ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពកសអាហ្សង់ទីន ជាខ្លាកំណាចនៅក្នុងពូល​ D

5 ឆ្នាំ មុន

ការ​តស៊ូ​របស់​ក្រុម​ជម្រើសជាតិ​នីមួយ​ៗ​ទម្រាំបាន​ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល​៣២​ក្រុម គឺ​សុទ្ធតែ​ជួប​ឧបសគ្គ​មិនធម្មតា ។ មិនតែប៉ុណ្ណោះ ពួក​គេ​នឹង​ត្រូវ​ហែល​ឆ្លង​ព្យុះ​ភ្លៀង​ជា​ច្រើន​ដំណាក់កាល​ទៀត​ដើម្បី​បន្ត​ក្រសោប​ក្តី​ស្រមៃ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពាន ។ ក្រុមការងារ​យើង​បាន​វិភាគ ៣​ពូ​ល​រួច​មក​ហើយ ដែល​លើក​នេះ​យើង​នឹងលើកយក​ពូ​ល D…

ការ​តស៊ូ​របស់​ក្រុម​ជម្រើសជាតិ​នីមួយ​ៗ​ទម្រាំបាន​ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល​៣២​ក្រុម គឺ​សុទ្ធតែ​ជួប​ឧបសគ្គ​មិនធម្មតា ។ មិនតែប៉ុណ្ណោះ ពួក​គេ​នឹង​ត្រូវ​ហែល​ឆ្លង​ព្យុះ​ភ្លៀង​ជា​ច្រើន​ដំណាក់កាល​ទៀត​ដើម្បី​បន្ត​ក្រសោប​ក្តី​ស្រមៃ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពាន ។ ក្រុមការងារ​យើង​បាន​វិភាគ
៣​ពូ​ល​រួច​មក​ហើយ ដែល​លើក​នេះ​យើង​នឹងលើកយក​ពូ​ល D មក​បង្ហាញ​បន្ត ។ សមាសភាព​ពូ​ល D នេះ​មាន​អា​ហ្ស​ង់​ទី​ន​ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង រីឯ​នី​ហ្សេ​រី​យ៉ា មក​ពី​ទ្វីបអាហ្វ្រិក ខណៈ​អុី​ស្លង់ និង​ក្រូ​អាស៊ី មក​ពី​ទ្វីបអឺរ៉ុប ។

១-​អា​ហ្ស​ង់​ទី​ន

អា​ហ្ស​ង់​ទី​ន​ជា​ក្រុម​ខ្លាំងមួយ​ដែល​ពិភពលោក​តែងតែ​លើកយក​មក​និយាយ​ជា​រឿយ​ៗ ហើយ​កាន់តែ​ពិសេស​ទៀតនោះ Lionel Messi ដែល​គ្រប់​គ្នា​បាន​ស្គាល់​ក៏​ស្ថិត​ក្នុង​ក្រុម​នេះ​ដែរ ។ បើ​និយាយ​ពី​ការ​ប្រឡូក​ក្នុង​ព្រឹត្តិការណ៍​ World Cup វិញ ក្រុម​រងជើង​ឯក​រដូវ​កាល​មុន​ដែល​មាន​រហស្សនាម​ថា «ពពក​ស​» បាន​ចាក់​ឬ​ស​គល់​យ៉ាង​ជ្រៅ ដោយ​ចូលរួម​ប្រកួត​ដំបូង​តាំងពី​ព្រឹត្តិ​ការណ៍​នេះ​បង្កើត​ឡើង​មក​ម៉្លេះ ។ ឆ្នាំ​នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​១៧ របស់​ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​ខាងលើ ក្នុង​នោះ​ពួក​គេ​មានឱកាស​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​៥​លើក​(១៩៣០, ១៩៧៨, ១៩៨៦, ១៩៩០ និង​២០១៤) ប៉ុន្តែ​អាច​គ្រង​ជើងឯក​បាន​តែ​ពីរ​ដង​ប៉ុណ្ណោះ​នៅ​ឆ្នាំ​១៩៧៨ និង​១៩៨៦ ។ លទ្ធផល​៥​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ World Cup អា​ហ្ស​ង់​ទី​ន​ឈ្នះ​១ ស្មើ​៣​និង​ចាញ់​១ ។

២-​នី​ហ្សេ​រី​យ៉ា

ក្រុម​មក​ពី​អា​ហ្រិ្វ​កមួយ​នេះ បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឱ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទម្លាក់​ក្រុម​ជើង​ខ្លាំង​ក្នុង​តំបន់​ជា​ច្រើន​រួច​មក ។ រដូវ​កាល​នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​៦​របស់​នី​ហ្សេ​រី​យ៉ា​នៅ World Cup ក្រោយ​ពី​ចូល​លេង​ដំបូង​អំឡុង​ឆ្នាំ​១៩៩៤ ។ វត្តមាន​៥​លើក​នា​ពេល​កន្លង​ទៅ នី​ហ្សេ​រី​យ៉ា​ធ្វើ​បាន​ល្អ​បំផុត​ត្រឹម​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​៣​ដង ខណៈ​ពីរ​លើក​ផ្សេង​ទៀត​ពួក​គេ​ធ្លាក់​នៅ​វគ្គ​ចែក​ពូ​ល ។ យ៉ាងណាមិញ កាលពី​វគ្គ​ជម្រុះ​កន្លង​ទៅ នី​ហ្សេ​រី​យ៉ា​ក៏​ជា​ក្រុម​មិន​ណ​យដែរ គឺ​ការ​ប្រកួត​៥​ដង​ចុង​ក្រោយ​មិន​ទាន់​ស្គាល់បរាជ័យ​ម្តង​ឡើយ ដោយ​ឈ្នះ​៣ និង​ស្មើ​២ ។ ចាំ​មើល​ថា​តើ​ពួក​គេ​អាច​រក្សា​កំណត់​ត្រា​ល្អ​នេះបាន​ដែរ​ឬទេ​ពេល​ប្រកួត​នៅ​វគ្គ​ចែក​ពូ​ល?

៣-​អុី​ស្លង់

រដូវ​កាល​២០១៨​នេះ គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ដំបូង​របស់​អុី​ស្លង់ ដែល​អាច​ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល ។ យ៉ាងណាមិញ វាមិនមែន​ជា​លើក​ទី​១​នោះ​ទេ​ដែល​អុី​ស្លង់​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​ប្រកួត​ធំ​ៗ ។ តួយ៉ាង​កាលពី​ឆ្នាំ​២០១៦ អុី​ស្លង់​បាន​ទម្លាក់​អង់គ្លេស​នៅ​វគ្គ​១៦​ក្រុម​ចេញពី​ការ​ប្រកួត​ពានរង្វាន់​យូ​រ៉ូ ធ្វើ​ឱ្យពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ចំពោះ​ការ​ប្រកួត​ជម្រុះ​World Cup​នៅ​ទ្វីបអឺរ៉ុប​កន្លង​មកអុី​ស្លង់​ធ្វើ​បាន​យ៉ាង​ល្អ ពោល​គឺ​៥​ប្រកួត​ចុង​ក្រោយ​ឈ្នះ​៤ និង​ចាញ់​១ ។ ទោះ​យ៉ាងណា ប្រទេស​មាន​ប្រជាជន​ត្រឹម​៣៥​ម៉ឺន​នាក់​នេះ នៅ​មានបទពិសោធន៍​ខ្ចី​ណាស់​នៅ​ World Cup ជា​ពិសេស​គឺ​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ ។ ក្តី​ប្រាថ្នាចម្បង​នា​ពេល​នេះ អាច​និយាយ​បាន​ថា បើ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល វា​គឺជា​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ជំហាន​ដំបូង​របស់​ពួក​គេ​ហើយ ។

៤-​ក្រូ​អាស៊ី

៣​រដូវ​កាល​ចុង​ក្រោយ​ចាប់តាំងពី​ឆ្នាំ​២០០២, ២០០៦ និង​ឆ្នាំ​២០១៤ ក្នុងចំណោម​ការ​បង្ហាញខ្លួន​៤​លើក គឺជា​ប្រវត្តិ​ឈឺចាប់​បំផុត​របស់​ក្រូ​អាស៊ី ដែល​ពួក​គេ​បាន​ធ្លាក់​ចេញពី World Cup ត្រឹម​វគ្គ​ចែក​ពូ​ល ។ ដូច្នេះ​ការ​បង្ហាញខ្លួន​លើក​ទី​៥​ទាំង​ប្រផិតប្រផើយ​នេះក៏​មិន​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយចិត្ត​ប៉ុន្មាន​ដែរ ដ្បិត​ឥឡូវ​ពួក​គេ​ស្ថិត​នៅ​ពូ​ល D ប្រឈម​ជាមួយ​ក្រុម​ខ្លាំង​អា​ហ្ស​ង់​ទី​ន និង​នី​ហ្សេ​រី​យ៉ា ។ លទ្ធផល​៥​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ World Cup ក្រូ​អាស៊ី​ចាញ់​តែ​ម្តង​ប៉ុណ្ណោះ ដោយ​ឈ្នះ​២ និង​ស្មើ​២​ ។

វិភាគ ៖ បើ​ទោះជា​យើង​បានដឹង​ពី​សមាសភាព​ក្រុម​ទាំង​៤​ក្នុង​ពូ​ល​នេះ​ហើយ​ក្តី ក៏​យើង​នៅ​តែ​ពិបាក​វាយតម្លៃ​ដដែល ។ ប្រសិនបើ​អា​ហ្ស​ង់​ទី​ន​គឺជា​ក្រុម​ដែល​ឈរ​នៅ​កំពូល​តារាង​ដូចដែល​យើង​បាន​គិត​មែន នោះ​តំណែង​លេខ​២​សម្រាប់​៣​ក្រុម​ផ្សេង​ទៀត​ប្រកួតប្រជែង​គ្នា វា​នឹង​កាន់តែ​តានតឹង​ជាង​មុន​មិន​ខាន ព្រោះ​សមត្ថភាព​ពួក​គេ​ប្រហាក់ប្រហែល​គ្នា ។

ទោះបី​យ៉ាងណា ក្រូ​អាស៊ី ​នៅ​តែ​ជា​ក្រុម​មាន​ភាគរយ​ខ្ពស់​ជាងគេ​ក្នុង​ការ​ចាប់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ជាមួយ​ក្រុម​ពពក​ស បើ​យោង​តាម​ស្ថានភាព​ពួក​គេ​បច្ចុប្បន្ន និង​បទ​ពិសោធន៍​ប្រកួត រួម​ទាំង​កីឡាករ​ឆ្នើម​ច្រើន​រូប​ដែល​កំពុង​បង្ហាញខ្លួន​នៅ​ក្លិប​ធំ​ៗ​ក្នុង​ទ្វីបអឺរ៉ុប ។

តើ​ប្រិ​យ​មិត្ត​មាន​យោបល់​ដូច​ការ​វិភាគ​ខាងលើ​របស់​ក្រុមការងារ​យើង​ដែរ​ឬ​យ៉ាងណា? តើ​ក្នុង​ពូ​ល​នេះ ក្រុម​ណាមួយ​ជា​ក្រុម​សំណព្វចិត្ត​របស់​ប្រិ​យ​មិត្ត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ