ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដាប់​ហេតុផល​ក្រៅ​សង្វៀន​ក្រោយ​ជើង​ខ្លាំងកម្ពុជាចាញ់​ក្រោម​ដៃ​កីឡាករ​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​រិះគន់​យ៉ាង​ពេញទំហឹង​ក្នុង​ពេល​ដែល​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​​ម្នាក់ បែរជា​ទទួល​ការ​បរាជ័យ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​៣ មិថុនា ខណៈ​កីឡាករ​រូប​នេះ​ធ្លាប់តែ​ផ្ដួល និង​បំបាក់​កីឡាករ​ខ្លាំង​ៗ​របស់​ថៃ ប៉ុន្តែ​ចុង​ក្រោយ​បែរជា​ត្រូវ​បរាជ័យ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​Aram Boy​ទៅ​វិញ…

រាជធានី​ភ្នំពេញ ៖ មានការ​រិះគន់​យ៉ាង​ពេញទំហឹង​ក្នុង​ពេល​ដែល​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​​ម្នាក់ បែរជា​ទទួល​ការ​បរាជ័យ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​៣ មិថុនា ខណៈ​កីឡាករ​រូប​នេះ​ធ្លាប់តែ​ផ្ដួល និង​បំបាក់​កីឡាករ​ខ្លាំង​ៗ​របស់​ថៃ ប៉ុន្តែ​ចុង​ក្រោយ​បែរជា​ត្រូវ​បរាជ័យ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​Aram Boy​ទៅ​វិញ ។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា វេ​ង សុ​ភ័​ក្រ គឺជា​កីឡាករ​ល្អ​ម្នាក់​ដែល​ពិបាក​នឹង​រក​ដៃគូ​ឱ្យ​ប្រកួត​ជាមួយ​ចាប់តាំងពី​កីឡាករ​រូប​នេះ​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន ជា​ពិសេស​គឺ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ជា​ហូរ​ហែ ។ ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​មានការ​ផ្សាយ​ផ្ទាល់​ចាប់ពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី​នោះ បាន​បង្ហាញ​លទ្ធផល​ធ្វើ​ឱ្យ​គេ​មើល​ដឹង​ថា កីឡាករ​រូប​នេះ មិន​មែន​ឡើង​មក​ចេះ​តែ​ឈ្នះ​ដូចដែល​គេ​ធ្លាប់ឃើញ​នោះ​ទេ​ព្រោះ​ពេល​ឡើង​មក​ជួប​កីឡាករ​ថៃ​Aram Boy ក៏​ត្រូវ​ចាញ់​ក្នុង​លក្ខណៈ​ទក់​សាច់ ទៀត​ផង ។

អ្នកគាំទ្រ និង​គណៈកម្មការ​ដែល​ធ្លាប់តែ​ឃើញ​វេ​ង សុ​ភ័​ក្រ ស៊ី​កីឡាករ​ថៃ​ផុយ​ៗរហូត​ប្រកាស​ថា លោក​គឺជា​កីឡាករ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ទៀត​ផង​នោះ ស្រាប់តែ​ត្រូវ​កីឡាករ​ថៃ Aram Boy វាយ​ឱ្យ​ទ័ល​ទី​ដោយ​អន្លើ​បាត់​តាំងពី​ទឹក​ទី​១ ។ នៅ​ក្នុង​ទឹក​ទី​២​ទើប វេ​ង សុ​ភ័​ក្រ មានឱកាស​ទប់​ជាប់​កណ្ដាប់ដៃ​កីឡាករ​ថៃ​បាន​ខ្លះ ប៉ុន្តែ​ឈាន​​ដល់​ទឹក​ទី​៣ ក៏​ត្រូវ​កីឡាករ​ថៃ​វាយ​ឱ្យ​ទ័ល​ទី​ដូច​មុន​ស្ទើរ​ទប់​ជំហរ​មិន​ជាប់ ។ មាន​ការ​លើក​ឡើង​ថា​វេ​ង សុ​ភ័​ក្រ មិនសូវ​រឹងប៉ឹង​ជំហរ​ដូច​មុន​នោះ​ទេ ទើប​ការ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​លើក​នេះ​គេ​មើលឃើញ​ថា​ធ្លាក់ដៃ​មិនធម្មតា​។ ទោះជា​កីឡាករ​កម្ពុជា​គូ​នេះ ប្រឹង​ទាត់​ផង ម៉ាត់ផង ប៉ុន្តែ​គេ​ឃើញ​កីឡាករ​ថៃ​នៅ​តែ​រក្សា​ជំហរប្រកួត​បាន​ល្អ​ដដែល ។

វេ​ង សុ​ភ័​ក្រ ហាក់ដូចជា​រក​ចំណុចខ្សោយ​របស់​គូប្រកួត​មិន​បាន បែរជា​ត្រូវ​កីឡាករ​ថៃ​វាយ​ឡើង​ទក់​សាច់ ។ តាំងពី​ចាប់ផ្ដើម​ទឹក​ដំបូង កីឡាករ​ថៃ​ស្ទុះ​ទាត់​ជើងក្រោម​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​រក​ស្នៀត​ទប់ទល់មិន​ជាប់​នោះ​ទេ ទោះបី​ប្រើ​ស្នៀត​វាយ​សម្រុក​ដោយ​ម៉ាត់ និង​កែង ក៏​ចូល​មិន​ចុះ​ជាមួយ Aram Boy ។ ក្នុង​ទឹក​ទី​៣​កាន់តែ​ធ្វើ​ឱ្យ​កីឡាករ
កម្ពុជា​​ដែល​គេ​ស្គាល់​ថា​ល្អ​មិន​សល់​សូ​ម្បី​តែ​ថ្វីដៃ កែង និង​ជង្គង់ ទទួល​រង​ការ​ចាញ់​ប្រៀប បន្ទាប់​ពី​កីឡាករ​ថៃ​វាយ​ត្រូវ​ច្រើន​អន្លើ ហើយ​វាយ​ឱ្យ​គេ​ចូល​មិន​ចុះ​ទោះបី​គេ​ប្រឹង​វាយ​ប្ដូរ​ម្ដងម្កាល​ក្ដី ។ ថ្វី​ដ្បិតតែ​ទឹក​ទី​៤ និង​ទី​៥​គេ​ប្រឹង​វាយ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញ​ចិត្តបាន​បន្តិច ក៏​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​នៅ​តែ​បង្ហាញ​ថា កម្រិត​វាយលុក​របស់​គេ​នៅ​មិន​ទាន់​បាន​ល្អសម្រាប់​ការ​ប្រកួត​ទាំងមូល ។

យ៉ាងណា​ក៏​ដោយកីឡាករ​រូប​នេះ​មិន​បាន​ទទួលស្គាល់​ថា​កម្រិត​វាយ​ចេញ​របស់​ខ្លួន​មិន​បាន​ល្អ​នោះ​ទេ តែ​បានបន្ទោស​ថា ដោយសារ​តែ​ភ្លាត់ស្នៀត​ច្រើន​ជាងទើប​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ក្តោប​ក្ដាប់​ឱកាស​ទទួលជ័យជម្នះ​បែប​នេះ​។

តំណាង​កីឡាក​រវេ​ង សុ​ភ័​ក្រ បាន​បញ្ជាក់ជំនួស​ថា តាំងពី​ទឹក​ទី​២ រូបគេ​វាយ​មិន​ចូល​កីឡា​​ករ​ថៃ ដោយសារ​តែ​ពេល​ចូល​កៀក ឬ​ស្ទុះ​ឱប​ប្រុង​នឹង​ឡើង​ជង្គង់ ក៏​ត្រូវ​កីឡាករ​ថៃ​បិទ​ជាប់ ហើយ​គាប់​ជួន​ជា​គេ​ភ្លាត់ស្នៀត​បាត់​ជំហរ​ដោយ​អន្លើ​ផង ទើប​មិន​អាច​បញ្ចេញ​សមត្ថភាព​។

លោក​ថា បើ​កីឡាករ​កម្ពុជា​កុំ​ភ្លាត់ស្នៀត​ក្នុង​ពេល​ប្រកួត​ទឹក​ដំបូង​ៗ នោះ​ការ​បរាជ័យ​នឹង
មិន​អាច​កើត​មានបាន​ទេ ដោយសារ​តែ​កីឡាករ Aram Boy ក៏​មិន​មាន​ស្នៀត​ល្អ​ណាស់​ណា​។

តំណាង​កីឡាករ​កម្ពុជា​នៅ​តែ​អះអាង​ថា វេ​ង សុ​ភ័​ក្រ អត់​មាន​ធ្លាក់ដៃ​ទេ ប៉ុន្តែ​អាច​បណ្ដាល​មក​ពី​គេ​ភ្លាត់ស្នៀត​ឱ្យ​បាក់​ជំហរ​មួយ​ជើង​ក្នុងពេល​វាយ​សម្រុកចូល​ខ្លាំង ទើប​ឱកាស​វាយ​ត្រូវរបស់​កីឡាករ​ថៃ​បន្ត​កើតឡើង ។ យ៉ាងណាមិញ លោក​ក៏​ទទួលស្គាល់​ថា Aram Boy ប្រឹងប្រែង​សម្បើម​ណាស់ គឺ​មិនមែន​ឈ្នះ​ពិន្ទុ​ដោយ​ស្រួលទេ ទើប​លោក​ថា បើ​ទោះជា​កីឡាករ​ខ្លួន​បរាជ័យប៉ុន្តែ​ក៏​ចាញ់​ដោយ​អស់ចិត្ត មិនមែន​ចាញ់​ដោយធ្លាក់ដៃ​ដូច​ការ​យល់​ឃើញ​របស់​មនុស្ស​មួយ​ចំនួននោះ​ទេ​។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា បើ​ទោះជា​ការ​ប្រកួត​មួយ​នេះ គឺជា​ការ​ប្រកួតអន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ក៏​ដោយ ក៏​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មិនបាន​ប្រកាន់​ថា កីឡាករ​បរទេស​ត្រូវ​ប្រើ​បច្ចេក​ទេស​ឱ្យ​ខ្លាំង​ទើប​ឈ្នះ​កីឡាករ​កម្ពុជា​នោះ​ទេ ពោល​គឺ​អ្នក​ណា​ល្អ អ្នក​នោះ​ឈ្នះ ។ លោក​ទទួលស្គាល់​ថា កីឡាករ វេ​ង សុ​ភ័​ក្រ ប្រកួត​មិនសូវ​បាន​ល្អ​នៅ​ក្នុង​ថ្ងៃ​នោះ តែ​លោក​​មិន​ទាន់យល់​ស្រប​ថា​គេ​ក្លាយ​ខ្លួន​ជា​កីឡាករ​ធ្លាក់ដៃ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ