ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រៀបចំ​ដែនដី​ត្រៀម​ស្នើ​សុំ​ចេញ​ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​ប្រកាស​ចំនួន​២៨​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ថា ដើម្បី​បង្កើន​ភាព​ងាយស្រួល ក្នុង​ការ​គ្រប់គ្រង និង​ពង្រឹង​វិស័យ​សំណង់​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​នោះ ក្រសួង​បាន និង​កំពុង​ត្រៀម​រៀបចំ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ថា ដើម្បី​បង្កើន​ភាព​ងាយស្រួល ក្នុង​ការ​គ្រប់គ្រង និង​ពង្រឹង​វិស័យ​សំណង់​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​នោះ ក្រសួង​បាន និង​កំពុង​ត្រៀម​រៀបចំ និង​ស្នើ​សុំ​ដើម្បី​ចេញ​នូវ​ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​ប្រកាស​ក្រសួង​ផ្ទាល់​ចំនួន​២៨ ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ក្នុង​ជំនួប​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​អ្នក​យក​ព័ត៌មាន កោះសន្តិភាព លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ ទទួល​បន្ទុក​សំណង់ របស់​ក្រសួង រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រសួង​រៀបចំ ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន និង​កំពុង​រៀបចំ​ធ្វើ​ច្បាប់​សំណង់​នៅ​កម្ពុជា ដែល​ជា​ច្បាប់​ថ្មី មិន​ទាន់​មាននៅ ឡើយ​ទេ​។ ដោយ​កន្លង​មក​យើង​មាន​តែ​អនុក្រឹត្យ​ស្តី​អំពី​ការ​អនុញ្ញាត​សាងសង់ លិខិត​ស្តី​ពី​នគរូបនីយកម្ម និង​សំណង់ រួម​ជាមួយ​ប្រកាស​មួយ​ចំនួន​ទៀត ប៉ុន្តែ​ថ្មី​ៗ​នេះ​ក្រសួង​បាន​រៀបចំ​ច្បាប់​ថ្មី​ទៀត ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​សំណង់ និង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ចីរភាព​ទៅ​ថ្ងៃ​មុខ​។

លោក​បន្ត​ថា ចាប់ពី​ពេល​នេះ​ទៅ​ក្រសួង​បាន​បន្ថែម ការ​យកចិត្តទុកដាក់ លើ​ការងារ​ផ្តល់​សេវា​សាធារណៈ ក្នុង​វិស័យ​សំណង់​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ធ្វើ​យ៉ាងណា​ពង្រឹង​ឲ្យ​ការ​ផ្តល់​សេវា​សាធារណៈ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នេះ ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​បាន​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​។ ចំណែកឯ​សេវា​ក៏​ត្រូវ​អនុវត្ត​តាម​ប្រកាស​រួម​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ និង​ក្រសួង​រៀបចំ​ដែនដី​ផង​ដែរ​។ លោក ឡៅ ទិព្វ​សីហា បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​រៀបចំ​ដែនដី នឹង​រៀបចំ​ឲ្យ​មានច្បាប់ សំណង់ ដើម្បី​ធ្វើការ​គ្រប់គ្រង​អ្នក​អនុវត្ត​អចលនវត្ថុ​លើ​វិស័យ​សំណង់ អ្នក​ផ្គត់ផ្គង់​សម្ភារ​សំណង់ ជំរុញ​ការងារ មួយ​ចំនួន​ទៀត​ពាក់​ព​ន្ធ័​ទៅ​លើ​ការ​ធ្វើ​ពិសោធន៍​សម្ភារ​សំណង់​មុន​នឹង​យក​ទៅ​ប្រើប្រាស់ គ្រប់គ្រង និង​រៀបចំ​បទដ្ឋាន​បច្ចេកទេស​សំណង់ គ្រប់គ្រង​បុគ្គល​ដែល​ប្រតិបត្តិ​ការងារ​សំណង់ រួម​ជាមួយ​ការ​ប្រក​វិជ្ជាជីវៈ ក្នុង​ការ​ប្រកប​អាជីវកម្ម​សំណង់ ការ​ពិនិត្យ​ឡើង​វិញ​នូវ​នីតិវិធី​នៃ​ការ​ផ្តល់​លិខិតអនុញ្ញាត​សាងសង់ ការ​គ្រប់គ្រង​គម្រោង​ប្លង់​សាងសង់ និង​ការងារ​សាងសង់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​អគារ​ដែល​មាន​សភាព គ្រោះថ្នាក់ ត្រួតពិនិត្យ​អគារ​ដែល​ត្រូវ​រុះរើ មើល​អំពី​វិសមភាព​កិច្ចសន្យា​សំណង់ និង​កិច្ចសន្យា​នៃ​ការ​សាងសង់ និង​ការ​ដោះស្រាយ​វិវាទ​ដែល​ពាក់​ព​ន្ធ័​ជាមួយ​វិស័យ​សំណង់​ជាដើម​។

 លោក​បន្ត​ថា ជា​រួម​ពាក់​ព​ន្ធ័​ទៅ​នឹង​ច្បាប់ អនុក្រឹត្យ ព្រះរាជក្រឹត្យ និង​ប្រកាស​អន្តរក្រសួង​មួយ​ចំនួន​ដែល​ក្រសួង​បាន និង​កំពុង​ត្រៀម​រៀបចំ​នោះ មាន​ចំនួន​សរុប​រហូត​ដល់ ទៅ​២៨​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា​។ ក្នុង​នោះ​ព្រះរាជក្រឹត្យ​មាន​ចំនួន​២ អនុក្រឹត្យ​មាន​ចំនួន​១៣ និង​ប្រកា​សមាន​ចំនួន ១៣​បន្ថែម​ទៀត ដែល​ត្រូវ​រៀបចំ​ថ្មី ជា​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​ដែល​យើង​ត្រូវធ្វើ​ចំពោះ​មុខ ដើម្បី​ពង្រឹង​វិស័យ​សំណង់​នៅ ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។ លោក​បាន​បញ្ជាក់​ថា វិស័យ​សំណង់ គឺជា​ចន្ទល់​មួយ​យ៉ាង​សំខាន់ ហើយ​ក៏​ជា​វិស័យ​មួយ​រួមចំណែក និង​នាំមុខ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ដោយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច នគរូបនីយកម្ម​សំណង់ និង​វិស័យ​អចលនទ្រព្យ ហើយ​ក៏​បង្ហាញ​ពី​ការ​វិនិយោគ​ជាក់ស្តែង និង​ជា​សញ្ញា​កៀរគរ​វិស័យ​ឯកជន​ក្នុងស្រុក និង​ក្រៅប្រទេស​មក​ធ្វើការ​វិនិយោគ និង​បណ្តាក់ទុន​លើ​វិស័យ​ដីធ្លី និង​សំណង់​នៅ​កម្ពុជា​។

វិស័យ​សំណង់​នេះ ពិតជា​បាន​រួមចំណែក​យ៉ាង​ធំធេង​ណាស់ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​របស់​យើង​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត ទៅ​លើ​ការ​គូសវាស ជា​ស្ថា​ប​នឹក ជា​ស្ថាបត្យករ​ដ៏​ល្បី​ក្នុង​ការ​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង ពី​ឆ្នាំ​១៩៧៩​រហូត​ដល់​ពេល​នេះ​ឲ្យ​ទទួល​បានការ​អភិវឌ្ឍ រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​មាន​ភាព​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ