ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើឱ្យយើងរំជួលចិត្ត​អាណិតខ្លាំង ​ពេលឮសម្តីបុរសពិការ​រូប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផ្ញើប្រាណ​លើ​កូន​រទេះរុញ​កែ​ច្នៃ​មួយ​ ដោយ​បាន​អះអាង​ពី​ខ្សែជីវិត​ពិត​ថា រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​អ្នកខ្លះ​គេ​ហៅ​ថា «​ឋានសួគ៌​សម្រាប់​អ្នកមាន​ និង​ឋាននរក​សម្រាប់​អ្នកក្រ​» ។ គាត់​និយាយ​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផ្ញើប្រាណ​លើ​កូន​រទេះរុញ​កែ​ច្នៃ​មួយ​ ដោយ​បាន​អះអាង​ពី​ខ្សែជីវិត​ពិត​ថា រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​អ្នកខ្លះ​គេ​ហៅ​ថា «​ឋានសួគ៌​សម្រាប់​អ្នកមាន​ និង​ឋាននរក​សម្រាប់​អ្នកក្រ​» ។ គាត់​និយាយ​ថា ​ស្ទើរតែ​នៅ​តាម​ដង​វិ​ថី​ធំ​តូច​ក្នុងក្រុង តាំងពី​ព្រលឹម​ទល់​យប់ កូនរ​ទះ​រុញ​កែ​ច្នៃ​ប្រើ​ដោយ​ដៃ​តូច​ល្មម​បាន​ផ្ទុក​រូប​គាត់​ជា​បុរស​កំព្រា​ និង​ពិការ​ជើង​ទាំង​សងខាង បរ​ទៅ​បរ​មក​ឆ្លងកាត់​ស្ទើរ​គ្រប់​ច្រក​ល្អក ។ នៅ​រទេះ​ពិការ​របស់​គាត់​មាន​សរសេរ​ផ្លា​ក​ដាក់​ថា «​សប្បុរសជន​សូម​មេត្តា​ជួយ​ទិញ​ផ្កា​ ឬ​ក៏​ទឹក​ត្រជាក់​ៗ​ពី​ជន​ពិការ​ម្នាក់​មួយ​ផង​បាទ ! សូម​អរគុណ​» ។

ពឹង​ផ្នែក​លើក​រទេះរុញ​ដោយ​ដៃ​ទាំង​ពីរ​ បុរស​ម្នាក់​ដែល​ពិការ​ជើង​ទាំង​សងខាង ​ហើយ​មិន​បាក់ទឹកចិត្ត​ទេ ដោយ​ខិតខំ​តស៊ូ​នឹង​ជីវិត​មិន​ដើរ​សុំទាន គឺ​ប្រកប​របរ​ស្របច្បាប់​ដោយ​ជិះរទេះ​រុញ​លក់​ភេសជ្ជៈ ​និង​ផ្កា​ភួង​នៅ​លើ​ផ្លូវ​សាធារណៈ ពី​ព្រឹក​ព្រលឹម​រហូត​ដល់​យប់ ​ដើម្បី​បាន​ប្រាក់​ចំណូល​ចិ​ញ្ជឹ​ម​ជីវិត ។ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ រទេះរុញ​បាន​នាំ​គាត់​មក​ដល់​ចំណុច​មុខ​វិទ្យាល័យ ​ហ៊ុន សែន​ ចាក់​អង្រែ​ក្រោម តាម​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ដៃ​ម្ខាង​កាន់​កម្រង​ភួងផ្កា​ម្លិះ​លើក​សំដៅ​ទៅ​អ្នកដំណើរ និង​ដៃ​ម្ខាង​ទៀត​ខំ​បង្វិល​កង់រទេះ​ ក្នុង​កាយវិការ​ឱន​ងើប​ៗ ខណៈ​ដែល​ជើង​ទាំង​ពីរ​របស់​អាជីវករ​ចល័ត​រូប​នេះ សូ​ម្បី​តែ​កម្រើក​ក៏​មិន​បាន​ផង ។ គាត់​និយាយ​យ៉ាង​ផ្អែមល្ហែម​ទៅ​កាន់​អ្នកដំណើរ​ថា «​បង​ៗ​ជួយ​ទិញ​ផ្កា​ឬ​ភេសជ្ជៈ​ខ្លះទៅ​បង !» ។ យូរ​ៗ​ម្តង​គេ​បានឃើញ​ដំណក់​ទឹកបាន​ហូរ​ពីលើ​ក្បាល​គាត់ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​គម្រប​នៃ​កេស​ស្នោ​ដាក់​ភេសជ្ជៈ បាន​រអិល​ចុះ​មក​ថ្ពាល់​គាត់​នោះ​ គឺជា​ដំណក់ញើស ។

អាជីវករ​ចល័ត​ម្នាក់​នេះ​ បាន​ប្រាប់​ថា គាត់​មានឈ្មោះ ប៉ុក ណា​រ៉ុ​ង ភេទ​ប្រុស ជនជាតិ​ខ្មែរ​ អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​សង្គម​ថ្មី ឃុំ​តាំង ក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ គាត់​បាន​ឲ្យ​ដឹង​ថា គាត់​ជា​កូនកំព្រា​ឱ​ពុក​ម្ដាយ​ស្លាប់​ចោល​អស់​តាំងពី​នៅ​តូច ហើយ​គាត់​មិន​បាន​រៀនសូត្រ​ជ្រៅជ្រះ​ដែរ ​ដោយ​ដើរ​ស៊ីឈ្នួល​គេ​ទៅ​តាម​បណ្ដា​ខេត្ត​នានា​រហូត​ទៅ​ដល់​ក្រុងប៉ៃលិន នៅ​ក្នុង​ឆ្នាំ​២០០៩ ។ ជា​កម្មករ ពេល​មួយ​នោះ​បាន​ជិះ​ម៉ូតូ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ មាន​ម៉ូតូ​បុក​ពីក្រោយ​ក៏​បណ្ដាល​ឱ្យ​រូប​គាត់​មាន​របួស​ត្រង់​ចង្កេះ​និង​ជើង​កំរើក​មិន​រួច ។

គាត់​បាន​លើក​ឡើង​ថា ពេល​នោះ​គ្រូពេទ្យ​ថា​ អាច​ប៉ះពាល់​សរសៃ​ណាមួយ តែ​ដោយ​ខ្លួន​គាត់​គ្មាន​ទីពឹង​ពាក់ និង​លុយកាក់​ត្រូវ​ព្យាបាល​ក៏​ដើរ​មិន​រួច​ជិះ​លើ​រទេះ​មក​ដល់​បច្ចុប្បន្ន ។ ក្រោយមក​ ក៏​រស់នៅ​ភ្នំពេញ​ដេក​តាម​វត្ត​អារាម​រហូត​ប្រកប​មុខរបរ​រុញ​រទេះ​លក់​ផួ​ង​ផ្កា និង​ភេសជ្ជៈ​ដើម្បី​បាន​ប្រាក់​ចំណេញ ក៏​មាន​លទ្ធភាព​ជួល​បន្ទប់​ជួល ។ បុរស​រូប​នេះ​បាន​បន្ត​ទៀត​ថា ទោះបី​គាត់​ពិការ​ជើង​ទាំង​សងខាង​ដើរ​មិន​រួច​មែន ​តែ​ខ្លួន​ខិតខំ​ប្រឹងប្រែង ប្រកប​របរ​អ្វី​ឱ្យ​ស្រប​និង​ច្បាប់​ណាមួយ​ដោយ​សុចរិត ។ បេ​ី​តាម​បុរស​ពិការ​ជើង​គាត់​សួរ​គ្រូពេទ្យ​ថា​ ប្រហែលជា​មាន​លុយ​៨០០​ដុល្លារ និង​អាច​ព្យាបាល​ជើង​គាត់​ជា​វិញ​បាន ។

គាត់​លើក​ឡើង​ថា ដោយសារ​ជើង​គាត់​កំរើក​បាន តែ​ដើរ​មិន​រួច​និង​ស្វិត​ផង​ដែរ ។ គាត់​ថា ​នឹង​ខិតខំ​តស៊ូ​ស្វែងរក​លុយ ទៅ​តាម​មុខរបរ​គាត់​ដើម្បី​ព្យាបាល​ជើង​ឱ្យ​បានជា​ដូច​ដើម​វិញ ។ គាត់​ថា សព្វថ្ងៃ​មិន បាក់ ទឹកចិត្ត​ទេ ទោះបីជា​កូនកំព្រា​ក៏​ដោយ​ សូ​ម្បី​តែ​ប្រពន្ធ​កូន​ក៏​គ្មាន​ដែរ ។ តែ​សំខាន់​ត្រូវ​តស៊ូ​រស់​បន្ត​ទៅ​មុខ​ទៀត មិន​បោះបង់​ចោល​មុខរបរ ឬ​ទុក​ឱ្យ​ជីវិត​តែលតោល​នោះ​ទេ គឺ​តស៊ូ​ជា​និច្ច​នូវ​មុខរបរ​ប្រចាំជីវិត​មួយ​នេះ ៕