ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ខែ​ដើមឆ្នាំគ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការ​លក់​ប័ណ្ណ​កើនឡើង​ជាង​១៩%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ គ្រឹះស្ថាន​អង្គរ​ទទួល​បាន​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ជាង​១,២​លាន​នាក់ គិត​ជា​ប្រាក់​ជាង​៥៤,៩​លាន​ដុល្លារ កើនឡើង​ជាង​១៩% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​របាយការណ៍​គ្រឹះស្ថាន​អង្គរ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ គ្រឹះស្ថាន​អង្គរ​ទទួល​បាន​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ជាង​១,២​លាន​នាក់ គិត​ជា​ប្រាក់​ជាង​៥៤,៩​លាន​ដុល្លារ កើនឡើង​ជាង​១៩% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​របាយការណ៍​គ្រឹះស្ថាន​អង្គរ ។
របាយការណ៍​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ខែឧសភា កន្លង​ទៅ គ្រឹះស្ថាន​អង្គរ​លក់​ប័ណ្ណ​ជូន​ភ្ញៀវ​ទេសចរ មាន​ជាង​១៥​ម៉ឺន​នាក់ គិត​ជា​ប្រាក់​ចំណូល​ជាង​៦,៧​លាន​ដុល្លារ កើនឡើង​ជាង​១% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ ។


កំណើន​នេះ​ត្រូវ​បាន​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​មើលឃើញ​ថា ជា​កំណើន​គួរ​ឱ្យ​ចាប់អារម្មណ៍ ហើយ​ចង់ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​វិស័យ​ឯកជន និង​រដ្ឋ គួរ​ធ្វើ​អ្វីមួយ​រួម​គ្នា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម ។
លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៣ មិថុនា ថា កំណើន​ភ្ញៀវ​ទេសចរ និង​ចំណូល ដែល​គ្រឹះស្ថាន​អង្គរ​ទទួល​បាន​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ជា​ចំណុច​ល្អ​សម្រាប់​កម្ពុជា ក៏​ដូច​ជា​អ្នក​ធ្វើ​អាជីវកម្ម​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ក្នុង​វិស័យ​នេះ​ទាំងមូល ។

លោកស្រី​ថ្លែង​ថា ៖« តំបន់​ឧទ្យាន​អង្គរ​នេះ ជា​តំបន់​ទាក់ទាញ និង​ជា​តំបន់​សក្តានុពល​ទេសចរណ៍​មួយ​ដែល​ខ្លាំង​ជាងគេ​នៅ​កម្ពុជា » ។
លោកស្រី​លើក​ឡើង​ថា ៖« ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្ពុជា​មានការ​កើន​ឡើងជា​លំដាប់ ហើយ​យើង​ទាំងអស់​គ្នា​គួរ​ធ្វើ​អ្វី​ម្យ៉ាង​រវាង​វិស័យ​ឯកជន និង​ស្ថាប័ន​របស់​រដ្ឋ ដើម្បី​ឱ្យ​វិស័យ​នេះ​កាន់តែ​ទាក់ទាញ​ជាង​មុន​ថែម​ទៀត ដោយសារ​លំហូរ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្ពុជា​កាន់តែ​កើន​ទៅ​ៗ ។ យើង​មិន​គ្រាន់តែ​អបអរ​នៃ​ការ​កើនឡើង​ប៉ុណ្ណឹង​ទេ យើង​គួរ​ធ្វើ​អ្វី​ម្យ៉ាង​ទាំងអស់​គ្នា ព្រោះ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ក៏​ទទួល​បាន​កំណើន​ភ្ញៀវ​ដូច​កម្ពុជា​ដែរ » ។

លោកស្រី​បន្ត​ថា ៖« ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ យើង​គួរតែ​ធ្វើការ​សិក្សា​ទាំងអស់​គ្នា​ថា អ្វី​ដែល​ត្រូវការ​កែ​លម្អ ? យើង​មើលឃើញ​ច្រើន​ចំណុច ត្រូវការ​កែ​លម្អ និង​ចំណុច​ទាក់ទាញ វា​នៅ​មាន​កង្វះខាត​ដូច​ជា ការ​ថែទាំ​ស្មៅ បរិស្ថាន សំរាម និង​អនាម័យ នៅ​មានការ​ខ្វះខាត​នៅឡើយ » ។
លោកស្រី​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា ៖« មាន​កន្លែង​ខ្លះ ថង់​ប្លា​ស្ទិ​ក​ហើរ​តាម​ខ្យល់​ពាសពេញ​នៅ​លើ​សួនច្បារ និង​តាម​រមណីយដ្ឋាន ហើយ​ចំណុច​ទាំងនេះ យើង​គួរតែ​កែ​លម្អ ដើម្បី​កុំឱ្យ​ភ្នែក​អ្នក​ទស្សនា​ទាំងអស់​ក្រឡេក​មើលទៅ​គេ​ទើស ឬ​បញ្ចេញ​ការ​យល់​ឃើញ​បែប​អវិជ្ជមាន ខណៈ​យើង​មានសម្បត្តិ​វប្បធម៌​សក្តានុពល​ដ៏​អស្ចារ្យ ដែល​ជា​កេរដំណែល​បុព្វបុរស​របស់​យើង » ។

ប្រាសាទអង្គរវត្ត ត្រូវ​បាន​ភ្ញៀវ​ទេសចរ​លើ​ពិភពលោក​បោះ​ឆ្នោត​គាំទ្រ និង​ទទួល​បាន​ចំណាត់​លេខ​១​ជាប់​ៗ​គ្នា​រយៈពេល​៤​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៤​មក តាម​រយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេង​ៗ​គ្នា ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ គេហទំព័រ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បី​ជាងគេ​លើ​ពិភពលោក TripAdvisor បាន​បន្ត​ផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ក្នុង​ឋានៈ​ជា​សំណង់​ដ៏​មាន​សារសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ក្នុង​លោក ។


មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ វិស័យ​ទេសចរណ៍​ស្រូប​យក​វិនិយោគិន​នៅ​ក្នុង​វិស័យ​នេះ​មាន​រហូត​ដល់​៥០% ច្រើន​ជាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​(២៤%), វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម​(៦%) និង​វិស័យ​ឧស្សាហកម្ម (២០%) ។

តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា​សរុប​៥,៦​លាន​នាក់ កើនឡើង​១១,៨% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ។ ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្ពុជា​តាម​ផ្លូវអាកាស មាន​ប្រមាណ​៣,៣​លាន​នាក់ ស្មើនឹង​៥៩%​នៃ​ចំនួន​សរុប កើនឡើង​២២,៥%​។ ផ្លូវគោក មាន​ជាង​២,១​លាន​នាក់ ស្មើនឹង​៣៨,៣%​នៃ​ចំនួន​សរុប ថយ​ចុះ​០,៥% និង​តាម​ផ្លូវទឹក មាន​ជាង​១៤​ម៉ឺន​នាក់ ស្មើនឹង​២,៦%​នៃ​ចំនួន​សរុប ថយ​ចុះ​៥,២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ