ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយពេញ​ប្រទេស…​ ទីបំផុតបញ្ចប់ដោយ​ចាប់​លោកផ្សឹក និង​​ជាប់​ទោស​​​រំលោ.ភ​-គំរាមនាង​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ក្រោយ​បញ្ចប់​ការ​ឆ្លង​ឆ្លើយ​គ្នា​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា រហូត​ដល់​ថ្ងៃរសៀល ថ្នាក់ដឹកនាំ​សង្ឃ​និង​មន្ដ្រី​ធម្មការ និង​សាសនា​ខេត្ត បាន​សម្រេច​ចាប់​ផ្សឹក​ចៅ អធិការ​វត្ត​ភ្នំ​បាក់​លើ…

ខេត្តបន្ទាយមានជ័យ ៖ ​ក្រោយ​បញ្ចប់​ការ​ឆ្លង​ឆ្លើយ​គ្នា​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា រហូត​ដល់​ថ្ងៃរសៀល ថ្នាក់ដឹកនាំ​សង្ឃ​និង​មន្ដ្រី​ធម្មការ និង​សាសនា​ខេត្ត បាន​សម្រេច​ចាប់​ផ្សឹក​ចៅ អធិការ​វត្ត​ភ្នំ​បាក់​លើ និង​ជា​ព្រះ​អនុគណ​ក្រុង​សិរី​សោភ័​ណ ដែល​ហេតុ​ការ​ចាប់​ផ្សឹក​មន្ត្រី​សង្ឃ​មានមុខ​មាន​មាត់​ម្នាក់​នេះ ពិតជា​ធ្វើ​ឱ្យ​ញ័រ​រញ្ជួយ​កក្រើក​វត្ត​តែ​ម្តង មិន​ខុស​ពី​ការ​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប ​កាលពី​ថ្ងៃ​៤ មិថុនា កន្លង​មក​នោះ​ទេ ពី​ការ​បដិបត្តិ​មិន​ស័ក្តិសម​ខ្លួន​ជា​អ្នកបួស ហើយ​បាន​ធ្វើ​ឱ្យ​មានការ​ថ្កោលទោស​ពី​គ្រប់​មជ្ឈដ្ឋាន ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាននៃ​ព្រឹក​ថ្ងៃ​ដដែល​នេះ មានការ​និមន្ដ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សង្ឃ មន្ដ្រី​ធម្មការ មន្ដ្រី​សាលាខេត្ត ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ នាម ស្រិល វ​ណ្ណា ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​នារី​ឈ្មោះ កាយ លី​តា ដែល​ស្ថិត​នៅ​ក្នុង​រូបភាព​ និង​វី​ដេ​អូ​ជាមួយ​ភិក្ខុ​អង្គ​នេះ ព្រមទាំង​ពុទ្ធបរិស័ទ​រាប់រយ​នាក់ និង​អ្នក​សារ ព័ត៌មាន​ជា​ច្រើន​នាក់​ដ៏​កុះករ ។

ក្រោយ​ការ​ឆ្លើយឆ្លង​គ្នា​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ ​នៅ​ទីបំផុត​ទៅ ថ្នាក់ដឹកនាំ​សង្ឃ​ក៏​បាន​សម្រេច​ចាប់​ផ្សឹក​ចៅ អធិការ​ដែល​ពាក់ព័ន្ធ​ជាមួយ​ស្រី​ញី​នៅ​ថ្ងៃនេះ​តែ​ម្ដង ហើយ​នីតិវិធី​បន្ដ​ទៀត​នោះ​ គឺ​ការ​ឈាន​ទៅ​ប្ដឹងប្តល់​គ្នា​រវាង​ភាគី​ទាំង​២ នឹង​ធ្វើ​ឡើង​នៅ​ពេល​ក្រោយ ព្រោះ​ភិក្ខុសង្ឃ​អង្គ​នេះ​ ជាប់ចោទ​ពី​បទ​រំលោភ​ និង​គំរាម ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៤  មិថុនា នៅ​លើ​បណ្តាញ​សង្គម Facebook មានការ​ចែកចាយ​ត​គ្នា​យ៉ាង​ព្រោង ព្រាត ជុំវិញ​ភិក្ខុសង្ឃ​មួយ​អង្គ​ដេក​ជាមួយ​នារី​ម្នាក់ និង​អង្គុយ​ធ្វើ​ជា​មេខ្លា​ឃ្លោក​ទៀត​ផង ។ ករណី​នេះ ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​រិះគន់​យ៉ាង​ចាស់ដៃ ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កាន់សាសនា​ព្រះពុទ្ធ ជា​ពិសេស​នោះ​ អ្នក​ដែល​ធ្លាប់​បាន​យក​ចង្ហាន់ទៅ​ប្រគេន​សង្ឃ​អង្គ​នេះ​ដល់​ក្នុង​វត្ត ក៏​ដូច​ជា​អ្នក​ធ្លាប់​បានឱ្យ​ស្រោច​ទឹក​លើក​ជតា រាសី​កន្លង​មក ។

ភិក្ខុសង្ឃ​ដែល​រង​ការ​រិះគន់​យ៉ាង​ព្រោងព្រាត ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មាន​នាម​ព្រះ​គ្រូ​សារ​ទោ ស្រិល វ​ណ្ណា ដែល​គេ​ដឹង​ថា​ជា​សង្ឃ​ល្បី​ខាង​ស្រោច​ទឹក ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នក​រកស៊ី គ្រប់​ស្រទាប់ វណ្ណៈ ​តែង​បាន​ទៅ​ឱ្យ​សង្ឃ​អង្គ​នេះ​ស្រោច​ទឹក​ផង​ដែរ ។ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តបន្ទាយមានជ័យ​ម្នាក់​បាន​និយាយ​ថា លោក​ក៏​ធ្លាប់​ទៅ​វត្ត​នេះ ហើយ​ឱ្យ​សង្ឃ​អង្គ​នេះ​ស្រោច​ទឹក​ទៀត​ផង និង​ពេល​ទៅ​ម្តង​ៗ ឃើញ​តែ​មនុស្ស​កុះករ​ឱ្យ​លោក​ដោះ​អំពើ​នានា​ ដោយ​អុជ​ធូ​ក ហើយ​ម្នាក់​ៗ​សុទ្ធតែ​ក្តៅ​ដែល​ត្រូវ​អំពើ​របស់​គេ ។

នៅ​លើ​បណ្តាញ​សង្គម Facebook ស្ត្រី​ម្នាក់ ​ដែល​មាន​អា​ខោ​ន​ឈ្មោះ MoTa Gimmick បាន​បង្ហោះ​សារ​ថា «​ស្គាល់​លោក​ម្នាក់​នេះ​អត់ ខំ​គោរព​ជឿជាក់ តែ​ទីបំផុត​រត់​តាម​ស្រី ដេក​ជាមួយ​ស្រី ហើយ​កុហក​ថា​ទៅ​មើលជំងឺ​នៅ​សុរិន្ទ​» ។ ក្រោយ​ពី​ពិធី​ផ្សឹក​ដ៏​កក្រើក ​មាន​ទាំង​ការ​ស្រោច​ទឹក​ផង​នោះ សង្ឃ​អង្គ​នេះ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​រំលោភ ​និង​គំរាម​នៅ​រសៀល​ម៉ោង​0១​ និង​១០​នាទី​ថ្ងៃ​ទី​៥ មិថុនា នៅ​វត្ត​សុ​ម៉ា​ធិ​ផល ស្ថិត ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ក្រោយ​មានរឿង​រ៉ាវ​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ និង​ជា​អនុគណ​ក្រុង​សិរី​សោភ័ណ​ឈ្មោះ ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា ជា​ព្រះ​ស​ង្ឃ ដែល​ត្រូវ​បាន​បណ្តាញ​សង្គម​ហ្វេ​ស​បុក​បង្ហោះ​រូបភាព​មាន​ប្រឡែង​ស្រី នៅ​ជាមួយ​ស្រី​ក្មេង លិទ្ធ​និង​បៀម​ពោត​ស្ងោរ ​ធ្វើ​មេខ្លា​ឃ្លោក ដែល​ប៉ះពាល់​ដល់​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​ដែល​​ត្រូវ​រិះគន់​ពី​សំណាក់​មហាជន ។

មន្ត្រី​សង្ឃ​ដែល​និមន្ត​ចូលរួម​មាន​ព្រះ​សមណ​ញាណ ណាប់ ម៉ឺន ព្រះ​បាលាត់​គណ​ខេត្ត ព្រះ​គ្រូ​សោភ័ណ​វិមល ប៉ាត សុគន្ធ អនុគណ​ក្រុង​សិរី​សោភ័ណ និង​មន្ត្រី​សង្ឃ​ជា​ច្រើន​អង្គ បាន​កោះហៅ​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ និង​ជា​អនុគណ​ក្រុង​សិរី​សោភ័ណ នាម ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា មាន​អាយុ​៣៨​ឆ្នាំ និង​ភាគី​ពាក់ព័ន្ធ​ស្ត្រី​ឈ្មោះ កាយ លី​តា អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មាន​ឪពុក​ម្តាយ​និង​​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ចៅអធិការ​វត្ត​ផង​ដែរ ។

បន្ទាប់​ពី​ការ​ផឹកទឹកសម្បថ​រួច នារី​ឈ្មោះ កាយ លី​តា បាន​រៀបរាប់​ថា នាង​បាន​ស្គាល់ ឈ្មោះ ស្រិល វ​ណ្ណា រយៈពេល​ជាង​១​ឆ្នាំ​មក​​ហើយ ដោយ​ម្តាយ​និង​ខ្លួន​នាង ​មាន​ជំងឺ​ត្រូវ​អំពើ​គេ ។ លុះ​មើល​ជា​ទៅ ឪពុក​ម្តាយ​នាង​ក៏​ស្រលាញ់​រាប់អាន​ស្និទ្ធស្នាល​គ្នា​ទាំង​សន្យា​ថា ក្រោយ​ពេល​កសាង​ព្រះ​វិហារ​រួចរាល់ និង​សឹក​ចូល​ដណ្តឹង​​យក​នាង​ជា​អនាគត ។ នាង​ថា ​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​២០១៨​កន្លង​ទៅ សង្ឃ​ឈ្មោះ ស្រិល
វ​ណ្ណា បាន​មក​លេង​ផ្ទះ ហើយ​សុំ​សឹង​២​យប់​នៅ​នឹង​ផ្ទះ ព្រមទាំង​មាន​អង្គរក្ស​ ជា​អ្នកបើកបរ​រថយន្ត​២​នាក់​ផង និង​បាន​ដេញ​ពួក​គេ​ឱ្យទៅ​ដេក​ខាងក្រៅ ហើយ​សង្ឃ​រូប​នោះ​ដេក​ក្នុង​បន្ទប់​ក្នុងផ្ទះ​របស់​នាង​បន្ទប់​មួយ​ផ្សេង ។ ខណៈ​នាង​បាន​យក​ភេសជ្ជៈ​ទៅ​ប្រគេន​ស្រាប់តែ​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​ ហើយ​លួច​ចេញពីផ្ទះ​របស់​នាង​ ដោយ​មិន​បាន​ប្រាប់​នាង​ និង​ឪពុក​ម្តាយ​នាង​ទៀត​ផង ។

នាង​បាន​បញ្ជាក់​ថា ក្រោយ​ពេល​រំលោភ​នាង​ហើយ ​លួច​ចេញពីផ្ទះ​មិន​ប្រាប់ ទូរស័ព្ទ​មិន​លើក ទើប​ដើរ​រក​ក៏​ប្រទះ​ឃើញ​នៅ​ក្រុង​សិរី​សោភ័ណ ជួប​ហើយ​មិន​បាន​និយាយ​គ្នា​ប៉ុន្មាន​ផង បើកឡាន​គេច​តាម​ផ្លូវ​លេខ​៣​ទៅ​បាត់​ ។ នាង​ថា ពេល​ទូរស័ព្ទ​ចូល​ក៏​គំរាម​ថា បើ​ចង់​រករឿង​ប្រយ័ត្ន​នៅ​ស្រុក​មិន​បាន ទើប​នាង​ខឹង​បង្ហោះ​រូបភាព​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក រាល់​រូបភាព​ប៉ះពាល់​កិត្តិយស​ព្រះសង្ឃ ហើយ​បាន​ប្តឹង​ចោទប្រកាន់​ពី​បទ​រំលោភ​នាង ក្នុង​បន្ទប់​ផ្ទះ​របស់​នាង​បាន​សម្រេច និង​គំរាម​ហើយ​សុំ​ឱ្យ​ច្បាប់​ចាត់ការ​ដោះ​ស្បង់ ។

ចំណែក​ចៅអធិការ​ភ្នំ​បាក់​លើ និង​ជា​អនុគណ​ក្រុង​សិរី​សោភ័ណ​នាម ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា បាន​មាន​សង្ឃដីកា​តប​ថា ការ​ពិត​គ្រួសារ​របស់​នាង​បាន​រាប់អាន​គ្នា ក្រោយ​ពេល​ដែល​លោក​មើលជំងឺ​​ជា ហើយ​បាន​សន្យា​ថា​ ពេល​សាងសង់​ព្រះ​វិហារ​រួច​ នឹង​សឹក​​ចូល​ដណ្តឹង​នាង​​តាម​ប្រពៃណី តែ​សង្ឃ​អង្គ​នេះ​ បាន​បដិសេធ​មិន​បាន​រំលោភ​ដូច​ការ​ចោទប្រកាន់​ និង​បាន​ត្រឹមតែ​ប្រឡែង​លេង​ដូច​រូបភាព​បៀម​និង​ជញ្ជក់​ពោត​ស្ងោរ​ដែល​នាង​បង្គាប់​ និង​បង្ខំ​ឱ្យធ្វើ ហើយ​ថត​បង្ហោះ​នោះ​ទេ ។ មិន​បាន​ចេញចូល​ផ្ទះ​នាង​មួយ​រយៈ ស្រាប់តែ​២​ទៅ​៣​ថ្ងៃនេះ ស្រាប់តែ​ឃើញ​អា​ខោ​ន​របស់​នាង​បង្ហោះ​រូបភាព​ ដែល​ប៉ះពាល់​កិ​តិ្ត​យស​ព្រះសង្ឃ ហើយ​ក៏​ត្រូវ​បាន​រិៈ​គន់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែ​ម្តង​ទៅ ។

លោក យិ​ម យឿ​ន ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃើញ​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​នូវ​រូបភាព​សង្ឃ​នាម ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ និង​ជា​អនុគណ​ក្រុង​សិរី​សោភ័ណ​ ដែល​មាន​រូបភាព​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា និង​មានការ​រិះគន់​ពី​មហាជន​យ៉ាង​ខ្លាំង ទើប​ក្រសួង​ធម្មការ និង​សាសនា​បានឱ្យ​មន្ត្រី​សង្ឃ​ខេត្តបន្ទាយមានជ័យ​បង្កើត​គណៈកម្មការ​កោះហៅ​សង្ឃ​នាម ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា និង​ស្ត្រី​ឈ្មោះ កាយ លី​តា ដែល​ពាក់ព័ន្ធ​ចូលខ្លួន​មក​បំភ្លឺ​ទាំង​សង​ខាង និង​បានដឹង​ថា​ ភាគី​សង្ឃ​នាម ស្រិល វ​ណ្ណា ត្រូវ​បាន​ភាគី​នារី​ឈ្មោះ កាយ វី​តា​ចោទប្រកាន់​ពី​បទ​រំលោភ​និង​គំរាម ទើប​មន្ត្រី​សង្ឃ​បាន​សម្រេច​រួច​ហើយ ដោយ​យោង​ទៅ​តាម​ការ​ប៉ះពាល់​វិស័យ​ព្រះពុទ្ធ​សាសនា ត្រូវ​ផ្សឹក​ភ្លាម​ហើយ​អនុវត្ត​តាម​ច្បាប់ ។

ព្រះ​សមណ​ញាណ ណាប់ ម៉ឺន ព្រះ​បាលាត់​គណ​ខេត្តបន្ទាយមានជ័យ​ បាន​មាន​ថេរ​ដីកា​ថា ក្រោយ​ពេល​សាកសួរ​ទាំង​ពីរ​ភាគី​រៀបរាប់​ហេតុផល​យក​ត្រូវ​រៀងខ្លួន និង​ទំលាក់​កំហុស​ដាក់​គ្នា ​គឺ​ក្នុង​នាម​មន្ត្រី​សង្ឃ បានឱ្យ​ទាំង​ពីរ​ភាគី​មាន​សង្ឃ​នាម ស្រិល វ​ណ្ណា និង​នារី​ឈ្មោះ កាយ លី​តា ផឹកទឹក​មន្ត ដែល​ជា​ទឹកសម្បថ ផឹក​ម្នាក់​កន្លះ​កែវ​ ហើយ​សច្ចា​ថា បើ​អ្នក​ណា​ខុស​គឺ​ទទួលយក​ចុះ រាល់​អំពើ​ខុសឆ្គង​របស់​ខ្លួន ។

គណៈកម្មការ​ដែល​បាន​បង្កើត​ឡើង​បាន​ប្រជុំ​ចាប់ពី​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ម្សិលមិញ​យ៉ាង​ហ្មត់ចត់​ ត្រូវ​បាន​គណៈកម្មការ​សម្រេច​ដោយ​ឱ្យសង្ឃ​នាម ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា ដោះ​ស្បង់​ចីវរ​សឹក​ជា​គ្រ​ហស្ត ហើយ​ត្រូវ​បាន​នគរបាល​ខេត្ត​ នាំ​ខ្លួន​ចេញពី​ព្រះ​វិហារ​ភ្លាម​ ចូល​រថយន្ត​បើក​ចេញ​ទៅ​ដោយ​មាន​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​សង្ឃ​ជា​ចៅអធិការ​វត្ត​ដេញ​តាម​រថយន្ត​ទាមទារ ​មិន​ឱ្យ​យក​សង្ឃ​ដែល​បាន​ផ្សឹក​ទៅ​ហើយ​នេះ យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឡើយ ប៉ុន្តែ​ទប់ទល់​មិន​បាន ៕

 

https://www.facebook.com/kim.houng.94849/videos/259489614789379/

អត្ថបទសរសេរ ដោយ