ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់គក បារាំង អាចនឹងបង្កព្យុះភ្លៀងខ្លាំងសម្រាប់ អូស្ត្រាលី ​ដា​ណឺ​ម៉ាក ​ប៉េ​រូ ក្នុងពូល C ​

5 ឆ្នាំ មុន

បន្ទាប់​ពី​បាន​វិភាគ​ទៅ​លើ​ក្រុម​នៅ​ក្នុង​ពូ​ល A និង​ B ​រួច​មកយើង​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៤​មក​ពី​ពូ​ល​ទាំង​ពីរ​ដែល​មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​លេង​វគ្គ​១៦​ក្រុម ក្នុង​នោះ​រួម​មាន​ អ៊ុយ​រូ​ហ្គា​យ រុ​ស្ស៊ី អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់…

បន្ទាប់​ពី​បាន​វិភាគ​ទៅ​លើ​ក្រុម​នៅ​ក្នុង​ពូ​ល A និង​ B ​រួច​មកយើង​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៤​មក​ពី​ពូ​ល​ទាំង​ពីរ​ដែល​មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​លេង​វគ្គ​១៦​ក្រុម ក្នុង​នោះ​រួម​មាន​ អ៊ុយ​រូ​ហ្គា​យ រុ​ស្ស៊ី អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់ ។ ពេល​នេះ​យើង​សូម​ទាញ​ចំណាប់អារម្មណ៍​ប្រិ​យ​មិត្ត​មក​ដឹង​សមាសភាព​ក្រុម​នៅ​ពូ​ល C វិញ​ម្តង ដែល​មាន​ជើង​ខ្លាំង​បារាំង និង​ដា​ណឺ​ម៉ាក មក​ពី​ទ្វីបអឺរ៉ុប រីឯ​អូស្ត្រាលី​ទៅ​ពី​ទ្វីបអាស៊ី និង​ប៉េ​រូ​ទៅ​ពី​ទ្វីបអាមេរិក​ខាងត្បូង ។

១-​បារាំង 

ពិភពលោក​បាន​ស្គាល់ បានដឹង​ហើយ​ថា បារាំង​ជា​ក្រុម​ជម្រើសជាតិ​ខ្លាំង​មួយ​នៅ​អឺរ៉ុប ដែល​តែងតែ​ជា​រនាំង​ឧបសគ្គ​ដ៏​គួរ​ឱ្យ​ខ្លាច​ដល់​ក្រុម​ដទៃ ។ បទ​ពិសោធន៍​ក្រាស់ក្រែល​ក្នុង​ការ​ប្រកួត​ធំ​ៗ បូក​រួម​ទាំង​កីឡាករ​ឆ្នើម​ច្រើន​រូប​ផង​នោះ រឹតតែ​ធ្វើ​ឱ្យ​ក្រុម​នេះ​ក្លាយជា​សត្រូវ​ធំ​ដែល​ក្រុម​ដទៃ​មិន​ចង់​ជួប ។

បារាំង​បាន​ចូលរួម​ប្រកួត​ចាប់តាំងពី World Cup បង្កើត​ដំបូង​ឆ្នាំ​១៩៣០​មក​ម៉្លេះ ហើយ​រហូត​មក​ទល់​ពេល​នេះ ពួក​គេ​បាន​បង្ហាញខ្លួន​ចំនួន​១៥​លើក ដោយ​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន​២​ដង និង​គ្រង​ជា​ម្ចាស់​ជើងឯក​ម្តង​កាលពី​ឆ្នាំ​១៩៩៨ ។ ចំពោះ​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup រដូវ​កាល​ថ្មី​នេះ ក្រុម​ដែល​មាន​រហស្សនាម​ថា “​មាន់គក​” ខាងលើ​ឈ្នះ​៣ ស្មើ​១ និង​ចាញ់​១ ។

២-​អូស្ត្រាលី 

បន្ទាប់​ពី​ឆ្លងកាត់​ព្យុះ​ភ្លៀង​អស់​ជា​ច្រើន​ដំណាក់កាល មិន​ថា​វគ្គ​ជម្រុះ​ក្នុង​តំបន់ និង​ការ​ប្រកួត Play-offs យ៉ាង​លំបាកលំបិន​រួច​មក អូស្ត្រាលី​ក៏​ដណ្ដើម​បាន​សំបុត្រ​យន្តហោះ​១​សន្លឹក​មក​លេង​World Cup ។ ថ្វីបើ​វិស័យ​បាល់ទាត់​អូស្ត្រាលី​មិន​ទាន់​ជា​ក្តី​កង្វល់​ខ្លាំង​សម្រាប់​ក្រុម​នៅ​អឺរ៉ុប​ក្តី ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ពួក​គេ​បាន​វិវត្តន៍​ខ្លួន​ច្រើន​គួរ​ឱ្យ​ស្ញប់ស្ញែង ។

ក្រុម​ដែល​មាន​រហស្សនាម​ថា «​កង់​គូ​រូ​» មួយ​នេះ​ធ្លាប់​ចូលរួម​លេង World Cup ៤​ដង​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៧៤​មក ប៉ុន្តែ​ខកខាន​អស់​ជា​ច្រើន​រដូវ​កាល​រហូត​មក​ដល់​ឆ្នាំ​២០០៦​ទើប​មានឈ្មោះ​លេង​ជា​លើក​ទី​២​ហើយ​បាន​ឡើង​ដល់​វគ្គ​១៦​ក្រុម​ផង​ដែរ ខណៈ​ពីរ​រដូវ​កាល​ចុង​ក្រោយ​ឆ្នាំ​២០១០ និង​២០១៤ ពួក​គេ​ពុំ​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះ​បាន​ទេ ។ ចុះ​រដូវ​កាល​ថ្មី​នេះ តើ​អូស្ត្រាលី​អាច​ស្តារ​មុខមាត់ និង​ធ្វើ​ឱ្យ​ពិភពលោក​វាយតម្លៃ​កម្រិត​មួយ​ផ្សេង​ទៀត​បាន​ឬ​យ៉ាងណា ស្រប​ពេល​ដែល​៥​ប្រកួត​ចុង​ក្រោយ​ក្នុង​វគ្គ​ជម្រុះ​ថ្មី​ៗ​កន្លង​ទៅ ពួក​គេ​មិន​ទាន់​ចាញ់​ម្តង​ឡើយ​គឺ​ឈ្នះ​៣ និង​ស្មើ​២ ។

៣-​ដា​ណឺ​ម៉ាក

ដា​ណឺ​ម៉ាក​មិនសូវ​លេចធ្លោ ឬ​ល្បីឈ្មោះ​ប៉ុន្មាន​ឡើយ បើ​ធៀប​នឹង​ក្រុម​ផ្សេង​ទៀត​ក្នុង​ទ្វីបអឺរ៉ុប ប៉ុន្តែ​បើ​និយាយ​ពី​កីឡាករ Christian Eriksen ដែល​កំពុង​លេង​នៅ​ក្លិប Tottenham នោះ​ប្រិ​យ​មិត្ត​ច្បាស់​ជា​ស្គាល់​ពី​សមត្ថភាព​ខ្សែបម្រើ​រូប​នេះ ។ ដា​ណឺ​ម៉ាក​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ក្រុម​ជម្រើសជាតិ​មួយ ដែល​មាន​សន្ទុះ​លេង​និង​រីក​ចម្រើន​លឿន ហើយ​ក៏​ជា​ក្រុម​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​គូប្រកួត​ផង​ដែរ ។ ជ័យជម្នះ​ជា​បន្តបន្ទាប់​ពេល​ប្រកួត​នៅ​វគ្គ​ជម្រុះ​បឋម​ក្នុង​តំបន់​គឺជា​ដើមទុន​សម្រាប់​ដា​ណឺ​ម៉ាក​បន្ត​ក្តី​ស្រមៃ​របស់​ខ្លួន​ថា​នឹង​អាច​ដណ្តើម​កៅអី​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​C​នេះ ។

ដា​ណឺ​ម៉ាក ធ្លាប់​ចូលរួម​ប្រកួត World Cup លើក​ដំបូង​ឆ្នាំ​១៩៨៦ ហើយ​រដូវ​កាល​ថ្មី​នេះ​ជា​ការ​បង្ហាញខ្លួន​លើក​ទី​៥​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ធ្លាប់​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ម្តង​កាលពី​ឆ្នាំ​១៩៩៨ ។ ដា​ណឺ​ម៉ាក ក៏​មិន​ទាន់​ស្គាល់​បរាជ័យ​ដែរ​នៅ​ក្នុង​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​វគ្គ​ជម្រុះ World Cup ពោល​គឺ​ឈ្នះ​៣ និង​ស្មើ​២ ។

៤-​ប៉េ​រូ

ដ្បិតតែ​ប៉េ​រូ​មិន​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់ ប៉ុន្តែ​បើ​និយាយ​ពី​បទ​សោធន៍​វិញ ពួក​គេ​បាន​ប្រឡូក​នៅ World Cup​តាំងពី​ឆ្នាំ​១៩៨៦​មក​ម៉្លេះ ប៉ុ​ន្ពែ​ពួក​គេ​មិន​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ឡើយ ខណៈ​ការ​បង្ហាញខ្លួន​លើក​ទី​២​ឆ្នាំ​១៩៧០ ក្រុម​មក​ពី​អា​មេ​រិ​ក​ខាងត្បូង​មួយ​នេះ​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម ។

រដូវ​កាល​២០១៨​នេះ ជា​វត្តមាន​លើក​ទី​៥​បន្ទាប់ពី​បាត់​មុខ​ស្ទើរតែ​៤​ទស​វត្ស​រួច​មក ។ ២​រដូវ​កាល
ចុង​ក្រោយ​ដែល​ប៉េ​រូ​បង្ហាញខ្លួន​នៅ World Cup គឺ​អំឡុង​ឆ្នាំ​១៩៧៨ និង​១៩៨២ តែ​ពួក​គេ​សុទ្ធ​តែ​ហាវ​អាវ​នៅ​គ្គ​ចែក​ពូ​ល ។ ចាំ​មើល​ថា​តើ​ឆ្នាំ​២០១៨​នេះ ប៉េ​រូ​អាច​បំបែក​កំណត់​ត្រា​អាក្រក់​ពី​មុន​ៗ​បាន​ប៉ុន្មាន​អន្លើ បើ​ពួក​គេ​មិន​ទាន់​ចាញ់​ម្តង​ផង​ក្នុង​វគ្គ​ជម្រុះ​៥​ប្រកួត​ចុង​ក្រោយ​ដោយ​ឈ្នះ​៣​និង​ស្មើ​២ ។

វិភាគ ៖ គ្រាន់តែ​ដឹង​ពី​សមាសភាព​ក្រុម​ទាំង​៤​ក្នុង​ពូ​ល C នេះ​ភ្លាម លោក​អ្នក​ច្បាស់​ជា​ដឹង​ក្នុង​ចិត្ត​ហើយ​ថា​ក្រុម​ណាមួយ​មាន​អាទិភាព​ឡើង​ទៅ​វគ្គ​បន្ត​ខ្ពស់​ជាងគេ​នោះ​គឺ​បារាំង ដោយសារ​ប្រទេស​នេះ​សំបូរ​ទៅ​ដោយ​កីឡាករ​ល្បី​ៗ​កំពុងលេង​តាម​ក្លិប​ធំ​ជា​ច្រើន​នៅ​អឺរ៉ុប​ផ្ទាល់ ។ ជាក់ស្តែង Griezmann, Mbappe ឬ Pogba ជាដើម សុទ្ធតែ​ជាតា​រា​ឆ្នើម​ដែល​គេ​ជឿជាក់​ថា​នឹង​ធ្វើ​ឱ្យ​សន្ទុះ​​ប្រយុទ្ធ​បារាំង​កាន់តែ​ខ្លាំងក្លា ។

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ដា​ណឺ​ម៉ាក​ក៏​មាន​កីឡាករក្មេង​ៗ និង​ឆ្នើម​ជា​ច្រើន​រូប គួប​ផ្សំ​នឹង​បទ​ពិសោធន៍​ច្រើន​ផង​នោះ ធ្វើ​ឱ្យ​ក្រុម​ទៅ​ពី​អាស៊ី​អូស្ត្រាលី និង​ប៉េ​រូ​ទៅ​ពី​អា​មេ​រិ​ក​ខាងត្បូង ពិបាក​ក្នុង​ការ​ប្រជែង​យក​កៅអី​លេខ​២​ជា​ខ្លាំង ។ ជា​រួម យើង​នៅ​តែ​គិត​ថា ក្រុម​ដែល​អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​នោះ​គឺ​បារាំង និង​ដា​ណឺ​ម៉ាក ។

តើ​ប្រិ​យ​មិត្ត​មាន​យោបល់​យ៉ាងណា​ដែរ? តើ​ក្នុង​ពូ​ល ​C ​នេះ ក្រុម​មួយ​ណា​ជា​ក្រុម​សំណព្វ
ចិត្ត​របស់​ប្រិ​យ​មិត្ត?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ