ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​ប្រាប់​មូលហេតុ​កីឡាករប្រកួត​មិនកើត​លើ​រេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​សន្សំ​ពិន្ទុ​រវាង​កីឡាករ​ជើង​ចាស់​ពីរ​រូប​នៅ​លើ​សង្វៀន​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍ កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២ មិថុនា កន្លង​ទៅ​នេះ គេ​កត់​សម្គាល់ថា កីឡាករ​ជើង​ចាស់​ទាំង​២​គឺ​លី ភា និង​ជ័យ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​សន្សំ​ពិន្ទុ​រវាង​កីឡាករ​ជើង​ចាស់​ពីរ​រូប​នៅ​លើ​សង្វៀន​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍ កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២ មិថុនា កន្លង​ទៅ​នេះ គេ​កត់​សម្គាល់ថា កីឡាករ​ជើង​ចាស់​ទាំង​២​គឺ​លី ភា និង​ជ័យ ស៊ី​នេ​ត មិន​ទទួល​បានការ​ចាប់អារម្មណ៍​នោះ​ទេ ដោយសារ​តែ​អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ស្ទក់​ៗ​ស្ទើរ​ទាំង​៥​ទឹក ។

ទោះបី​យ៉ាងណា កីឡាករ​ទាំង​ពីរ​ក៏​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ផង​ដែរ ថ្វី​ដ្បិតតែ​ការ​ប្រកួត​ទាំងមូល​ទទួល​រង​ការ​រិះគន់ ខណៈ​ដែល​អ្នក​រៀបចំ​ការ​ប្រកួត​ក៏​បាន​ទទួលស្គាល់​ថា​ការ​ប្រកួត​របស់​អ្នក​ទាំង​២​មិនសូវ​ល្អមើល និង​បាន​លើក​នូវ​ហេតុផល​ជា​ច្រើន ដើម្បី​ឱ្យ​អ្នកគាំទ្រ​យល់​ថា ហេតុ​អ្វី លី ភា និង ជ័យ ស៊ី​នេ​ត ឡើង​ប្រកួត​ក្នុង​ថ្ងៃ​នោះ​មិនកើត​ទាំង​ពីរ​នាក់​។

អ្នក​ទស្សនា​ភាគច្រើន​នៅ​យប់​នោះ សុទ្ធតែ​បាន​លើក​ឡើង​ថា ការ​ប្រកួត​រវាង​កីឡាករ លី ភា មក​ពី​ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង និង​កីឡាករ ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្តពោធិសាត់ មិន​បាន​ល្អ ដោយសារ​តែ​កីឡាករ​ទាំង​ពីរ​ប្រកួត​គ្នា​ស្ទក់​ៗ​ពេញ​រយៈពេល​៥​ទឹក​មិន​ត្រូវចិត្ត​មហាជន ។ រយៈពេល​២​ទឹកដំបូង គេ​ឃើញ​ពួក​គេ​ឱប​គ្នា​ច្រើន​ជាង​វាយលុក ដោយ​កីឡាករ​រូប​ណា​ក៏​មើលទៅ​ស្ទក់​ដៃ​ស្ទក់​ជើងទាំងអស់​ដូច​គ្នា​ដែរ ។ បើ​ទោះជា​កីឡាករ លី ភា បង្គោល​ក្រហម​វាយ​បាន​ល្អ​មួយ​ស្នៀត​ៗ​ជា​ពិសេស​ការ​វាយ​ចេញ​ត្រូវ​ចំ​គោលដៅ​ទៅ​លើ​កីឡាករ ជ័យ ស៊ី​នេ​ត តែ​គេ​នៅ​តែ​មើលឃើញ​ថា​ មិន​សូវ​រស់​រវើក និង​ស្ទក់​ៗ មិន​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកគាំទ្រ​ដែល​អង្គុយ​ទស្សនា​។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ លោក​អាជ្ញាកណ្ដាល​មិនសូវ​ហត់​ក្នុង​ការ​ចាប់​ក្រៀក​នោះ​ទេ ដោយសារ​តែ​កីឡាករ​ទាំង​ពីរ​វាយ​ចេញ​ត្រូវ​មិន​ត្រូវ​បាន​តែ​មួយ​ដៃ ឬ​មួយ​ជើង ក៏​ឱប​គ្នា​ស្អិត​មិន​ខុស​ពី​គេច​ពី​ការ​ប្រកួត ហើយ​មិនសូវ​ចង់​វ៉ៃ​គ្នា ។ អ្នក​ទស្សនា​យល់​ថា អ្នក​ទាំង​ពីរ​មិន​ចង់​គេច​ពី​ការ​ប្រកួត​នោះ​ទេ ប៉ុន្តែ​មក​ពី​ពួក​គេ​ឆាប់​ហត់ និង​ស្ទក់​ៗ​ដៃជើង​ផង ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​មិនសូវ​ទាក់ទាញ ។ ក្នុង​ទឹក​ទី​៤ កីឡាករ លី ភា វាយ​ត្រូវ​បាន​ច្រើន​ទៅ​លើ​គូប្រកួត បន្ទាប់​ពី​លោក​អាជ្ញាកណ្ដាល​ចេញ​មុខ​ព្រមាន​ម្ដង​ជា​២​ដង​ធ្វើ​ឱ្យ​មានការ​រិះគន់​ពី​សំណាក់​អ្នក​ទស្សនា ។

ក្រោយ​បញ្ចប់​ការ​ប្រកួត កីឡាករ​បង្គោល​ក្រហមបាន​ឈ្នះ​ពិន្ទុ ដោយ​ជ័យជម្នះ​នេះ ដ្បិត​ថា ​មិន​ធ្វើ​ឱ្យ​លោក​ទទួល​បាន​នូវ​មោទនភាព តែ​ក៏​បាន​ធ្វើ​ឱ្យ​លោក​លេចមុខ​លេច​មាត់​ផង​ដែរ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ការ​ប្រកួត​មួយគូ​នេះ​ទទួល​រង​ការ​រិះ​គន់​ដោយសារ​តែ​ពួក​គេ​មិនមែន​ប្រកួត​គ្នា​ក្នុង​នាម​ជា​គូ​មិត្តភាព​នោះ​ទេ​ប៉ុន្តែ​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ឆ្ពោះទៅ​កាន់ការ​ដណ្ដើម​ប្រាក់​លាន​ក្នុង​ពេល​ខាង​មុខ ដោយ​ការ​ប្រកួត​នេះ​មាន​​កីឡាករ​សរុប​ចំនួន​៨​រូប​ចែក​ជា​២​ពូ​ល​ដើម្បី​ស្វែងរក​អ្នកមាន​ពិន្ទុ​ខ្ពស់​ឱ្យ​ឡើង​ប្រកួត​ដណ្ដើម​ទឹកប្រាក់​ចំនួន​២៥០០​ដុល្លារ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​ថ្លែង​បញ្ជាក់​ថា ការ​ប្រកួត​របស់​លី ភា និង ជ័យ ស៊ី​នេ​ត គឺជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន តែ​ស្ថិត​ក្នុង​រូបមន្ត​ឡើង​ប្រកួត​សន្សំ​ពិន្ទុ​ដើម្បី​ស្វែងរក​អ្នកមាន​ពិន្ទុ​ខ្ពស់​ទៅ​ប្រកួត​យក​ប្រាក់​លាន​នៅ​អំឡុង​ចុងខែ​មិថុនា ខាង​មុខ ។ លោក​ថា ការ​ប្រកួត​មួយ​នេះ លោក​ថា​មិន​មាន​កីឡាករ​ជើង​ខ្លាំង​ថ្មី​ៗ​នោះ​ទេ គឺ​សុទ្ធតែ​ជា​កីឡាករ​ជើង​ចាស់​ៗ​ដែល​មាន​ប្រវត្តិ​ខ្លាំង ហើយ​ធ្លាក់ដៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់ ។

អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​មួយ​នេះ លោក​ទទួលស្គាល់​ថា មិនសូវ​មាន​ភាព​រស់​រវើក​ដោ​យសារ​កីឡាករ​ដែល​មានឈ្មោះ​ឡើង​ប្រកួត​នៅ​ក្នុង​វគ្គ​នោះ​មិនសូវ​ល្អ​ដូច​គ្នា​នឹង​កីឡាករ​ក្មេង​ៗ​ដែល​កំពុង​ឡើង​កូដ ។ លោកថា ហេតុផល​ដែល​នាំ​ឱ្យ​មានការ​ប្រកួត​បែបនេះ គឺ​ដោយសារ​តែ​ចង់​រំលេច​កីឡាករ​ចាស់​ៗដែល​ចាប់ផ្ដើម​ធ្លាក់​កូដ ហើយ​នៅ​ចង់​ឡើង​រេញ​មានមុខ​បាន​ប្រកួត​ក្នុង​ពេល​បន្តបន្ទាប់កុំឱ្យ​ស្ងាត់​ពេក ។ លោក​ថា កីឡាករ​ចាស់​ៗ​បើ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ក្មេង​ៗ គឺ​មិន​ខុស​ពី​ដាក់​ឱ្យ​ប្រកួត​យក​ភាព​អាម៉ាស់​នៅ​ចំពោះ​​មុខ​មហាជន​នោះ​ទេ ទើប​លោក​បង្កើត​ព្រឹត្តិការណ៍​តម្រូវ​ឱ្យ​កីឡាករ​ចាស់​ៗ​បាន​ឡើង​ប្រកួត​គ្នា ដោយ​លោក​និយាយ​ថា បើ​ទោះជា​ការ​វាយ​ចេញ​របស់​ពួក​គេ​ស្ទក់ និង​មិន​រស់​រវើក​បន្តិច​មែន ប៉ុន្តែ​ក៏​មាន​ចំណែក​ជួយ​ឱ្យ​កីឡាករ​ទាំងនោះ​មានមុខ​នៅ​លើ​សង្វៀន ។

លោក​ថា កីឡាករ​ដែល​មានឈ្មោះ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ទាំងនោះ សុទ្ធសឹងតែ​ជា​កីឡាករ​ចាស់​ៗ និង​ធ្លាប់​មានឈ្មោះ​ថា​ខ្លាំង​ទាំងអស់ ហើយ​លោក​នៅ​តែ​កត់​សម្គាល់ថា កីឡាករ​ចាស់​ៗ​មួយ​ចំនួន​នៅ​ប្រកួត​ល្អមើល​ផង​ដែរ​ដូច​ជា​កីឡាករ​លី ភា ជាដើម ។

លោក​ទទូច​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់ បន្ត​គាំទ្រ​កីឡាករ​ចាស់​ៗ ជា​ពិសេស​បន្ទាប់​ពី​លោក​ក៏​បាន​ដាក់​ហ្សូ​ន​ឱ្យ​កីឡាករ​ទាំងនោះ​ឡើង​ប្រកួត​បើក​ឆាក​នៅ​លើ​សង្វៀន ដើម្បី​ឱ្យ​​មាន​ភាព​ទាក់ទាញ​ផង ។ លោក​ថា កីឡាករ​ចាស់​ៗ​ដ្បិតថា​វាយ​ស្ទក់ និង​មិន​រស់​វើក​ក៏​ពិតមែន ប៉ុន្តែ​បើ​ពួក​គេ​នៅ​ស្រឡាញ់​ការ​ប្រដាល់ ហើយ​នៅ​ចង់​បន្ត​ឡើង​រេញ ដើម្បី​យក​លុយ​ចិញ្ចឹម​ក្រពះ គឺ​ត្រូវ​តែ​ផ្ដល់​ឱកាស​ឱ្យ ។ លោក​ប្រកាស​រៀបចំ​ការ​ប្រកួត​ក្នុង​រង្វង់​​កីឡា​ករ​ធ្លាក់ដៃ និង​ធ្លាក់​កូដ​បែប​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ដើម្បី​បន្ត​រំលេច​កេរ្តិ៍ឈ្មោះ​​របស់​​ពួក​គេ​កុំឱ្យ​បាត់​មុខ​ផង និង​ដើម្បី​លើកកម្ពស់​កីឡាករ​ចាស់​ៗ​ឱ្យ​មាន​សង្វៀន​ឡើង​ប្រកួត ដោយ​កុំ​យក​តែ​កីឡាករ​ក្មេង​ៗ​ឱ្យ​ឡើង​រេញ​ដដែល​ៗ​នោះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ