ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​គជ់ខ្យង​នៅ​អាស៊ី​»​ជា​ឈ្មោះ​ថ្មី​ដែល​វិនិយោគិន​ចិន​ប្រសិទ្ធ​នាម​ជូន​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កម្ពុជា​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​៧%​ក្នុង​១​ឆ្នាំ​អស់​រយៈពេល​២​ទសវត្សរ៍​មក​ហើយ​នោះ បណ្ដា​វិនិយោគិន​អន្តរជាតិ​នានា ពិសេស​វិនិយោគិន​ចិន​បាន​មក​បណ្ដាក់ទុន​រកស៊ី​ស្ទើរ​គ្រប់​វិស័យ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ វិនិយោគិន​ចិន​មួយ​ក្រុម​ទៀត​ដែល​ទើប​មក​ដល់​កម្ពុជា បានឃើញ​ពី​ស្ថានភាព និង​សក្ដានុពល​វិនិយោគ ក៏​បាន​ប្រសិទ្ធ​នាម​ជូន​កម្ពុជា​ថា​ជា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កម្ពុជា​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​៧%​ក្នុង​១​ឆ្នាំ​អស់​រយៈពេល​២​ទសវត្សរ៍​មក​ហើយ​នោះ បណ្ដា​វិនិយោគិន​អន្តរជាតិ​នានា ពិសេស​វិនិយោគិន​ចិន​បាន​មក​បណ្ដាក់ទុន​រកស៊ី​ស្ទើរ​គ្រប់​វិស័យ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ វិនិយោគិន​ចិន​មួយ​ក្រុម​ទៀត​ដែល​ទើប​មក​ដល់​កម្ពុជា បានឃើញ​ពី​ស្ថានភាព និង​សក្ដានុពល​វិនិយោគ ក៏​បាន​ប្រសិទ្ធ​នាម​ជូន​កម្ពុជា​ថា​ជា «​គជ់ខ្យង​នៅ
អាស៊ី »​។

លោក លី ខៃ​ជី ប្រតិភូ​ដឹកនាំ​វិនិយោគិន​ចិន​ជា​ច្រើន​រូប​សិក្សា​ពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា តាម​ពិត​កម្ពុជា គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំងក្លា​មួយ​នៅ​ក្នុង​តំបន់​ព្រមទាំង​មាន​ភាព​ល្បីល្បាញ​យូរ​មក​ហើយ ក៏​ប៉ុន្តែ​ដោយសារ​តែ​ប្រទេស​នេះ​ទទួល​រង​ឥទ្ធិពល​អាក្រក់​ដោយសារ​តែ​សង្គ្រាមរ៉ាំរ៉ៃ​អស់​ជា​ច្រើន​ទសវត្សរ៍ ទើប​ធ្វើ​ឲ្យ​ប្រទេស​ត្រូវ​ខាតបង់ និង​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប ។

លោក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ ប្រទេស​កម្ពុជា​ក៏​ឃើញ​ថា​ចាប់ផ្ដើម​មាន​កំណើនសេដ្ឋកិច្ច​ខ្លាំង​ឡើង​ៗ ។ ជាក់ស្ដែង​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​មកនេះ​កំណើនសេដ្ឋកិច្ច​កម្ពុជា រក្សា​បាន​ក្នុង​រង្វង់​៧% ដូចនេះ​ហើយ​ទើប​បណ្ដា​វិនិយោគិន​នានា​ទាំង​ក្នុងស្រុក​និង​ក្រៅប្រទេស បាន​ចូល​មក​វិនិយោគ​បណ្ដាក់ទុន​លើ​វិស័យ​នានា​ទៅ​តាម​ជំនាញ​របស់​ពួក​គេ ក្នុង​នោះ​ដែរ ចិន​ក៏​មាន​វិនិយោគិន​ច្រើន​ជាងគេ​ដែរ កំពុង​វិនិយោគ​ក្នុង​ប្រទេស​មួយ​នេះ ។
លោក​ថា ៖« ក្នុង​នាម​ជា​អ្នក​វិនិយោគិន​មួយ​រូប​មក​ពី​ប្រទេស​ចិន យើង​នឹង​ទាក់ទាញ​វិនិយោគិន​ចិន និង​ពី​ប្រទេស​ផ្សេង​ទៀត​ដែល​យើង​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ដើម្បី​មក​វិនិយោគ​នៅ​កម្ពុជា ដូច​ជា មក​ពី​អា​មេ​រិ​ក តៃវ៉ាន់ និង​អឺរ៉ុប ជាដើម » ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​បន្ត​ទៀត​ហើយ ដូចនេះ​ហើយ​ដើម្បី​ឲ្យ​ប្រទេស​នេះ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ គឺ​តម្រូវ​ឲ្យ​មានការ​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ។ ក្នុង​នោះ ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា ក៏​កំពុង​តែ​មាន​សក្ដានុពល​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​នានា ។

កម្ពុជា​បាន​ឆ្លង​ផុត​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៥ ព្រមទាំង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា «​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​» ក្នុង​ឆ្នាំ​២០១៦ ។ កំណើន​ដ៏​រឹង​មាំ​នេះ បាន​បង្កើត​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​តួលេខ​របស់​ធនាគារពិភពលោក បាន​បង្ហាញ​ពី​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​អត្រា​០,៣% និង​ភាព​ក្រីក្រ​តោកយ៉ាក​ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំងស្រុង​ក្នុង​ឆ្នាំ​២០១៧ ។ ទន្ទឹម​នេះ ប្រាក់​ចំណូល​របស់​ប្រជាជន ក៏​មានការ​កើនឡើង​ផង​ដែរ ដោយ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​មនុស្ស​ម្នាក់​កើន​ពី​១.០៤២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ​១.៤២៧​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ និង​១.៥៦៣​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។

ជាមួយ​គ្នា​នេះ ក្នុង​ឆ្នាំ​២០១៨ និង​២០១៩ សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​រំពឹង​ថា នឹង​នៅ​បន្ត​កំណើន​ក្នុង​រង្វង់​ប្រមាណ​៧,០% ដែល​ទ្រទ្រង់​ដោយ​មូលដ្ឋាន​កំណើន​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា វិស័យ​សំណង់​, ការ​បន្ត​កំណើន​នៃ​វិស័យ​កាត់ដេរ និង​វិស័យ​កសិកម្ម និង​ការ​ងើបឡើង​ខ្លាំង​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​លក់ដុំ​-​រាយ ។

កញ្ញា ប៊ុត កេ​ត​រ៉ា​ឌី អគ្គ​នាយិកា​ក្រុមហ៊ុន​មួយ​ដែល​ទើប​បង្កើត​ថ្មី​បាន​និយាយ​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ល្បឿន​លឿន​បំផុត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។
កញ្ញា​ថា ៖« មាន​មូលហេតុ​ជា​ច្រើន​ដែល​វិនិយោគិន​ទាំងអស់ កំពុង​ផ្តោត​មក​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​គឺ​កត្តា​សន្ដិភាព និង​ស្ថិរភាព​ភាព​នយោបាយ ព្រមទាំង​មាន​វប្បធម៌​ដ៏​សម្បូរ​បែប »​។
កញ្ញា​បន្ដ​ថា ៖« ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ចំពោះ​វិនិយោគិន​បរទេស ដែល​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ​ដូច​ជា វិស័យ​អចលនទ្រព្យ វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច បាន​ផ្ដល់​ឱកាស​និង​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​យើង និង​អាច​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​កំណើន​ដ៏​គួរ​ឲ្យ​ពេញចិត្ត » ។

លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​វិស័យ​ឯកជន ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ស្វាគមន៍​បណ្ដា​វិនិយោគិន​បរទេស​ទូទៅ ដោយ​គ្មាន​ប្រកាន់​ជាតិ​សាសន៍​ឡើយ ។

លោក​ជំទាវ​បន្ដ​ថា ៖« កត្តា​អំណោយផល​មួយ​ចំនួន រួម​ទាំង​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច យ៉ាង​លឿន ជា​ពិសេស​ខាង​ពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ កម្លាំង​ពលកម្ម​នៅ​មាន​តម្លៃ​ទាប និង​ច្បាប់​វិនិយោគ​អនុគ្រោះ​ដល់​ធុរកិច្ច ទើប​កម្ពុជា​កំពុង​ប្រែ​ក្លាយជា​គោលដៅ​ថ្មី​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគ​ក្នុង​និង​ក្រៅប្រទេស » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ