ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2018 ៖ វិភាគក្រុមនៅក្នុងពូល A ដែលរំពឹងបានឡើងទៅលេងវគ្គ16ក្រុម

5 ឆ្នាំ មុន

ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ពិភពលោក World Cup គឺ​ធ្វើ​ទៅ​តាម​ទម្រង់​ប្រកួត​ជម្រុះ​យ៉ាង​សាមញ្ញ​ដូចដែល FIFA បាន​រៀបចំ​តាំងពី​បង្កើត​ព្រឹត្តិការណ៍​នេះ​ដំបូង ។ ក្រុម​ជម្រើសជាតិ​ទាំង​៣២​ប្រទេស ត្រូវ​បាន​ចាប់ឆ្នោត​បែក​ចែក​ជា​៨​ពូ​ល​ដោយ​ក្នុង​១​ពូ​ល​មាន​៤​ក្រុម​ដើម្បី​ប្រកួត ប្រជែង​ស្វែងរក​ជើង​ខ្លាំង​តែ​២​ក្រុម​ក្នុង​មួយ​ពូ​ល​ប៉ុណ្ណោះ​ឡើង​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ…

ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ពិភពលោក World Cup គឺ​ធ្វើ​ទៅ​តាម​ទម្រង់​ប្រកួត​ជម្រុះ​យ៉ាង​សាមញ្ញ​ដូចដែល FIFA បាន​រៀបចំ​តាំងពី​បង្កើត​ព្រឹត្តិការណ៍​នេះ​ដំបូង ។ ក្រុម​ជម្រើសជាតិ​ទាំង​៣២​ប្រទេស ត្រូវ​បាន​ចាប់ឆ្នោត​បែក​ចែក​ជា​៨​ពូ​ល​ដោយ​ក្នុង​១​ពូ​ល​មាន​៤​ក្រុម​ដើម្បី​ប្រកួត
ប្រជែង​ស្វែងរក​ជើង​ខ្លាំង​តែ​២​ក្រុម​ក្នុង​មួយ​ពូ​ល​ប៉ុណ្ណោះ​ឡើង​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ហើយ​ពួក​គេ​ក៏​ត្រូវ​ប្រកួត​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ ។

សម្រាប់​ពូ​ល A ដំបូង​គេ​នេះ ពួក​គេ​នឹង​ត្រូវ​ស្វែងរក​ពិន្ទុ​រៀងខ្លួន​ដើម្បី​បន្ត​ក្តី​ស្រមៃ​ឡើង​ទៅ​វគ្គ​បន្ត ។ ខាងក្រោម​នេះ គឺជា​សមាសភាព​ក្រុម​នីមួយ​ៗ និង​ការ​វិភាគ​ថា​តើ​ក្រុម​ណាមួយ​មានឱកាស​ច្រើន​ជាងគេ ។

*​ពូ​ល A ៖ រុ​ស្ស៊ី (​អឺរ៉ុប​), អា​រ៉ា​ប៊ី​សា​អូឌីត (​អាស៊ី​), អេ​ហ្ស៊ី​ប (​អាហ្វ្រិក​) និង​អ៊ុយ​រូ​ហ្គា​យ (​អា​មេ​រិ​ក​ខាងត្បូង​)

១-​រុ​ស្ស៊ី

ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ពានរង្វាន់​លំដាប់​ពិភពលោក​ឆ្នាំ​នេះ រុ​ស្ស៊ី​មាន​ទំនុកចិត្ត​ខ្ពស់​ជាង​រដូវ​កាល​មុន​ៗ​ច្រើន ប៉ុន្តែ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច យោធា​មួយ​នេះ វិស័យ​កីឡាបាល់ទាត់​របស់​ពួក​គេ​ហាក់​មាន​កម្រិត​នៅឡើយ ។ ជាក់ស្ដែង​ប្រវត្តិ​នៃ​ការ​ប្រកួត​នៅ World Cup​ទាំង​១០​លើក​នា​ពេល​កន្លង​មក រុ​ស្ស៊ី​ធ្វើ​មិន​ទាន់​បាន​ល្អ​នោះ​ទេ​គិត​ចាប់តាំងពី​ការ​បង្ហាញខ្លួន​ដំបូង​ឆ្នាំ​១៩៥៨ ។

នៅ​ឆ្នាំ​១៩៦៦ រុ​ស្ស៊ី​មានឱកាស​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប៉ុន្តែ​ចាញ់​​អា​ល្លឺ​ម៉​ង់ ហើយ​ការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់ពួក​គេ​ក៏​ចាញ់​ម្តងទៀត ។ ចំពោះ​វត្ត​មាននៅ​World Cup ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១៤ រុ​ស្ស៊ី​មិន​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​នោះ​ទេ ។ រីឯ​៥​ប្រកួត​ចុង​ក្រោយ ពួក​គេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ម្តង​ឡើយ ដោយ​ស្មើ​១ និង​ចាញ់​៤ ។

២-​អា​រ៉ា​ប៊ី​សា​អូឌីត

ជំហាន​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ឆ្លងកាត់​មុន​ឡើង​មក​ដល់​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ ពួក​គេ​ជួប​ឧបសគ្គ​យ៉ាងច្រើន ប៉ុន្តែ​រាល់​ការ​ឡើង​មក​រាល់​រដូវ​កាល​នីមួយ​ៗ ពួក​គេ​បាន​វិ​វត្ត​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់ ។ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បង្ហាញខ្លួន​ចំនួន​៤​លើក​មក​ហើយ​នៅ​ឆ្នាំ​១៩៩៤, ១៩៩៨, ២០០២ និង​២០០៦ ដោយ​ខកខាន​វិញ​២​រដូវ​កាល​ចុង​ក្រោយ​នេះ​ជាប់​គ្នា ។

លទ្ធផល​គាប់ប្រសើរ​សម្រាប់​ក្រុម​ជម្រើសជាតិ​មួយ​នេះ​គឺ​បាន​ត្រឹម​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ប៉ុណ្ណោះ​​កាលពី​ឆ្នាំ​១៩៩៤ ដោយ​ចាញ់ ស៊ុ​យ​អែ​ត ខណៈ​ការ​បង្ហាញខ្លួន​៣​លើក​ផ្សេង​ទៀត​ត្រូវ​ធ្លាក់​ចេញ​តាំងពី​វគ្គ​ជម្រុះ​តាម​ពូ​ល​ម៉្លេះ ​។ ចំពោះ​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ អា​រ៉ា​ប៊ី​សា​អូឌីត​ឈ្នះ​២ ស្មើ​១ និង​ចាញ់​២ ។ តើ​ប្រទេស​មក​ពី​អាស៊ី​មួយ​នេះ អាច​ធ្វើ​ឱ្យ​ពិភពលោក​វាយតម្លៃ​ក្នុង​កម្រិត​ណា សម្រាប់​រដូវ​កាល ២០១៨ ?

៣-​អេ​ហ្ស៊ី​ប

អេ​ហ្ស៊ី​ប​ដែល​បច្ចុប្បន្ន​កំពុង​ទាញ​ចំណាប់​ខ្លាំង​ពី​អ្នក​ស្នេហា​វិស័យ​កីឡាបាល់​ទាត់ ក្រោយ​ភាព​លេចធ្លោ​របស់​កីឡាករ Salah ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​តែ​២​ដង​ប៉ុណ្ណោះ​អំឡុង​ឆ្នាំ​១៩៣៤ និង​១៩៩០ ប៉ុន្តែ​ពួក​គេ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រឹម​វគ្គ​ចែក​ពូ​ល​ទាំង​២​លើក ។

ការ​វិល​មក World Cup ជា​ថ្មី​ម្តងទៀត​នេះ គេ​សង្កេត​ឃើញ​ថា អេ​ហ្ស៊ី​ប​មាន​ទម្រង់​លេង​ខុស​ប្លែក​ពី​ក្រុម​ដទៃ រីឯ​ប្រព័ន្ធ​ការពារ​រឹតតែ​ពិបាក​បំបែក​ថែម​ទៀត​បើ​តាម​រយៈ​ជំនួប​ប្រកួត​ជម្រុះ​បឋម​តាម​តំបន់​នា​ពេល​កន្លង​មក ។ អេ​ហ្ស៊ី​ប​មិន​ទាន់​ធ្វើ​បាន​ល្អ​នោះ​ទេ​សម្រាប់​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​មកនេះ ដោយ​ពួក​គេ​ឈ្នះ​ម្តង ស្មើ​២ និង​ចាញ់​២ ។

៤-​អ៊ុយ​រូ​ហ្គា​យ

បើ​និយាយ​ពី​បទ​ពិសោធន៍​នៅ World Cup អ៊ុយ​រូ​ហ្គា​យ​គឺ​មាន​ឫសគល់​ជ្រៅ​ជាងគេ ព្រោះ​ប្រទេស​​នេះ​ធ្វើ​ម្ចាស់ផ្ទះ​ដំបូង​បំផុត​អំឡុង​ពេល​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​នៅ​ឆ្នាំ​១៩៣០ ហើយ​ពេល​នោះ​ពួក​គេ​ក៏​ជា​អ្នក​លើក​ពាន​ផង​ដែរ ។ ខ្សែប្រយុទ្ធ​ឆ្នើម​ទាំង​ពីរ Cavani និង Suarez ដែល​កំពុង​លេង​នៅ​ក្លិប​ផ្សេង​គ្នា​នឹង​ក្លាយជា​ទ័ព​មុត​ស្រួច​បំផុត​សម្រាប់​ជ្រោមជ្រែង​ក្រុម​ជម្រើសជាតិ​ពួក​គេ ។

វា​ជា​ការ​បង្ហាញខ្លួន​លើក​ទី​១៣​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​អ៊ុយ​រូ​ហ្គា​យ​ធ្លាប់​បាន​ឈ្នះ​ពាន​ជើងឯក​ពីរ​លើក​អំឡុង​ឆ្នាំ​១៩៣០ និង​១៩៥០ ក្នុង​ចំណោម​ការ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​៥​លើក​(​ជើងឯក​រង​ឆ្នាំ​១៩៥៤, ១៩៧០ និង​២០១០) ។ វត្តមាន​ចុង​ក្រោយ​នៅ ​World Cup ឆ្នាំ​២០១៤ ក្រុម​ដែល​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ​មិន​បាន​ឆ្លងផុត​វគ្គ​១៦​ក្រុម​នោះ​ទេ បន្ទាប់​ពី​ចាញ់​កូ​ឡុំ​ប៊ី ។ ពួក​គេ​ទើបតែ​ចាញ់​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម​៥​ប្រកួត​ចុង​ក្រោយ ដោយ​ឈ្នះ​៣ ស្មើ​១ និង​ចាញ់​១ ។

វិភាគ ៖ សមត្ថភាព​ក្រុម​ទាំង​៤​ក្នុង​ពូ​ល A នេះ ប្រហាក់ប្រហែល​គ្នា​ច្រើន ប៉ុន្តែ​រុ​ស្ស៊ី និង​អ៊ុយ​រូ​ហ្គា​យ​ត្រូវ​បាន​គេ​វាយតម្លៃ​កម្រិត​មួយ​ផ្សេង​។ រុ​ស្ស៊ី​នឹង​លេង​ដោយ​ទំនុកចិត្ត​ខ្ពស់​លើ​ទឹកដី​ខ្លួនឯង ស្រប​ពេល​ដែល​អ្នកគាំទ្រ​ដ៏​ច្រើន​របស់​ខ្លួន​ចូលរួម​ផង​នោះ វា​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​កម្លាំងចិត្ត​ពុះពារ​កាន់តែ​ខ្លាំង ។

យ៉ាងណាមិញ អេ​ហ្ស៊ី​ប​នៅ​តែ​ជាស​ត្រូវ​ដ៏​គួរ​ឱ្យ​ខ្លាច​ចំពោះ​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី​ក្នុង​ការ​ដណ្តើម​កៅអី​លេខ​២ ព្រោះ​ជំហាន​បោះពួយ​មុន​ពួក​គេ​ឡើង​ដល់​វគ្គ​នេះ គឺ​ពិតជា​ខ្លាំង និង​មាន​កីឡាករ​ល្អ​ច្រើន​ជាង​មុន ។

រីឯ​អ៊ុយ​រូ​ហ្គា​យ ដែល​សំបូរ​ទៅ​ដោយ​កីឡាករ​ឆ្នើម​ច្រើន​រូប រួម​ទាំង​បទ​ពិសោធន៍​ចាស់វស្សា​នៅ World Cup ផង​នោះ នឹង​ធ្វើ​ឱ្យ​ពួក​គេ​មិន​ពិបាក​ប្រជែង​ពិន្ទុ​នៅ​វគ្គ​នេះ​ទេ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈរ​នៅ​កំពូល​តារាង​ទៀត​ផង ។ ចំពោះ​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ មាន​សង្ឃឹម​តិចតួច​ណាស់​ថា​នឹង​អាច​ដណ្តើម​បាន​កៅអី​លេខ​២​ក្នុង​ពូ​ល ។

តើ​ប្រិ​យ​មិត្ត​មាន​យោបល់​យ៉ាងណា​ដែរ? តើ​ក្នុង​ពូ​ល​នេះ​ក្រុម​មួយ​ណា​ជា​ក្រុម​សំណព្វចិត្ត
របស់​​ប្រិ​យ​មិត្ត?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ