាន​៤​ដំណាក់កាល​គឺ​ដំណាក់កាល​ទី​១ «​ការ​បង្កើន​ភាព​ជឿ​ទុកចិត្ត​នៃ​ថវិកា​», ដំណាក់កាល​ទី​២ «​ការ​បង្កើន​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ​», ដំណាក់កាល​ទី​៣ «​ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោលនយោបាយ​» និង​ដំណាក់កាល​ទី​៤ «​ការ​បង្កើន​គណនេយ្យ​ភាព​ចំពោះ​សមិទ្ធកម្ម​» ។

លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៣ នៃ​ដំណាក់កាល​ទី​៣ កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​មាន​វិសាលភាព​កាន់តែ​ធំ​ទូលាយ​ដែល​មានការ​ផ្ទេរសិទ្ធិ​អំណាច និង​ការ​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​និង​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​សាធារណៈ​ដល់​ក្រសួង​ស្ថាប័ន​ក៏​កាន់តែ​ច្រើន​ឡើង ក្នុង​នោះ​ក្រសួងទេសចរណ៍ ក៏​ជា​ប្រតិបត្តិ​ករ និង​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ចូលរួម​អនុវត្ត​ការ​កែទម្រង់​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ