ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដីធ្លី​នៅ​ខណ្ឌ​សែន​សុខ​ហក់​ឡើង​លឿន ស្ទើរ​មិន​គួរ​ឱ្យ​ជឿ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណ្ឌ​សែន​សុខ បាន​ក្លាយជា​តារា​រះ​ថ្មី​មួយទៀត​ក្នុង​ចំណោម​ខណ្ឌ​សក្ដានុ​ពល​សេដ្ឋកិច្ច​នៃ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ សម្រុក​ទៅ​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅ​ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ខណ្ឌ​នេះ ហក់​ឡើង​យ៉ាង​ឆាប់រហ័ស…

រាជធានី​ភ្នំពេញ ៖ ខណ្ឌ​សែន​សុខ បាន​ក្លាយជា​តារា​រះ​ថ្មី​មួយទៀត​ក្នុង​ចំណោម​ខណ្ឌ​សក្ដានុ​ពល​សេដ្ឋកិច្ច​នៃ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ សម្រុក​ទៅ​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅ​ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ខណ្ឌ​នេះ ហក់​ឡើង​យ៉ាង​ឆាប់រហ័ស ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ។

បើ​តាម​លោកស្រី តាំង ហួរ អគ្គ​នាយិកា​ក្រុមហ៊ុន AMATAK Property service Co., Ltd. បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ម្សិលមិញ​ថា ខណ្ឌ​សែន​សុខ​កំពុង​មាន​ការ​​រីក​ចម្រើន​យ៉ាង​លឿន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​នានា​ដូច​ជា ហាង​កាហ្វេ​ល្បីៗ សណ្ឋាគារ ធនាគារ ភោជនីយដ្ឋាន បុរី​លំនៅ​ឋាន​ប្រណីត និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត ។

លោកស្រី​បន្ត​ថា ក្នុង​ចំណោម​សង្កាត់​នៅ​ក្នុង​ខណ្ឌ​នេះ សង្កាត់​ភ្នំពេញ​ថ្មី​មានការ​រីក​ចម្រើន​​លឿន​ជាងគេ ដោយសារ​វត្តមាន​បុរី​លំនៅ​ឋាន​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម គួប​ផ្សំ​នឹង​សណ្ឋាន​ដី​មាន​ភាពល្អ​ប្រសើរ ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ ។

លោកស្រី​ថា ៖« ខ្ញុំ​សង្កេត​ឃើញ​ការ​រ​រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ខណ្ឌ​នេះ​មាន​ភាព​ល្អ​ប្រសើរ ដោយ​មាន​ផ្លូវ​ធំ​ៗ និង​ទូលាយ ទើប​ធ្វើ​ឲ្យ​គម្រោង​អភិវឌ្ឍន៍ និង​សកម្មភាព​ពាណិជ្ជកម្ម​រីក​ចម្រើន​ខ្លាំង​នៅ​តំបន់​នេះ » ។ លោកស្រី​បន្ត​ថា ៖« តម្លៃ​ដី​នៅ​ក្នុង​ខណ្ឌ​នេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង ដោយ​ហក់​ឡើង​តំបន់​ខ្លះ​ពី​២០​ទៅ​៣០% និង​តំបន់​ខ្លះ​ទៀត​កើន​ខ្ពស់​ជាង​នេះ »​។

ខណ្ឌ​ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម​ធំ​ៗ​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ពី​មុន​មក​គេ​សម្គាល់​​ឃើញ​តែ​បួន​ប៉ុណ្ណោះ រួម​មាន​ខណ្ឌចំការមន​, ខណ្ឌដូនពេញ​, ខណ្ឌ​៧​មក​រា និង​ខណ្ឌទួលគោក ប៉ុន្ដែ​ពេល​នេះ ខណ្ឌ​សែន​សុខ​កំពុង​ក្លាយជា​តារា​រះ​ថ្មី​មួយទៀត ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម​ច្រើន​ប្រហាក់ប្រហែល​ខណ្ឌ​ទាំង​បួន​ផង​ដែរ ។

ការ​បង្ហាញ​វត្តមាន​ផ្សារ​ទំនើប MAKRO, AEON MALL 2 ព្រមទាំង​បុរី​លំនៅ​ឋាន បាន​ធ្វើ​ឲ្យ​ខណ្ឌ​នេះ​កាន់តែ​មាន​សកម្មភាព​រស់​រវើក​លើ​ផ្នែក​ពាណិជ្ជកម្ម ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ថា ខណ្ឌ​សែន​សុខ​ពិតជា​មានការ​រីក​ចម្រើន​លឿន ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ជា ទី​១ ការ​មាន​សណ្ឋាន​ដី​ល្អ និង​មិន​មាន​រោងចក្រ សហគ្រាស​ដែល​បំពុល​ផ្សែង​ដល់​ប្រជា​ពល​រដ្ឋ​។ ទី​២ កំណើន​ប្រជាសាស្ត្រ​យ៉ាង​ឆាប់រហ័ស ។ ទី​៣ ការ​កើនឡើង​នូវ​សកម្មភាព​ពាណិជ្ជកម្ម ផ្សារ​ទំនើប សាលារៀន ធនាគារ និង​ទ​៤ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខណ្ឌ​នេះ​មាន​ភាពល្អ​ប្រសើរ ។

លោក​បន្ត​ថា ៖« ភាព​ទាក់ទាញ និង​កត្តា​ទាំង​អស់នេះ បាន​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ខ្ពស់ ។ ជាក់ស្តែង​ដី​នៅ​តំបន់​ផ្សារ​ទំនើប​AEON MALL 2, ផ្សារ​MAKRO ពី​មុន​មក​តម្លៃ​ត្រឹម​ចន្លោះ​១០០​ទៅ​២០០​ដុល្លារ​ទេ ប៉ុន្ដែ​បច្ចុប្បន្ន​ដី​នៅ​តំបន់​នេះ​បាន​កើន​ដល់​ចន្លោះ​៨០០​ទៅ​១.៥០០​ដុល្លារ​ទៅ​ហើយ ក្នុង​១​ម៉ែត្រការ៉េ »​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ L. Vibol Realty (Cambodia) លោក ឡាំ វិបុល បាន​មាន​ប្រសាសន៍​ស្រ​ដៀង​គ្នា​ទាក់ទង​នឹង​ការ​រីក​ចម្រើន​លើ​វិស័យ​លំនៅ​ឋា និង​មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម​នៅ​តំបន់​នេះ ដោយ​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​អ្នកឧកញ៉ា​ម៉ុង ឫ​ទ្ធី និង​ផ្លូវ​លេខ​១០០៣ ភ្ជាប់​ជាមួយ​ផ្លូវ​ហាណូយ កើនឡើង​ដល់​តម្លៃ​ចន្លោះ​ពី​១.៥០០​ទៅ​២.៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។

លោក​បន្ត​ថា ៖« តំបន់​នេះ កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ហើយ​តម្លៃ​ដីធ្លី នឹង​កើនឡើង​បន្ថែម​ទៀត​នា​ពេល​អនាគត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ