ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប៉ែក​ខាងកើត​រាជធានី កំពុង​អភិវឌ្ឍន៍​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្លូវជាតិ​លេខ​១ ត្រូវ​បាន​ស្ថាបនា​ជួសជុល​ឡើង​វិញ​យ៉ាង​ស្អាត​ល្អ​ហើយ​នោះ ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ឋាន​កំពុង​ងាក​ទៅ​ប៉ែក​ខាង​កើតជា​បណ្ដើរ​ៗ ជា​ពិសេស​ចន្លោះ​ផ្លូវជាតិ​លេខ​១ និង​ដង​ទន្លេ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​សក្ដានុ​ពល​ខ្ពស់ សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ប្រណីត​ដែល​មាន​តម្លៃ​ខ្ពស់​ចាប់ពី​រាប់​សិប​ម៉ឺន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្លូវជាតិ​លេខ​១ ត្រូវ​បាន​ស្ថាបនា​ជួសជុល​ឡើង​វិញ​យ៉ាង​ស្អាត​ល្អ​ហើយ​នោះ ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ឋាន​កំពុង​ងាក​ទៅ​ប៉ែក​ខាង​កើតជា​បណ្ដើរ​ៗ ជា​ពិសេស​ចន្លោះ​ផ្លូវជាតិ​លេខ​១ និង​ដង​ទន្លេ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​សក្ដានុ​ពល​ខ្ពស់ សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ប្រណីត​ដែល​មាន​តម្លៃ​ខ្ពស់​ចាប់ពី​រាប់​សិប​ម៉ឺន រហូត​ដល់​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​លោក សេ​រ៉ា​ស់ សាត់​ធឹ​ន នាយក​ក្រុមហ៊ុន​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ Century 21st បាន​ឲ្យ​ដឹង​ថា តំបន់​ប៉ែក​ខា​កើត​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ចន្លោះ​ផ្លូវជាតិ​លេខ​១ និង​ដង​ទន្លេ គឺជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​លំនៅ​​ឋាន​ទំនើប ស៊ី​វិ​ល័យ និង​ផ្ទះ​លំហែកាយ​សម្រាប់​អ្នកមាន​ចំណូល​ខ្ពស់ ក្នុង​ការ​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍ ឬ​ស្នាក់​នៅ​សម្រាប់​លំហែកាយ ។ លោក​ថា ៖« តំបន់​នេះ វា​មាន​ទេសភាព​ស្រស់​ស្អាត នៅ​ជាប់មាត់​ទន្លេ ដែល​អាច​មើល​ទេសភាព​នៅ​មាត់ទន្លេ​បាន​យ៉ាង​ច្បាស់ ហើយ​អាច​ស្រូប​យក​ខ្យល់អាកាស​ដ៏​ល្អ​បាន​ទៀត​ផង »​។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន​នេះ យើង​មើលឃើញ​គម្រោង​ធំ​ៗ​មួយ​ចំនួន បាន​ចូល​មក​អភិ​វឌ្ឍន៍​ជា​លំនៅ​ឋាន​សម្រាប់​លំហែកាយ និង​លំនៅ​ឋាន​ទំនើប​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដល់​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​ចូល​មក​អភិវឌ្ឍន៍​នៅ​ក្នុង​តំន់​នោះ នឹង​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ជា​ពិសេស​តម្លៃ​ដីធ្លី​កើនឡើង​ខ្ពស់​បន្ថែម​ទៀត »​។

លោក ប៉ូ អ៊ា​វ​គង់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ Advance ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា បើ​មើល​ពី​ចរន្ត​នៃ​ការ​អភិវឌ្ឍ​ទៅ​តំបន់​នោះ គេ​ឃើញ​មាន​គម្រោង​លំនៅ​ឋាន​ជា​ច្រើន​បាន​បាញ់​ឆ្ពោះទៅ​ទីនោះ ។ លោក​ថា ៖« កាលពីមុន តំបន់​នោះ​គេ​ឃើញ​មាន​បុរី​លំនៅ​ឋាន​មួយ​ចំនួន បាន​អភិវឌ្ឍន៍ តែ​មិនសូវ​ជា​ច្រើន​ទេ ប៉ុន្តែ​ចាប់តាំងពី​ផ្លូវជាតិ​លេខ​១​បាន​ចាប់ផ្ដើម​ស្ថាបនា ជួសជុល​ឡើង​វិញ​រួច ក៏​មាន​វិនិយោគិន​ផ្សេង​ទៀត​បាន​ចូល​ទៅ​អភិ​វឌ្ឍន៍ ដោយ​បាន​បន្ថែម​ការ​ផ្គត់ផ្គង់​លំនៅ​ឋាន និង​វិនិយោគ​ទៅ​លើ​វិស័យ​ធនាគារ មន្ទីរពេទ្យ សាលា​អន្តរជាតិ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម » ។

លោក ឌឹ​ត ច​ណ្ណា បាន​លើក​ឡើង​ផង​ដែរ​ថា តំបន់​ភាគ​ខាងកើត​នេះ វា​កំពុង​មាន​សក្ដានុ​ពល​មែន​សម្រាប់​លំនៅ​ឋាន ។ ជាក់ស្ដែង​ដូច​បានឃើញ​ស្រាប់​ហើយ មាន​បុរី​ជា​ច្រើន​កំពុង​អភិវឌ្ឍន៍​នៅ​ទីនោះ ដូច​ជា បុរី​ប៉េង ហួត និង​បុរី​មួយ​ចំនួន​ទៀត ។ លោក​ថា ៖« បើ​គិត​មែនទែន​ទៅ តំបន់​មួយ​នេះ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​កាល​ពី​មុន ដោយសារ​តែ​ស្ថានភាព​ផ្លូវ​នៅ​ចង្អៀត មានការ​កកស្ទះ ទើប​មិនសូវ​មានការ​ចាប់​អារម្មណ៍​ខ្លាំង តែ​នៅ​ពេល​ផ្លូវជាតិ​លេខ​១​បាន​ជួសជុល​និង​ស្ថាបនា​ថ្មី​រួច ឃើញ​ថា ការ​ធ្វើ​ដំណើរ​​មាន​ភាព​ងាយស្រួល​ជាង​មុន និង​លឿន​ជាង​មុន ដែល​ធ្វើ​ឲ្យ​កា​រត​ភ្ជាប់​ទំនាក់​ទំនង​រវាង​ទីក្រុង​ទៅ​តំបន់​នោះ ប្រើ​ពេល​តិច ដូចនេះ​ហើយ​ទើប​មាន​ពលរដ្ឋ​ចាប់​អារម្មណ៍​ច្រើន​ទៅ​រស់នៅ​តំបន់​នេះ »​។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​លើក​ឡើង​កន្លង​មក​ដែរ​ថា បើ​និយាយ​ពី​ដីធ្លី​នៅ​តំបន់​នោះ​វិញ កាលពីមុន​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍ និង​ចង់បាន​ប៉ុន្មាន​ទេ ហើយ​តម្លៃ​ក៏​នៅ​ទាប​ដែរ ប៉ុន្តែ​ពេល​នេះ​វិញ តម្លៃ​​នៅ​តំបន់​នោះ​មិនបាច់​និយាយ​ទេ គឺ​បាន​ឡើង​ដល់​ខ្ទង់ពាន់​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ​​ក្នុង​១​ម៉ែត្រការ៉េ ហើយ​សឹងតែ​រក​ដី​ទិញ​មិន​បាន​ផង ព្រោះ​មាន​គេ​ដណ្ដើម​ទិញ​អស់ហើយ​សម្រាប់​អភិវឌ្ឍន៍​គម្រោង​របស់​ពួក​គេ ។

បច្ចុប្បន្ន​នេះ នៅ​តំបន់​ប៉ែក​ខាងកើត មាន​គម្រោង​ធំ​ៗ​មួយ​ចំនួន កំពុង​អភិវឌ្ឍន៍​ដូច​ជា​គម្រោង The Palm ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក អភិវឌ្ឍន៍​លំនៅ​​ឋាន​ប្រណីត និង​គម្រោង​មួយទៀត​ដែល​អភិវឌ្ឍន៍​ស្រ​ដៀង​គ្នា​នេះ​ដែរ បាន​ប្រកាស​​វិនិយោគ​ជា​ផ្លូវការ​ដើម្បី​ផ្គត់ផ្គង់​លំនៅ​ឋាន​ស៊ី​វិ​ល័យ និង​ទំនើប​ដល់​ប្រជាជន​កម្ពុជា​​ដែល​មាន​ទ្រព្យធន​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ