ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន​ប្រពន្ធដល់ទៅ​៣ ចាប់កូនចុងប្រពន្ធទី២បង្ខាំង ដើម្បីជម្រិតទារ…

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣ មិថុនា មាន​ករណី​បង្ខាំង​មនុស្ស​ក្នុង​គោលដៅ​ទាមទារ​យក​ឯកសារ​ដីធ្លី​ពាក់ព័ន្ធ​ទ្រព្យសម្បត្តិ​រួម កើតឡើងនៅ​ភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ។…

ខេត្តកំពត ៖ ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣ មិថុនា មាន​ករណី​បង្ខាំង​មនុស្ស​ក្នុង​គោលដៅ​ទាមទារ​យក​ឯកសារ​ដីធ្លី​ពាក់ព័ន្ធ​ទ្រព្យសម្បត្តិ​រួម កើតឡើងនៅ​ភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ អេ​ង ទ្រី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​មាត់ពាម ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ។

ដើមចម​នៃ​អំពើ​បង្ខាំង​មនុស្ស​ដូច​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ជនជាប់សង្ស័យ​ឈ្មោះ អេ​ង ទ្រី នៅ​ឆ្នាំ​១៩៩៥ មាន​ប្រពន្ធ​ទី​១ នៅ​ភូមិ​ក្រាំង ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ។ ដល់​ឆ្នាំ​២០០៣ បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​ទី​១​នោះ ហើយ​បាន​ទៅ​សែនព្រេន​ប្រពន្ធ​ទី​២ ឈ្មោះ ហ៊ុន លី​ហ៊ា​ង អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ បានកូន​ស្រី​ម្នាក់​អាយុ​១០​ឆ្នាំ ។ រីឯ​ឈ្មោះ ហ៊ុន លី​ហ៊ា​ង ដែល​ជា​ប្រពន្ធ​ទី​២​នេះ​ក៏​ធ្លាប់​មាន​ប្តី​មុន និង​មានកូន​៤​នាក់ (​ប្រុស​២ ស្រី​២​នាក់​) ហើយ​ដែរ ។

នៅ​ពេល​រួមរស់​ជាមួយ​ប្រពន្ធ​ទី​២ ជន​រូប​នេះ​មានទ្រព្យ​រួម ទូក​នេសាទ​១​គ្រឿង​តម្លៃ​ជាង​៣០០០​ដុល្លារ​អា​មេ​រិ​ក និង​ដីស្រែ​២​កន្លែង ក្នុង​១​កន្លែង​តម្លៃ​ជាង​៣០០០​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ឆ្នាំ​២០១៤ ឈ្មោះ អេ​ង ទ្រី ក៏​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​ទី​២​នោះ​ទៀត ។ ពេល​លែងលះ​ជាមួយ​អ្នក​មេម៉ាយ​កូន​៤ ឈ្មោះ ហ៊ុន លី​ហ៊ា​ង ហើយ អេ​ង ទ្រី បាន​យក​ទូក​នេសាទ​១​គ្រឿង​ទៅ​លក់​បាន​ប្រាក់​ចំនួន​៣៨០០​ដុល្លារ​អា​មេ​រិ​ក និង​បាន​វេច​លុយ​នោះ​ចុះ​ចោល​ប្រពន្ធ​ទី​២​បាត់​ទៅ ។ ចំណែក​ដី​ទាំង​ពីរ​កន្លែង​ត្រូវ​បាន​អ្នកស្រី ហ៊ុន លី​ហ៊ា​ង ជា​អ្នក​គ្រប់​គ្រង​ជាមួយនឹង​កូនស្រី​អាយុ​១០​ឆ្នាំ ។

ប្រភព​ដដែល​និយាយ​ថា ក្រោយ​ពី​លែងលះ​ជាមួយ​ឈ្មោះ ហ៊ុន លី​ហ៊ា​ង ដែល​ជា​ប្រពន្ធ​ទី​២​ហើយ បុរស​ក្លាហាន​បាន​ទៅ​យកប្រពន្ធ​ទី​៣​ម្នាក់​ទៀត នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត​និង​បាន​រស់នៅ​ជាមួយ​គ្នា​រហូត​សព្វ​ថ្ងៃនេះ ។ក្រោយ​ពេល​បាន​ប្រពន្ធ​ទី​៣​ហើយ នៅ​ថ្ងៃ​ទី​១៣ មេ​សា ២០១៧ គាត់​បាន​ទៅ​លួច​យក​កូនស្រី​១០​ឆ្នាំ ពី​ប្រពន្ធ​ទី​២​មក​នៅ​ជាមួយ​ខ្លួន ។ ហើយ​នៅ​ថ្ងៃ​ទី​៣ មិថុនា ២០១៨ គាត់​បាន​ទៅ​លួង​កូនចុង​ឈ្មោះ លី ប៉ី​ប៉ី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ពី​ភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹក​ឈូ​ឱ្យ​ដឹក​ម៉ូតូ​ទៅ​ក្រុង​កំពត​ថា យក​ម៉ូតូ​នោះ​ទៅ​ឱ្យ​ជាង​ជួសជុល ។ ម្តាយមីង​នាង​បាត់​កូន​យូរ​ពេក​នា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នោះ​ក៏​បាន​ទូរស័ព្ទ​រក​ក្មួយ លី ប៉ី​ប៉ី ក្មួយ​ក៏​បាន​ទទួល​ហើយ​ប្រាប់​ថា ពេល​នេះ​ឪពុកចុង​បាន​ដឹក​នាង​ទៅ​កាន់​កន្លែង​ផ្នូរខ្មោច​ចិន​មួយ​នៅ​ក្នុង​ព្រៃ ហើយ​មិន​ឱ្យ​នាង​មក​វិញ​ទេ បើ​ចង់បាន​នាង​លី ប៉ី​ប៉ី មក​វិញ លុះត្រាតែ​ម្ដាយ លី ប៉ី​ប៉ី ទៅ​ជួប​។ ជា​បន្តបន្ទាប់ បងប្អូន​នាង​បុ​ី​បុ​ី បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ជួប ចង់​ដឹង​កន្លែង​ដែល​ឪពុកចុង​យក​ទៅ​លាក់​ទុក ប៉ុន្តែ​ឈ្មោះ អេ​ង ទ្រី បាន​គំរាម​ពីក្រោយ​ខ្នង​មិន​ឱ្យ​ប្រាប់​ទីកន្លែង​ទេ ។

ដោយ​ដឹង​ថា អតីត​ប្តី​មាន​គំរោង​ទុច្ចរិត​ជាក់លាក់ ម្តាយ​ជន​រង​គ្រោះ គឺ​ប្រពន្ធចុង​ទី​២​បាន​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ឱ្យ​ជួយ​ចាត់ការ​លើ​ករណី​ខាងលើ​នេះ ។ ក្រោយ​ពី​ទទួល​បណ្តឹង សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកឈូ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​រៀប​គម្រោង​ចុះ​ទៅ​សម្របសម្រួល​ជាមួយ​ឈ្មោះ អេ​ង ទ្រី ដើម្បី​រំដោះ​ក្មេង​ស្រី​នោះ​មក​វិញ​និង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ឈ្មោះ អេ​ង ទ្រី បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​រៀបចំ​គំរោង​ធ្វើ​បែប​នេះ គឺ​ដើម្បី​គំរាម​កំហែង​ទាមទារ​យក​ប្លង់​ដី​១​កន្លែង តែបើ​ឱ្យ​ដី​ទាំង​២​កន្លែង​នោះ​ទាំងអស់ ខ្លួន​នឹង​ថែម​ប្រាក់ ៣០០០ ដុល្លារ​ឱ្យ​វិញ ។ បុរស​ក្លាហាន​បញ្ជាក់​ថា ត្រូវ​ឱ្យ​មេឃុំ​ចុះហត្ថលេខា​រួច​ចាំ​យក​មក​ប្តូរ​ជាមួយ​កូនចុង លី ប៉ី​ប៉ី នៅ​ក្បែរផ្លូវ​រថភ្លើង​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ។ ភាគី​ទាំង​ពីរ​ក៏​បាន​ធ្វើ​តាម​ការ​ណាត់ជួប​ពេល​នោះ​ត្រូវ​សមត្ថកិច្ច​ដែល​រៀបចំ​ផែនការ​រួច​ហើយ ក៏​ឃាត់ខ្លួន​បុរសក្លាហាន​នេះ​កាលពី​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​៣ មិថុនា នោះ​តែ​ម្តង​ទៅ ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​នាំ​យក​ទៅ​បង្ខាំង​ទុក​ក្នុង​ព្រៃ​ជិត​ជើងភ្នំ​បូកគោ ក្នុងភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត រយៈពេល​ប្រមាណ​៦​ម៉ោង ទើបត្រូវ​សង្គ្រោះ​បាន​មក​វិញ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ