ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យទាន​តាម​របៀប​៥​យ៉ាង​នឹង​បាន​ផល​ច្រើន

5 ឆ្នាំ មុន

ការ​ផ្តល់​ទាន បើ​ឱ្យ​តែ​មិន​ស្រួល​ផល​នៃ​ទាន​នោះ​នឹង​បាន​ត្រឡប់​មក​វិញ​មាន​ប្រមាណ​តិចតួច ព្រោះហេតុនោះ​អ្នក​រាប់អាន​ព្រះពុទ្ធ​សាសនា​គប្បី​ចូល​អាន​អត្ថបទ​មួយ​នេះ នឹង​បាន​ប្រយោជន៍​ច្រើន​ដល់​ការ​ធ្វើ​ទាន សម​ស្រប​ទៅ​នឹង​ការ​ចំណាយ​ទ្រព្យធន​របស់​ខ្លួន ។ ១-​សទ្ធា​យ ទា​នំ ទេ​តិ ឲ្យ​ទាន​ដោយ​សទ្ធា…

ការ​ផ្តល់​ទាន បើ​ឱ្យ​តែ​មិន​ស្រួល​ផល​នៃ​ទាន​នោះ​នឹង​បាន​ត្រឡប់​មក​វិញ​មាន​ប្រមាណ​តិចតួច ព្រោះហេតុនោះ​អ្នក​រាប់អាន​ព្រះពុទ្ធ​សាសនា​គប្បី​ចូល​អាន​អត្ថបទ​មួយ​នេះ នឹង​បាន​ប្រយោជន៍​ច្រើន​ដល់​ការ​ធ្វើ​ទាន សម​ស្រប​ទៅ​នឹង​ការ​ចំណាយ​ទ្រព្យធន​របស់​ខ្លួន ។

១-​សទ្ធា​យ ទា​នំ ទេ​តិ ឲ្យ​ទាន​ដោយ​សទ្ធា គឺ​ឲ្យ​ដោយ​ជឿជាក់​ថា ផល​របស់​ទាន​នេះ​ពិតជា​មាន​ផល​ដោយ​ពិតប្រាកដ ដូច​ព្រះ​អង្គ​សម្តែង​អាស​និ​ស​ង្ស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ណា​ឲ្យ​ទាន​ដោយ​សទ្ធា បុគ្គល​នោះ​កើត​ក្នុង​ទីណា​ៗ រមែង​ជា​អ្នក​ស្ដុកស្ដម្ភ​ដោយ​ភោគ​សម្បត្តិ ។

២- សក្ក​ច្ចំ ទា​នំ ទេ​តិ ឲ្យ​ទាន​ដោយ​សេចក្ដី​គោរព គឺ​ឲ្យ​ដោយ​យកចិត្តទុកដាក់​ដោយ​គោរព​ក្នុង​ទាន និង​បុគ្គល​ដែល​ជា​អ្នក​ទទួល ឬថា​ឲ្យ​ដោយ​ដៃ​ខ្លួនឯង​ផ្ទាល់ មិនមែន​ឲ្យ​ដោយ​ការ​បោះបោក​ជាដើម ដូច​ទ្រង់​ត្រាស់​អានិសង្ស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​បុគ្គល​ឲ្យ​ទាន​ដោយ​គោរព បុគ្គល​នោះ​កើត​ក្នុង​ទីណា​ៗ ជា​រមែង​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ ទោះ​កូនក្ដី ប្រពន្ធ​ក្ដី ខ្ញុំបម្រើ​ក្ដី អ្នកធ្វើការ​ងារ​ក្ដី តែង​ជា​អ្នក​ស្ដាប់បង្គាប់​ដោយ​ល្អ ។

៣- កាលេ​ន ទា​នំ ទេ​តិ ឲ្យ​ទាន​តាម​កាល គឺ​ឲ្យ​ទាន​តាម​កាលដែល​គួរ​ឲ្យ​។ កាលដែល​គួរ​ឲ្យ​ទាន ឈ្មោះ​ថា កាល​ទាន មាន​៥​យ៉ាង​គឺ ឲ្យ​ទាន​ដល់​អ្នក​មក​ថ្មី​១ ឲ្យ​ទាន់​ដល់​អ្នក​មានដំណើរ​១ ឲ្យ​ទាន​ដល់​អ្នកមាន​ជំងឺ​១ ឲ្យ​ទាន​ក្នុង​ពេល​អត់បាយ​១ ផ្តល់​ស្រូវ​ថ្មី ផ្លែ​ឈើ​ដំបូង​ដល់​បុគ្គល​អ្នកមាន​សីល​១​។ បុគ្គល​ឲ្យ​ទាន​តាម​កាល​ដ៏​គួរ​បែប​នេះ ទោះ​កើត​ក្នុង​ទីណា​ៗ ជា​បុគ្គល​ស្ដុកស្ដម្ភ មានទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន ហើយ ភោគៈ​ដ៏​ពោរពេញ​រមែង​កើត​មាន​តាម​កាល​ដ៏​គួរ​ដល់​បុគ្គល​នោះ​វិញ ។

៤- អនុ​គ្គ​ហិត​ចិ​ត្តោ ទា​នំ ទេ​តិ ឲ្យ​ទាន់​ដោយ​ចិត្ត​អនុគ្រោះ គឺ​ឲ្យ​ដោយ​មិន​មានចិត្ត​សោកស្ដាយ ឬថា​ឲ្យ​ដោយ​ចង់​ឲ្យ​អ្នក​ទទួល​បាន​នូវ​សេចក្ដីសុខ ក្តី​សប្បាយ ដោយ​មិន​ចង់​ឲ្យ​គេ​តបស្នង​អ្វី​មក​វិញ​ឡើយ​។ បុគ្គល​ឲ្យ​ទាន​ដោយ​ចិត្ត​អនុគ្រោះ បែប​នេះ​កើត​ក្នុង​ទីណា​ៗ ជា​អ្នក​ស្ដុកស្ដម្ភ មានទ្រព្យ​ច្រើន និង​ជា​អ្នក​បរិភោគ​ក្នុង​កាមគុណ​៥ ដ៏​លើសលុប ។

៥- អត្តា​ន​ញ្ច បរ​ញ្ច អនុ​ប​ហ​ច្ច ទា​នំ ទេ​តិ ឲ្យ​ទាន​ដោយ​មិន​បៀតបៀន​ខ្លួនឯង និង​អ្នក​ដទៃ គឺ​សំដៅ​ដល់​ការ​ឲ្យ​ទាន​ដោយ​មិន​មើលងាយ​គុណ​ទាំងឡាយ បុគ្គល​ឲ្យ​ទាន​ដោយ​មិន​បាន​បៀតបៀន​ខ្លួនឯង និង​អ្នក​ដទៃ​បែប​នេះ ទោះ​កើត​ក្នុង​ទីណា​ៗ រមែង​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ និង​មិន​មាន​សេចក្ដី​អន្តរាយ នៃ​ភោគៈ​ទាំងឡាយ​ឡើយ ។