ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ​ប្រេ​ន​ក្នុងស្រុក​នៅ​តែ​ពិបាក​ប្រកួតប្រជែង​ជាមួយ​ប្រេ​ន​នាំ​ចូល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ ទីផ្សារ​កាហ្វេ​នៅ​កម្ពុជា ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​សករាជ​កាហ្វេ ដោយសារ​តែ​អាជីវកម្ម​មួយ​នេះ​បាន​និង​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង មិន​ថា​នៅ​រាជធានី និង​តាម​បណ្ដា​ខេត្ត ជា​ពិសេស​អាជីវកម្ម​កាហ្វេ​មាន​ម៉ាក​យីហោ​ច្បាស់លាស់…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ ទីផ្សារ​កាហ្វេ​នៅ​កម្ពុជា ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​សករាជ​កាហ្វេ ដោយសារ​តែ​អាជីវកម្ម​មួយ​នេះ​បាន​និង​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង មិន​ថា​នៅ​រាជធានី និង​តាម​បណ្ដា​ខេត្ត ជា​ពិសេស​អាជីវកម្ម​កាហ្វេ​មាន​ម៉ាក​យីហោ​ច្បាស់លាស់ ហៅ​ថា កាហ្វេ​ប្រេ​ន ។ ទោះ​យ៉ាងនេះ​ក្ដី កាហ្វេ​ដែល​បង្កើត​ក្នុងស្រុក នៅ​តែ​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយនឹង​ម៉ាក​នាំ​ចូល និង​មិនសូវ​ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ​ឡើយ ។

លោក ដួង តារា ស្ថាបនិក​ហាង​កាហ្វេ​ប្រេ​ន​ក្នុងស្រុក​មួយ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួតប្រជែង​រវាង​ម៉ាក​ក្នុងស្រុក​និង​ក្រៅ​ស្រុក នៅ​តែ​មាន​ចំពោះ​អាជីវកម្ម​កាហ្វេ ហើយ​អ្នក​ដែល​យក​ម៉ាក​កាហ្វេ​ក្នុងស្រុក​ទៅ​ធ្វើ​បន្ត នៅ​តែ​មាន​បញ្ហា​ប្រឈម​ពិបាក​ប្រកួតប្រជែង​ជាមួយ​អ្នក​យក​ម៉ាក​កាហ្វេ​ពី​ខាងក្រៅ ។ លោក​ថា ៖« កាហ្វេ​ប្រេ​ន​ដែល​នាំ​ចូល​ពី​ក្រៅ គេ​មានឈ្មោះ​ល្បី​រួច​ទៅ​ហើយ ដូចនេះ ពលរដ្ឋ​យើង​មិន​ពិបាក​រក​នោះ​ទេ ហើយ​ម្យ៉ាងទៀត អ្នក​យក​ប្រេ​ន​មក​ធ្វើ​បន្ត ក៏​ជា​អ្នកមាន​ធនធាន​ដែរ អីចឹង ដំណើរការ​អាជីវកម្ម​ប្រាកដជា​មិន​ពិបាក​ដូច​អ្នក​យក​ប្រេ​ន​ក្នុងស្រុក​ឡើយ » ។

លោក​បន្ត​ថា ទុន​សម្រាប់​ពង្រីក​ម៉ាក គឺជា​ឧបសគ្គ​សំខាន់​មួយទៀត​សម្រាប់​អាជីវករ ព្រោះ​អា​ជីករ​ដែល​យក​ម៉ាក​ក្នុងស្រុក​ទៅ​ធ្វើ​បន្ត មិនសូវ​ជា​មាន​ទុន​ច្រើន​ដូច​ជា​អាជីវករ​ដែល​យក​ប្រេ​ន​ពី​ក្រៅ​ទេ ។ បើសិនជា​រាជរដ្ឋាភិបាល​បង្កើត​ធនាគារ​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ហើយ​ផ្ដល់​កម្ចី​ដល់​សហគ្រិន​ខ្នាត​តូច និង​មធ្យម លោក​នឹង​ប្រើ​កម្ចី​នោះ ដើម្បី​ពង្រីក​ម៉ាក​ក្នុងស្រុក​ឲ្យ​កាន់តែ​ធំ និង​ល្បី​ជាង​នេះ ។

លោក​បញ្ជាក់​ថា ការ​បង្កើត​ប្រេ​ន ក៏​ដូច​ជា​យក​ប្រេ​ន​ក្នុងស្រុក​ទៅ​ធ្វើ​អាជីវកម្ម គឺ​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំងមូល ។ ជាក់ស្ដែង វា​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ និង​ចរន្ត​លុយ​បាន​ចរាចរ​តែ​ក្នុងស្រុក ដោយ​មិន​បង់​ទៅ​ម្ចាស់​ប្រេ​ន​នៅ​ខាងក្រៅ​ស្រុក ព្រោះ​ការ​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​ពី​ខាងក្រៅ ត្រូវ​បង់​ទៅ​ម្ចាស់​ម៉ាក ហើយ​រាល់​សម្ភារ និង​គ្រឿងផ្សំ​នានា​ត្រូវ​តែ​យក​ពី​គេ​មក​ធ្វើ​ដែរ ។

លោក ជ័យ ពិសិដ្ឋ ស្ថាបនិក​កាហ្វេ​ប្រេ​ន​ក្នុងស្រុក​មួយ​ដែរ​នោះ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បង្កើត​ហាង​កាហ្វេ​មួយ ជា​ចាំបាច់​ណាស់​ត្រូវការ​ទីតាំង​ច្បាស់លាស់ ហើយ​ទីតាំង​នោះ​ដែរ បើ​អាច គួរតែ​កុំ​ជួល​គេ ទើប​អាច​រក​ប្រាក់​ចំណេញ​បាន បើ​មិន​អីចឹង​ទេ ក្នុង​១​ខែ​ៗ ប្រាក់​ចំណូល​ទុក​គ្រាន់តែ​បង់ថ្លៃ​ជួល​ទីតាំង​អស់​ល្មម ។ លោក​ថា ៖« ការ​ជួល​ទីតាំង​សម្រាប់​ធ្វើ​អាជីវកម្ម​កាហ្វេ មាន​ហានិភ័យ​ខ្ពស់​ណាស់ ព្រោះ​ទីតាំង​ត្រូវការ​បង់​ជា​ប្រចាំខែ និង​ត្រូវ​កក់​មុន​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​តាម​ការ​ចរចា តែ​បើសិនជា​មាន​ទីតាំង​ផ្ទាល់ខ្លួន​នោះ អាជីវករ​នឹង​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន » ។

លោក​បន្ត​ថា កាលពីមុន មនុស្ស​យក​បារី​សម្រាប់​ការ​ជួបជុំ​គ្នា ក្រោយមក​ក៏​យក​គ្រឿង​ស្រវឹង តែ​បច្ចុប្បន្ន​ភាគច្រើន​បាន​យក​ហាង​កាហ្វេ​ជា​កន្លែង​សម្រាប់​ជួបជុំ និង​ធ្វើ​កិច្ចការ​ផ្សេង​ៗ ។ ជាក់ស្ដែង និស្សិត​តាម​សាកលវិទ្យាល័យ​នានា បាន​យក​ហាង​កាហ្វេ​សម្រាប់​ជា​កន្លែង​ពួក​គេ​ធ្វើ​កិច្ចការ​សាលា ហើយ​អ្នកជំនួញ​មួយ​ចំនួន​ក៏​បាន​យក​ហាង​កាហ្វេ​ជា​កន្លែង​ជជែក​ពីមុខ​ជំនួញ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ