ខេត្តព្រៃវែង ៖ កសិករម្នាក់រស់នៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ៍ ខេត្តព្រៃវែង កំពុងកាក់កបនឹងរបរចិញ្ចឹមកង្កែប ដោយក្នុង១ខែៗ គាត់អាចរកចំណូលបានជាង៣លានរៀល ធ្វើឲ្យជីវភាពរបស់គាត់កាន់តែប្រសើរឡើង ។
លោក រស់ ផល្លា អ្នកចិញ្ចឹមកង្កែបរូបនេះបានរៀបរាប់ថា ក្រោយពេលចាប់មុខរបរនេះឃើញថា ជីវភាពគ្រួសាររបស់លោកធូរធារច្រើន ដោយសារតែកង្កែបសម្បូរទីផ្សារ ដែលគ្រប់គ្នាអាចយកទៅធ្វើម្ហូបប្រចាំគ្រួសារ ភោជនីយដ្ឋាន ឬនៅក្នុងកម្មវិធីតូចធំផ្សេងៗ ។
លោកបន្ដថា ៖« សាច់កង្កែបមានហាងឆេងខ្ពស់ ធ្វើឲ្យយើងជាអ្នកចិញ្ចឹមក៏ទទួលបានប្រាក់ចំណូលខ្ពស់ទៅតាមនោះដែរ ។ សព្វថ្ងៃនេះ ខ្ញុំចិញ្ចឹមកង្កែបលក់ទាំងកូន និងកង្កែបសាច់ ដោយក្នុង១ខែ អាចរកចំណូលបានជាង៣លានរៀល ដែលជួយឲ្យជីវភាពគ្រួសារខ្ញុំបានធូរធារជាងមុនច្រើន » ។
លោកបានបន្ថែមថា ៖« ជាធម្មតា កង្កែបអាយុចាប់ពី៤០ថ្ងៃទៅ យើងអាចចាប់លក់បានហើយ ដោយក្នុង១ក្បាលតម្លៃ៥០០រៀល ប៉ុន្ដែបើយើងចិញ្ចឹមរយៈពេលពី៤ទៅ៦ខែ កង្កែបពី៨ទៅ១០ក្បាល បានទម្ងន់១គីឡូក្រាម អាចលក់តម្លៃ៨ពាន់រៀល ហើយមានប៉ុន្មាន ក៏លក់អស់ដែរ គឺមិនបារម្ភខ្លាចអត់ទីផ្សារដូចដំណាំផ្សេងៗនោះទេ » ។ លោកថា ៖« បងប្អូនប្រជាកសិករបន្ទាប់ពីការងារស្រែចម្ការរួច គួរតែចាប់យករបរមួយនេះ ព្រោះវាផ្ដល់ចំណូលខ្ពស់ និងមានទីផ្សារល្អ » ។
លោកក៏បានបង្ហើបពីការចិញ្ចឹមកង្កែបដោយត្រួសៗថា ការបង្កាត់ពូជកង្កែប គេត្រូវយកកង្កែបមេ និងឈ្មោលល្អៗ ដែលមានអាយុចាប់ពី១ឆ្នាំឡើងពីសំបុកផ្សេងគ្នា ទៅបង្កាត់នៅទីតាំងទំហំ១ម៉ែត្រការ៉េទឹក ។ ការបង្កកំណើត គឺចាប់ពីខែមិថុនា រហូតដល់ខែវិច្ឆិកា ក្នុងចន្លោះពេលនោះ វាអាចបង្ហូរពងបាន៣ទៅ៤ដងតាមបែបពាក់កណ្ដាលធម្មជាតិ ឬហៅថា តាមបែបសិប្បនិមិត្ត វាឲ្យផលច្រើនលើសពី៤ដងក្នុង១ឆ្នាំ ខុសពីបង្កកំណើតតាមធម្មជាតិនៅតាមវាលស្រែ ដែលញាស់ម្តង ឬ២ដងប៉ុណ្ណោះក្នុង១ឆ្នាំ ។
ក្រោយពីបង្កកំណើតរួច កង្កែបមេអាចបញ្ចេញពងបានចន្លោះពី៣ទៅ៨ពាន់ពង ហើយនៅពេលពងកង្កែបចេញមកក្នុងរយៈពេលតែ៨ម៉ោងប៉ុណ្ណោះ វានឹងញាស់ជាកូនកង្កែបភ្លាម ។ ពេលនោះ យើងមិនចាំបាច់ផ្ដល់ចំណីទេ ព្រោះវាមានអាហារបម្រុងនៅជាប់ខ្លួនស្រាប់ដែលអាចឲ្យវាស៊ីបាន៣ថ្ងៃ ។ ក្រោយមក ទើបយើងដាក់ពងទាដែលស្ងោរឲ្យឆ្អិន យកតែពងក្រហមឲ្យកូនវាស៊ី ។ ពេលកូនកង្កែបនៅតូច យើងមិនអាចកំណត់បានថា វាស៊ីអស់ពងទាប៉ុន្មានទេក្នុង១ថ្ងៃ តែយើងអាចដាក់តិចល្មមៗបានហើយ ចៀសវាងសល់ចំណី ។
យោងតាមឯកសារក្រសួងកសិកម្ម ស្ដីពីបច្ចេកទេសនៃការចិញ្ចឹមកង្កែប បច្ចុប្បន្ន កង្កែបមានចំនួនប្រមាណជា៤.៨០០ប្រភេទ រស់នៅក្នុងទឹកសាប ដីស្ងួត ក្រោមដី និងនៅលើដើមឈើ ។ គេអាចចិញ្ចឹមកង្កែបតាមវិធីសាស្ត្រច្រើនយ៉ាង អាស្រ័យដោយប្រភពទុន និងគោលដៅរបស់អ្នកចិញ្ចឹម ប៉ុន្តែជាទូទៅ ការចិញ្ចឹមនៅក្នុងអាងស៊ីម៉ងត៍ មានប្រសិទ្ធភាពជាង ព្រមទាំងអាចប្រើការបានយូរអង្វែងផងដែរ ។ កង្កែបអាចចិញ្ចឹមនៅទីណាក៏បាន សូម្បីតែអាងស៊ីម៉ងត៍ដែលចោលមិនប្រើការ ក៏អាចចិញ្ចឹមបានដែរ ។ ក្រៅពីនេះ គេអាចចិញ្ចឹមវាក្នុងស្រះ ឬចិញ្ចឹមក្នុងស្បៃដាក់ក្នុងបឹង ឬត្រពាំងធំៗក៏បាន អាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកចិញ្ចឹម និងស្ថានភាពអំណោយផលជាក់ស្តែងប៉ុណ្ណោះ ។
ប្រសិនបើចិញ្ចឹមក្នុងអាងស៊ីម៉ងត៍ យើងត្រូវធ្វើអាងទំហំចាប់ពី៦ទៅ៣០ម៉ែត្រការ៉េ កម្ពស់ចាប់ពី០,៨ទៅ១ម៉ែត្រ និងបាតអាងត្រូវសង់មានលក្ខណៈជម្រាលទៅម្ខាង ។ ចំណែកកម្ពស់ទឹកត្រូវដាក់ប្រមាណ១ភាគ២ ឬ២ភាគ៣នៃខ្លួនកង្កែប ។ ចំពោះចំនួនកង្កែបវិញ ត្រូវដាក់ខែទី១ ចាប់ពី១៥០ដល់២០០ក្បាលក្នុង១ម៉ែត្រការ៉េ ។ ខែទី២ ចាប់ពី១០០ទៅ១៥០ក្បាលក្នុង១ម៉ែត្រការ៉េ និងខែទី៣ ត្រូវដាក់តែ៨០ទៅ១០០ក្បាលក្នុង១ម៉ែត្រការ៉េបានហើយ ហើយត្រូវត្រួតពិនិត្យរយៈពេលពី៧ទៅ១០ថ្ងៃម្ដង ។
ចំណែកសមាសធាតុផ្សំធ្វើចំណីរបស់វា មានដូចជា កន្ទក់ ម្សៅត្រី សណ្ដែកសៀង ពោតក្រហម និងអំបិល ៕
ចែករំលែកព័តមាននេះ