ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​៣​យ៉ាង​ដែល​ធ្វើ​ឱ្យ​តម្លៃ​សេវា​ដឹក​ជញ្ជូន​ទំនិញ​នៅ​តែ​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេវាកម្ម​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា​នៅ​តែ​មាន​តម្លៃ​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ជិតខាង បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​បាន​ពង្រីក​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក និង​ផ្លូវទឹក​ក៏​ដោយ ។ ម្យ៉ាងទៀត…

រាជធានី​ភ្នំពេញ ៖ សេវាកម្ម​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា​នៅ​តែ​មាន​តម្លៃ​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ជិតខាង បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​បាន​ពង្រីក​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក និង​ផ្លូវទឹក​ក៏​ដោយ ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ដែល​ចង់​ផ្ញើ​ទំនិញ​ឆ្លងកាត់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ក៏​មិន​ទាន់​មាន​ទំនុកចិត្ត​ទៅ​លើ​ការ​ផ្ញើ​អីវ៉ាន់​តាម​តាក់ស៊ី និង​រថយន្ត​ឈ្មួ​ល​ទេ ក៏​ប៉ុន្តែ​ត្រូវ​តែ​បង្ខំចិត្ត​ប្រើ​សេវាកម្ម​នេះ ពីព្រោះ​តែ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នៅ​តែ​យក​សេវាកម្ម​ថ្លៃ​ដដែល ។

ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា កន្លង​មក លោក​ឧកញ៉ា សៀ ឫ​ទ្ធី វិនិយោគិន​ក្នុងស្រុក ដែល​វិនិយោគ​លើ​វិស័យ​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ចំពោះ​ឧបសគ្គ​នៃ​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​, ការ​កកស្ទះ​ចរាចរណ៍ និង​ភាព​មិន​ច្បាស់លាស់​នៃ​តំបន់ និង​ទីតាំង​នីមួយ​ៗ ។

លោក​ឧកញ៉ា​បាន​លើក​ជា​ឧទាហរណ៍​ពី​ភាព​មិន​ច្បាស់លាស់​នៃ​លេខ​ផ្លូវ លេខ​ផ្ទះ​នៅ​តំបន់​ខាងក្នុង​និង​ឆ្ងាយ​ពី​ផ្លូវ​ធំ​ៗ​ជាដើម​។ ដូចនេះ​ហើយ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​កំណត់​លេខ​ផ្លូវ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ពេលវេលា​សម្រាប់​បុគ្គលិក ពេល​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ផ្ទះ​ពលរដ្ឋ ។

លោក​ឧកញ៉ា​បន្ត​ថា ក្រៅពី​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ហើយ នៅ​មាន​បញ្ហា​មួយទៀត ដែល​ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​នៅ​ក្នុងស្រុក​នៅ​តែ​ខ្ពស់ ជា​ពិសេស​នោះ គឺ​ការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់​ថ្ងៃនេះ​តែ​ម្ដង ។ លោក​និយាយ​ថា ៖« បើ​យើង​និយាយ​ពី​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ សព្វ​ថ្ងៃនេះ​ឃើញ​ថា មាន​សកម្មភាព​មមាញឹក​ខ្លាំង និង​កកស្ទះ​ស្ទើរតែ​រាល់ថ្ងៃ ។ ដូចនេះ យើង​ត្រូវ​ចំណាយពេល​ច្រើន ដើម្បី​បញ្ជូន​ទំនិញ​របស់​អតិថិជន​ទៅ​កាន់​ផ្ទះ​ពួក​គាត់ ។ ក្នុង​នោះ​ដែរ យើង​ក៏​ត្រូវការ​ចំណាយធនធាន​បន្ថែម​ទៀត​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​យើង​ផង​ដែរ » ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ក្រៅពី​កត្តា​៣ រួម​មាន ហេដ្ឋារចនាសម្ព័ន្ធ ភាព​មិន​ច្បាស់​នៃ​ទីតាំង និង​បញ្ហា​ស្ទះចរាចរណ៍ ក៏​មាន​កត្តា​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់​ដែរ ជាក់ស្ដែង ប្រេងឥន្ធនៈ និង​បញ្ហា​ចរន្ត​សេដ្ឋកិច្ច ជាដើម ។

គួរ​បញ្ជាក់​ថា ដើម្បី​ឲ្យ​ការ​ដឹក​ជញ្ជូន​ក្នុងស្រុក​កាន់តែ​មាន​ភាព​ងាយស្រួល រាជរដ្ឋាភិបាល​បាន​ពង្រីក​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក និង​ផ្លូវទឹក ។ ជាក់ស្ដែង បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​ពង្រីក​ផ្លូវជាតិ​សំខាន់​ៗ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​បណ្ដា​ខេត្ត ដូច​ជា ផ្លូវជាតិ​លេខ​១ លេខ​៣ លេខ​៦ លេខ​៥ និង​ផ្លូវជាតិ​សំខាន់​ៗ​ជា​ច្រើន​ទៀត ។

ក្រៅពី​នោះ​ដែរ រាជរដ្ឋាភិបាល​ក៏​បាន​ស្ដារ និង​ជួសជុល​ឡើង​វិញ​នូវ​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ​ទៅ​តាកែវ កំពត និង​ក្រុងព្រះសីហនុ ក៏​ដូច​ជា​ផ្លូវដែក​ពោធិ៍សាត់​-​បាត់ដំបង ជាដើម ដើម្បី​ពង្រីក​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ