ខេត្តបន្ទាយមានជ័យ ៖ ការបង្ហោះព័ត៌មានគួរឱ្យភ្ញាក់ផ្អើលតាមបណ្តាញហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី0១ មិថុនា គឺជារឿងប្រឌិតមួយដែលនិយាយពីផ្ទះដែលគេទុកចោលមួយថា មានខ្មោចលង ឬជាផ្ទះខ្មោច ។ តើការពិតបែបណានោះ កោះសន្តិភាពបានបញ្ជូនអ្នកយកព័ត៌មានរបស់យើងទៅកាន់ផ្ទះនោះ ដើម្បីស្វែងរកការពិត ។
ដោយសារតែសម័យបច្ចេកវិជ្ជាទំនើប អ្វីៗមិនអាចលាក់បាំងបានឡើយ ប៉ុន្តែមានពេលខ្លះព័ត៌មាន ដែលទទួលបានតាមរយៈបណ្តាញសង្គម ក៏អាចជារឿងប្រឌិត បើមិនមានប្រភពផ្តល់ព័ត៌មានច្បាស់លាស់ ហើយការបង្ហោះផ្សាយនោះ មិនមានវិជ្ជាជីវៈ និងខ្វះស្មារតីទទួលខុសត្រូវ គឺច្រើនតែប្រឌិតមួលបង្កាច់ក៏មាន
ដែរ ។
ករណីផ្ទះ១ខ្នង ស្ថិតនៅក្បែរវត្តស្ទឹងបត់ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលថ្មីៗនេះមានអាក់ខោនហ្វេសប៊ុកមួយបង្ហោះថា ជាផ្ទះទុកចោល ហើយសូម្បីអ្នកស្រុក ក៏មិនហ៊ានដើរឆ្លងកាត់ ព្រោះមានខ្មោចលងនោះ ទីបំផុតមិនមែនជាការពិតឡើយ ។ ជួបសម្ភាសន៍ជាមួយអ្នកស្រុកដែលមានផ្ទះនៅម្ខាងផ្លូវទល់មុខនឹងផ្ទះនេះ បានបញ្ជាក់ថា ព័ត៌មានខាងលើនោះ ជារឿងមិនពិត ។
អ្នកស្រី សារុន ប៊ុនថង អាយុ២៥ឆ្នាំ មានកូនប្រុសម្នាក់អាយុ៦ឆ្នាំ មានរបរលក់គ្រឿងទេស រស់នៅជាមួយឪពុកឈ្មោះ បាន ពង្រៀ អាយុ៤៥ឆ្នាំ ម្តាយឈ្មោះ ខាំ សុភី អាយុ៤៣ឆ្នាំ បានអះអាងថា គ្រួសារនាងរស់ នៅចំណុចទល់មុខផ្ទះនោះជាង១០ឆ្នាំមកហើយ គឺផ្ទះខាងលើពុំដែលឃើញមានអ្វីគួរឲ្យខ្លាចដូចគេបង្ហោះក្នុងបណ្តាញសង្គមនោះឡើយ ។
អ្នកស្រី លីម ឆេងហុង អាយុ៤៨ឆ្នាំ ជាភរិយាលោក ឃួន ទ្រី អាយុ៥០ឆ្នាំ មន្ត្រីយោធានិងជាមេក្រុមទី១ ក្នុងភូមិស្ទឹងបត់ បានប្រាប់ «កោះសន្តិភាព» ម្សិលមិញថា គ្រួសារគាត់និងគ្រួសារអ្នកលក់គ្រឿងទេសខាង លើរស់នៅទីនោះជាង១០ឆ្នាំហើយ ទាំងគ្រួសារគាត់និងគ្រួសារខាងលើកន្លងមកធ្លាប់ទៅដេកផ្ទះនោះនៅពេលមានទឹកជំនន់ពីថៃលិចលង់ភូមិនិងផ្ទះសម្បែងម្តងៗ ។ អ្នកស្រីឱ្យដឹងថា ដំបូងឡើយម្ចាស់ផ្ទះនោះគេមានផ្ទះ២កន្លែងចម្ងាយពីគ្នាមិនដល់១០០ម៉ែត្រ ប៉ុន្តែផ្ទះមួយកន្លែងទៀតជាផ្ទះឈើលើថ្មក្រោមត្រូវភ្លើងឆេះអស់ ម្ចាស់ផ្ទះនេះក៏បានរើអីវ៉ាន់មករស់នៅផ្ទះនេះ ។
ក្រោយមកម្ចាស់ផ្ទះបានលក់ដី និងផ្ទះឲ្យទៅអ្នកផ្សេង ជាបន្តបន្ទាប់រហូតពួកគាត់ ក៏មិនស្គាល់ថាម្ចាស់ផ្ទះថ្មីនេះជានរណាដែរ ។ អ្នកស្រីថា ផ្ទះខាងលើគ្មានខ្មោចលងអ្វីឡើយ ទោះបីប្រៀបដូចជាផ្ទះបោះបង់ចោលក្តី ប៉ុន្តែអ្វីដែលអ្នកភូមិនិយាយនោះ គឺផ្ទះខាងលើធ្វើដំបូលដូចមឈូស ឬផ្នូរខ្មោចតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ