ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់ ម៉ារ៉ុក ព័រទុយហ្គាល់ និងអេស៉្បាញ តើក្រុមណាទៅផ្ទះក្រុមណាទៅវគ្គ១៦ក្រុម?

5 ឆ្នាំ មុន

លោក​អ្នក​បាន​ជ្រាប​មក​ហើយពី​ការ​វិភាគ​ក្រុម​នៅ​ក្នុង​ពូ​ល A ដែល​រំពឹង​ថា ​បាន​ឡើង​ទៅ​លេង​វគ្គ​បន្ត (​វគ្គ​១៦​ក្រុម​) ។ តាម​ការ​ចូលរួម​ជា​មតិយោបល់​របស់​ប្រិ​យ​មិត្ត​ក៏​មិន​ខុស​ពី​ក្រុមការងារ​កីឡា​របស់​សារព័ត៌មាន ​កោះសន្តិភាព និង​គេហទំព័រ Koh…

លោក​អ្នក​បាន​ជ្រាប​មក​ហើយពី​ការ​វិភាគ​ក្រុម​នៅ​ក្នុង​ពូ​ល A ដែល​រំពឹង​ថា ​បាន​ឡើង​ទៅ​លេង​វគ្គ​បន្ត (​វគ្គ​១៦​ក្រុម​) ។ តាម​ការ​ចូលរួម​ជា​មតិយោបល់​របស់​ប្រិ​យ​មិត្ត​ក៏​មិន​ខុស​ពី​ក្រុមការងារ​កីឡា​របស់​សារព័ត៌មាន ​កោះសន្តិភាព និង​គេហទំព័រ Koh Sport យើង​ប៉ុន្មាន​ដែរ គឺថា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ជាងគេ​ក្នុង​ពូ​ល A គឺ​ក្រុម​អ៊ុយ​រូ​ហ្គា​យ និង​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី ។ ថ្ងៃនេះ​យើង​នឹង​លើក​យក​ពូ​ល B ​មក​ធ្វើការ​វិភា​គជា​បន្ត​ទៀត ប៉ុន្តែ​មុន​ដំបូង​យើង​គួរ​ស្គាល់​សមាសភាព​ក្រុម​នៅ​ក្នុង​ពូ​ល B ជា​មុន​សិន ។

ពូ​ល B ៖ អុី​រ៉​ង់​(​អាស៊ី​), ម៉ា​រ៉ុ​ក​(​អាហ្វ្រិក​), ព័រ​ទុ​យ​ហ្គា​ល់​(​អឺរ៉ុប​) និង​អេ​ស្ប៉ា​ញ​(​អឺរ៉ុប​)

១-​អុី​រ៉​ង់

ទោះជា​មាន​សង្គ្រាមរ៉ាំរ៉ៃ​ក្តី​តែប្រទេស​នៅ​មជ្ឈិម​បូព៌ា​មួយ​នេះធ្លាប់​បាន​ទៅលេង​នៅ World Cup ៤​ដង​មក​ហើយ ពោល​គឺ​ក្នុង​ឆ្នាំ​១៩៧៨, ១៩៩៨, ២០០៦ និង​២០១៤ ហើយ​នេះ​គឺជា​លើក​ទី​៥​សម្រាប់​ពួក​គេ ។ ក្នុង​៤​លើក​កន្លង​ទៅ​នេះ ពួក​គេ​មិន​ដែល​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះ​ទេ ចាំ​មើល​ថា​ តើ​ក្នុងឆ្នាំនេះ​ក្រុម​ដែល​មក​ពី​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ អាច​ធ្វើ​ល្អ​បាន​ប៉ុនណា? គួរ​រំលឹក​ផង​ដែរ​ថា ​ក្នុង​៥​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ World Cup កន្លង​មក អុី​រ៉​ង់​ឈ្នះ​៣ ស្មើ​២ ។

២-​ម៉ា​រ៉ុ​ក

នៅ​ក្នុង​ពិភព​បាល់ទាត់ ម៉ា​រ៉ុ​ក​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​ប៉ុន្មាន​ទេ តែបើ​និយាយ​ពី​វត្ត​មាននៅ World Cup គឺ​មិនធម្មតា​ឡើយ ។ ក្រុម​មក​ពី​ទ្វីបអាហ្វ្រិក​មួយ​នេះ​ចូលរួម​បាន​៤​ដង​មក​ហើយ​ៗ​ក៏​ធ្លាប់​ឆ្លង​ដល់​វគ្គ​១៦​ក្រុម​ម្តង​ផង​ដែរ គឺ​ក្នុង​ឆ្នាំ​១៩៨៦​ពេល​ដែល​ម៉ិ​ក​ស៊ិ​កធ្វើ​ជា​ម្ចាស់ផ្ទះ ។ ក្រុម​ដែល​មាន​កូតា​មក​ពី​ទ្វីបអាហ្វ្រិក​មួយ​នេះ​មិន​ដែល​ស្គាល់​រសជាតិ​ចាញ់​ឡើយ​ក្នុង​វគ្គ​ជម្រុះ World Cup ៥​ប្រកួត​ចុង​ក្រោយ​ពោល​គឺ​ឈ្នះ​៣ ស្មើ​២ ។

៣-​ព័រ​ទុ​យ​ហ្គា​ល់ 

តើ​អ្នក​ណា​មិន​ធ្លាប់​ស្គាល់​ព័រ​ទុ​យ​ហ្គា​ល់? ហើយ​រឹតតែ​ស្គាល់​ច្បាស់​ទៀត​គឺ Christiano Ronaldo ដែល​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ប្រទេស​នេះ​កាន់តែ​ខ្លាំង ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​ព័រ​ទុ​យ​ហ្គា​ល់​ទើបតែ​លើក​ពានរង្វាន់​បាល់ទាត់​ទ្វីបអឺរ៉ុប​ក្តៅ​ៗ​នេះឯង ។

បើ​និយាយ​ពី​បទ​ពិសោធន៍​នៅ World Cup នេះគឺ​ជោកជាំ​មែនទែន​ដោយ​បាន​ចូលរួម​ព្រឹត្តិ​ការណ៍​​នេះ​៦​ដង​មក​ហើយ​ៗ​ធ្វើ​បាន​ល្អ​បំផុត​នៅ​ឆ្នាំ​១៩៦៦​ដោយ​បាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​មក​នៅ​ឆ្នាំ​២០០៦​បាន​ចំណាត់ថ្នាក់​លេខ​៤ ។ ក្នុង​៥​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ World Cup ក្រុម​គីឡូ​ធ្ងន់​មួយ​នេះ ក៏​មិន​ដែល​ស្គាល់​រសជាតិ​ចាញ់​ម្តងណា​ដែរ គឺ​ឈ្នះ​ទាំង​៥​ប្រកួត ។

៤-​អេ​ស្ប៉ា​ញ

ក្រុម​គោ​ជល់​មួយ​នេះ រឹតតែ​ល្បីល្បាញ​ថែម​ទៀត ហើយ​ធ្លាប់​ចូលរួម World Cup ដល់​ទៅ​១២​ដង និង​ធ្លាប់​ក្លាយជា​ជើងឯក​បាន​ម្តង​ផង​ដែរ​កាលពី​ឆ្នាំ​២០១០​នៅ​ទឹកដី​អាហ្វ្រិក​ខាងត្បូង ។ ក្រុម​មួយ​នេះ គឺជា​បន្លាក្នុងកែវភ្នែក​គ្រប់​ក្រុម​ទាំងអស់ ហើយ​ក៏​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​ក្រុម​ឯទៀត​ដែល​អាច​លើក​ពាន​កំពូល​នេះ​នៅ​រុ​ស្ស៊ី​ផង​ដែរ ។ ៥​ប្រកួត​ចុង​ក្រោយ​នៅ​វគ្គ​ជម្រុះ​បឋម​ទ្វីបអឺរ៉ុប​នា​ពេល​កន្លង​មក ពួក​គេ​ក៏​មិន​ណ​យ​ដែរ​គឺ​ឈ្នះ​ទាំង​៥​ប្រកួត ។ និយាយ​រួម​ក្រុម​ទាំង​៤​ក្នុង​ពូ​ល B គឺ​ធ្វើ​បាន​ល្អ​ដូច​គ្នា ដោយ​មិន​ដែល​ស្គាល់​រសជាតិ​ចាញ់​ដូច​គ្នា​ក្នុង​៥​ប្រកួត​ចុង​ក្រោយ​នៅ​វគ្គ​ជម្រុះ ។

វិភាគ ៖ ទោះជា​ក្នុង​៥​ប្រកួត​ចុង​ក្រោយ​នៅ​វគ្គ​ជម្រុះ ពួក​គេ​មិន​ដែល​ចាញ់​ដូច​គ្នា​មែន តែបើ​និយាយ​ពី​បទ​ពិសោធន៍​ក្នុង​ពានរង្វាន់​ធំ​ៗវិញ មាន​តែ​អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់​ទេ ដែល​ជោកជាំ​នោះ ។ ទាំង​ពានរង្វាន់​កម្រិត​ពិភពលោក ទាំង​លី​គ​ក្នុងស្រុក ទាំង​សមត្ថភាព​កីឡាករ ក្រុម​ទាំង​ពីរ​នេះ​មាន​អាទិភាព​ច្រើន​ជាង​ក្រុម​អុី​រ៉​ង់ និង​ម៉ា​រ៉ុ​ក ។

ទោះបី​យ៉ាងណា បាល់​គឺ​មូល ហើយ​ក៏​មិន​មាន​អ្នក​ណា​អាច​ទាយ​ត្រូវ​មុន​ដែរ ។ ជាក់ស្តែង​ដូច​កាលពី​ឆ្នាំ​២០១៤ អេ​ស្ប៉ា​ញ​មិន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​បាន​ឡើយ ដោយ​ត្រូវ​ហាលអាវ​យ៉ាង​អាម៉ាស់​ត្រឹម​វគ្គ​នេះ​ក្នុង​នាមខ្លួន​ជា​​ក្រុម​ការពារ​តំណែង​ជើងឯក ។ យ៉ាងណា​ក៏​ដោយ យើង​នៅ​តែ​គិត​ថា ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​វគ្គ​បន្ត​នៅ​តែ​ជា​អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់​ដដែល ។

តើ​ប្រិ​យ​មិត្ត​មាន​យោបល់​យ៉ាងណា​ដែរ? តើ​ក្នុង​ពូ​ល​នេះ ក្រុម​មួយ​ណា​ជា​ក្រុម​សំណព្វចិត្ត​របស់​ប្រិ​យ​មិត្ត?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ